ការបង្ហាញពីគោលដៅក្នុងការឈានទៅធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេសនេះ គឺនៅគ្រាដែលបច្ចុប្បន្នកម្ពុជាក៏បន្ដទទួលបានការអនុគ្រោះពន្ធ GSP ពីអង់គ្លេសផងដែរ ដែលការអនុគ្រោះពន្ធនេះ គឺបានជួយជាច្រើនសម្រាប់ការនាំចេញផលិតផលវាយនភណ្ឌកាត់ដេររបស់កម្ពុជា។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមការងារខេមបូណូមីសថា ទោះបីជាចក្រភពអង់គ្លេស បានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបទៅហើយក្តី ប៉ុន្តែទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអង់គ្លេសនៅតែរក្សាបានជាយ៉ាងល្អ ដោយអង់គ្លេសនៅតែបន្តផ្តល់ការអនុគ្រោះពន្ធ GSP ដល់កម្ពុជាដដែល។
ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេសមកកាន់កម្ពុជានាពេលថ្មីៗនេះ ក៏ជាការបង្ហាញថា ទំនាក់ទំនងរវាងកម្ពុជា និងអង់គ្លេសកាន់តែជិតស្និទ្ធិមួយកម្រិតទៀត ដោយរំពឹងថា នឹងឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានាពេលខាងមុខផងដែរ។
ក្រោយពីបានចាកចេញពីសហភាពអឺរ៉ុប ប្រទេសអង់គ្លេសនេះ ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្ដាប្រទេសជាច្រើនរួចហើយដែរ ក្នុងនោះ សម្រាប់ប្រទេសអាស៊ាន សិង្ហបុរី និងវៀតណាម គឺបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះជាមួយនឹងអង់គ្លេសរួចរាល់ហើយនិងទើបតែបានចូលជាធរមាននៅដើមឆ្នាំ២០២១នេះ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យ ថា ចក្រភពអង់គ្លេសនៅតែបន្តជួយដល់កម្ពុជា ដូចពេលដែលខ្លួននៅជាសមាជិករបស់សហភាពអឺរ៉ុបដែរ តាមរយៈការអនុគ្រោះពន្ធ និងកូតាដោយឥតគិតថ្លៃ។ជុំវិញការគម្រោងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជា និងអង់គ្លេសរបស់ក្រសួងពាណិជ្ជកម្មនេះដែរ ត្រូវបាន លោក កាំង ម៉ូនីកា បញ្ជាក់ថា ជារឿងល្អមួយ ពីព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានលក្ខណៈទូលំទូលាយជាងមុន ដែលគ្របដណ្តប់លើបញ្ហាជាច្រើនដូចជាវិធាននៃប្រភពដើមពាណិជ្ជកម្មទាំងទំនិញនិងសេវាកម្ម អនាម័យ និងការលើកកម្ពស់ការវិនិយោគការការពារនីតិវិធីគយ ការសម្របសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក និងមានយន្តការដោះស្រាយវិវាទផ្នែកកម្មសិទ្ធិបញ្ញា ជាដើម។
សូមបញ្ជាក់ថា បើតាមទិន្នន័យ ដែលមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានផ្តល់ឲ្យសារព័ត៌មានខេមបូណូមីស បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេស នៅក្នុងរយៈពេល៥ខែដើម ឆ្នាំ២០២១នេះ មានទំហំទឹកប្រាក់ប្រមាណជិត ២៦០លានដុល្លារអាមេរិក មានការធ្លាក់ចុះប្រមាណជាង១៧% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេសមានប្រមាណជាង ២៣០លានដុល្លារ ថយចុះជាង១៧% ខណៈ ដែលការនាំចូលមកវិញមានទំហំទឹកប្រាក់ប្រមាណជាង១៨លានដុល្លារ ថយចុះជិត១៧%ដូចគ្នាដែរ៕