ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានបញ្ចេញរបាយការណ៍ថា ការនាំចេញអង្កររបស់កម្ពុជាក្នុងខែមករា ឆ្នាំ ២០១៩ មានបរិមាណ ជិត ៦ពាន់តោន ថយចុះ ៥ ភាគរយ ដោយបាននាំចេញទៅកាន់ទីផ្សារគោលដៅ ៣៥ ប្រទេស បើធៀបនឹងខែមករា ឆ្នាំ ២០១៨ ការនាំចេញមានរហូត ជាង ៦ពាន់តោនឯណោះ។
អ្នកជំនាញបានធ្វើការអះអាងថា ការនាំចេញអង្ករកម្ពុជានៅឆ្នាំនេះ កំពុងជួបនឹងបញ្ហាប្រឈមផងដែរ ដោយសារតែ សហគមន៍អឺរ៉ុបបានកំណត់យកពន្ធអង្ករនាំចេញពីកម្ពុជារយៈពេល ៣ ឆ្នាំ ដោយឆ្នាំដំបូងតម្រូវឲ្យបង់ពន្ធ ២០០ ដុល្លារក្នុង ១ តោន ឆ្នាំទី២ ចំនួន ១៧០ ដុល្លារ និងឆ្នាំទី៣ ចំនួន ១៤២ ដុល្លារ។ អង្ករកម្ពុជាក៏អាចប្រឈមនឹងបញ្ហាមួយទៀត ទាក់ទងនឹងទីផ្សារអឺរ៉ុបផងដែរ បើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបានព្យួរនោះ។
ការដែលគណៈកម្មការអឺរ៉ុប កំណត់ដកហូតពន្ធលើ អង្ករនាំចូលពីប្រទេសកម្ពុជានឹងធ្វើប៉ះពាល់ដល់តម្លៃអង្ករកម្ពុជា នៅលើទីផ្សារអង្ករអន្តរជាតិនេះ ខាងសហព័ន្ធស្រូវអង្ករកម្ពុជាធ្លាប់បានអះអាងថា ការសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ ហាក់បីដូចជាឆាប់រហ័សបន្តិច សម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួនប្រកួតប្រជែងនៅលើទីផ្សារ ក៏ប៉ុន្តែ វាមិនបានបិទផ្លូវកម្ពុជា ឲ្យដួលនោះទេ គ្រាន់តែទាមទារឲ្យ កម្ពុជា ពង្រឹងសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត ប៉ុណ្ណោះ។
សូមជម្រាបថា តាមរបាយការណ៍ពីគណៈកម្មការអឺរ៉ុប ក្នុងមួយឆ្នាំៗ កម្ពុជានាំចូលអង្ករទៅសហភាពអឺរ៉ុបមានជាមធ្យមប្រមាណ ជាង ២០ម៉ឺនតោន ហើយអឺរ៉ុបក៏ជាទីផ្សារធំមួយរបស់ វិស័យស្រូវអង្ករកម្ពុជាផងដែរ។
យោងតាមទិន្នន័យពីក្រសួងកសិកម្មកម្ពុជាបានបង្ហាញថា
ក្នុងពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ៥០ ទទួលបានសិទ្ធិនាំចេញអង្ករទៅទីផ្សារក្រៅប្រទេស
ក្នុងនោះការនាំចេញទៅប្រទេសចិនឈរលំដាប់ទី១ ដែលមានបរិមាណនាំចេញជាង ១ម៉ឺន
៧ពាន់តោន បារាំងលេខ២ ជាមួយបរិមាណជាង ៩ពាន់តោន និងលេខ៣ ប្រទេសម៉ាឡេស៊ី ជាង
៥ពាន់តោន៕