ការហោះហើរត្រង់​ហ្វ៊ីលីពិន-កម្ពុជា

អាកាសចរណ៍​ហ្វីលីពីន ​នឹង​ហោះ​ហើរ​ត្រង់​មក​កម្ពុជា​ប្រជែង​នឹង​ក្រុមហ៊ុន​ថៃ


ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែរឡាញ (Philippine Airlines) ប្រកាស​ដំណើរការ​ការ​ហោះហើរ​ត្រង់​មក​កាន់កម្ពុជា ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៩។ ជើង​ហោះហើរ​នេះ នឹង​ចាប់​ផ្តើម​ហោះ ៥​ជើង ទៅ​មក ក្នុង​១​សប្ដាហ៍ រៀងរាល់​ថ្ងៃ​ចន្ទ អង្គារ សុក្រ និង សៅរ៍ ផ្តើម​លក់​សំបុត្រ​ក្នុង​តម្លៃ ១៦០​ដុល្លារ​ឡើង​ទៅ។
អាកាសចរណ៍​ហ្វីលីពីន ​នឹង​ហោះ​ហើរ​ត្រង់​មក​កម្ពុជា​ ចាប់ពីខែមេសា ឆ្នាំ២០១៩ តទៅ។
ដោយ

នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ហ្វីលីពីន អ៊ែរឡាញ លោក Ryan T Uy មាន​ប្រសាសន៍​ថា គម្រោង​ហោះហើរ​ត្រង់​ទៅ​មក ម៉ានីល-ភ្នំពេញ​នេះ ធ្វើឡើង​ស្រប​ពេល​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នឹងនរ ព្រមទាំង​មាន​កំណើន​ជិត ៧​ភាគរយ ជា​ប្រចាំ។ 

លោក​ពន្យល់​ថា ការហោះហើរ​ត្រង់​នេះ​ក៏​នឹង​រួមចំណែក​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ពិសេស​ក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​ជំនួញ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ចង់​ឱ្យ​ហ្វីលីពីន ដើរ​តួនាទី​ជំនួស​ក្រុមហ៊ុន​ថៃ ដែល​ចំណេញ​យ៉ាង​ច្រើន​ពី​អ្នក​ដំណើរ​កម្ពុជា ដែល​ភាគច្រើន​លើស​លប់​​​ទៅ​ផ្លាស់​ប្ដួរ​ជើង​ហោះហើរ​នៅ​​ស្រុក​ថៃ។

លោក​បញ្ជាក់​ថា៖  «​កន្លង​ទៅ អ្នក​ដំណើរ​ពី​កម្ពុជា​ដែល​ចង់ទៅ​អាមេរិក​ខាង​ជើង កាណាដា ណូវែលសឺឡង់ អូស្ត្រាលី ត្រូវ​ជិះយន្ដហោះ​ទៅ​ចាំ​នៅ​ប្រទេស​ថៃ​ពី ៥ ទៅ ៦​ម៉ោង​ទម្រាំ​ឡើង​ទៅ​ប្រទេស​ទី៣ រួច​បង្ហើយ​ដំណើរ​ទៅកាន់​ទី​គោលដៅ។ ប៉ុន្តែ ចាប់ពី​ខែ​មេសា តទៅ អ្នក​ដំណើរ​ទាំង​អស់​នោះ នឹង​ចំណេញ​ពេល​វេលា ដោយ​ជិះយន្តហោះ​របស់​ក្រុមហ៊ុន​ហ្វីលីពីន​អ៊ែរឡាញ តែម្តង»។

បច្ចុប្បន្ននេះ កម្ពុជា​មាន​ជើងហោះហើរ​ត្រង់​ទៅ​កាន់​ប្រទេស​មួយ​ចំនួន លើ​សកលលោក រួមមាន ៖ វៀតណាម ឡាវ  ថៃ មីយ៉ាន់ម៉ា សង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ហុងកុង ចិន បារាំង  ឥណ្ឌា។ល។ កម្ពុជា ក៏គ្រោង​បើក​ជើង​ហោះហើរ​ត្រង់​ទៅ​មក​ជាមួយ​ប្រទេស​តួរគី ទៀត​ផង។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា កាលពី​ចុង​ឆ្នាំ​២០១៨ ប្រកាសថា កម្ពុជា​ស្វាគមន៍​គម្រោង​ហោះ​ត្រង់​ទៅ​ត្រង់​មក​ជាមួយ​ប្រទេស​ជាមិត្ត លើ​សកលលោក​ដើម្បី​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​និង​ទេសចរណ៍។ សម្តេច​បញ្ជាក់​ថា កម្ពុជា​សន្យា​​ធានា​ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​បើក​ផ្លូវ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​មក​រកស៊ី ពិសេស បង្កើត​ដំណើរ​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា។

ក្រុមហ៊ុន អាកាសចរណ៍ ហ្វីលីពីន អ៊ែរឡាញ បង្កើត​ឡើង​ឆ្នាំ​១៩៤១។ ក្រុមហ៊ុន​នេះ​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ផ្កាយ​៤ ដឹក​អ្នកដំណើរ​ប្រចាំ​ប្រមាណ​៣៥​លាន​នាក់​នៅទូទាំង​សកលលោក។ ក្រុមហ៊ុននេះ បានដំណើរការហោះហើរទៅកាន់ប្រទេសចំនួន៤១លើសកលលោក និង ៣៦ជើងហោះហើរក្នុងស្រុក ដោយប្រើប្រាស់យន្តហោះសរុប៩៧គ្រឿង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័ន​វិភាគ​អន្តរជាតិ​ថា កម្ពុជា​ទំនង​មិន​ឆ្លើយតប​នឹង​សម្ពាធ​ពី​សហភាព​អឺរ៉ុប ហើយ​ខិត​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ចិន

ព័ត៌មាន
ថ្វី​បើ​មាន​ការ​គាប​សង្កត់​កាន់​តែ​ខ្លាំង​ឡើង​ពី​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ក៏​ដោយ ស្ថាប័ន​វិភាគ​អន្តរជាតិ​មួយ បាន​រំពឹង​ថា ស…

ការនាំចេញអង្ករកម្ពុជា ដាំក្បាលចុះ បន្ទាប់ពីអឺរ៉ុបកំណត់ដកហូតពន្ធនាំចូលទីផ្សារអឺរ៉ុប!

ព័ត៌មាន
ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ១ខែដំបូងឆ្នាំ២០១៩ គឺជាឆ្នាំដែលគណៈកម្មការអឺរ៉ុប បានសម្រេចជាផ្លូវការក្នុងការកំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ