ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ប្រាប់ខេមបូណូមីសថា មូលហេតុដែលធ្វើឲ្យការនាំចេញកៅស៊ូទៅកាន់ទីផ្សារបរទេសមានការកើនឡើងជាង ៧% នៅរយៈពេល ៦ ខែ ឆ្នាំ ២០២១នេះ ដោយសារការចៀរជ័រនៅចម្ការកៅស៊ូ និង ផ្ទៃដីដាំកៅស៊ូបានកើនឡើង ដែលបានធ្វើឲ្យទិន្នផលកៅស៊ូបានបន្តកើនឡើងដែរ ដែលជំរុញឲ្យការនាំចេញកៅស៊ូនៅ៦ខែដើមឆ្នាំនេះសម្រេចបានជាង១៣ម៉ឺនតោន ដោយមានទឹកប្រាក់ប្រមាណជាង២២០លានដុល្លារអាមេរិក ។
ឯកឧត្តម ហ៊ឹម អូន បញ្ជាក់បន្ថែមទៀតថា ចំពោះទីផ្សារនាំចេញកៅស៊ូ កម្ពុជានៅតែពឹងផ្អែកលើទីផ្សារអាស៊ី មួយចំនួន ដូចជា ចិន ម៉ាឡេស៊ី វៀតណាម សិង្ហបុរីជាដើម។
ថ្មីៗនេះដែរ ក៏មានក្រុមហ៊ុនចិនមួយចំនួនបាននិងកំពុងវិនិយោគលើរោងចក្រផលិតសំបកកង់យានយន្ដនៅកម្ពុជាផងដែរ ដែលវាឱកាសល្អមួយទៀតសម្រាប់ជ័រកៅស៊ូកម្ពុជា ដ្បិតថារោងចក្រទាំងនោះ នឹងមានការបញ្ជាទិញជ័រកៅស៊ូក្នុងស្រុកសម្រាប់ការផលិតសំបកកង់យានយន្ដរបស់ខ្លួន។
តួយ៉ាង ក្រុមហ៊ុនចិន Cart Tire នៅដើមឆ្នាំ២០២១នេះ បានសម្រេចបណ្ដាក់ទុនវិនិយោគនៅកម្ពុជា បង្កើតរោងចក្រផលិតសំបកកង់យានយន្ដតម្លៃដល់ទៅ ៣៥០លានដុល្លារ នៅក្នុងខេត្តស្វាយរៀង។ បើតាមការអះអាងពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនចិនធំមួយនេះ ក៏មានផែនការនឹងបញ្ជាទិញជ័រកៅស៊ូក្នុងស្រុក ១០០% សម្រាប់បម្រើដល់ចង្វាក់ផលិតកម្មរោងចក្ររបស់ខ្លួនផងដែរ។
ក្រៅពីនេះ ក៏មានក្រុមហ៊ុនចិនធំមួយទៀត ឈ្មោះថា ជាំងស៊ូ ចេន័រ៉ល សាយអិន ថិកណូឡូជី (Jiangsu General Science Technology) ថ្មីៗនេះ ក៏បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគតម្លៃជាង ២០០លានដុល្លារសង់រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តព្រះសីហនុផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ European Rubber Journal។ រោងចក្រនេះ គ្រោងចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំនេះ ហើយអាចរួចរាល់ ឆ្នាំ២០២២។
ទាក់ទងនឹងការគម្រោងរោងចក្រផលិតសំបកកង់យានយន្ដនេះដែរ ឯកឧត្តម ហ៊ឹម អូន បានគូសបញ្ជាក់ថា កម្ពុជា គឺមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូសម្រាប់រោងចក្រទាំងនេះ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដី ដាំដុះកៅស៊ូ សរុបជាង៤០ម៉ឺនហិតា ដែលក្នុងនោះ ផ្ទៃដីចៀរជ័របានមានជិត ៣០ម៉ឺនហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំមានជាង១១ម៉ឺនហិកតា៕