ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានបញ្ជាក់នៅថ្ងៃទី ៦ ខែវិច្ឆិកានេះថា ការជួញដូរភាគហ៊ុនមានការធ្លាក់ចុះនាពេលនេះ គឺស្របគ្នាទៅនឹងស្ថានការនៃវិបត្តិជំងឺសកល បញ្ហាគ្រោះទឹកជំនន់ និងនៅប៉ុន្មានថ្ងៃចុងក្រោយនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ក្នុងនោះ គេសង្កេតឃើញថា ផ្សារភាគហ៊ុនៅកម្ពុជាមានការធ្លាក់ដូចគ្នាដែរ ប៉ុន្តែក៏មិនបានរំពឹងថា ផលប៉ះពាល់នេះ ដោយសារតែការបោះឆ្នោតនៅអាមេរិកនោះដែរ ឬយ៉ាងណានោះទេ ពីព្រោះក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារភាគមូលបត្រកម្ពុជាមិនសូវជាមានការពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះឡើយ។
ឯកឧត្តមបញ្ជាក់ថា «យើងពិតជាពិបាកធ្វើការសន្និដ្ឋានថា បញ្ហានេះវាជាប់ទាក់ទងនឹងផ្សារភាគហ៊ុននៅកម្ពុជា ដែរឬយ៉ាងណានោះទេ ប៉ុន្តែ ការជួញដូរភាគហ៊ុនមានការធ្លាក់ចុះនេះ គឺវាកើតឡើងស្របពេលជាមួយគ្នាតែម្តង ពោលគឺនៅក្នុងឆ្នាំ២០២០ នេះទំហំនៃការជួញដូរ ភាគហ៊ុនជាមធ្យមក្នុងមួយថ្ងៃមានចំនួនត្រឹម ១៣ ម៉ឺន ដុល្លារប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០១៩ ការជួញដូរមានរហូត ១៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ។»
ឯកឧត្តម ហុង សុហួរ បានឲ្យដឹងទៀតថា ខណៈវិស័យផ្សេងៗទៀតនៅតែដំណើរទៅមុខដោយរលួន ដូច្នេះ ឯកឧត្តម នៅតែមានគំនិតសុទិដ្ឋិនិយមចំពោះផ្សារមូលបត្រកម្ពុជាថា នឹងនៅតែអាចរីកចម្រើនទៅមុខទៀត ដែលជាក់ស្តែង ផ្សារភាគហ៊ុនកម្ពុជានៅតែមានក្រុមហ៊ុនថ្មីៗចាប់អារម្មណ៍មកចុះបញ្ជី និងកំពុងធ្វើការងារជាមួយគ្នាជាបន្តបន្ទាប់ ដោយនៅដើមឆ្នាំ២០២១ នឹងមានក្រុមហ៊ុនថ្មីចំនួន២ បន្ថែមទៀតចូលផ្សារមូលបត្រកម្ពុជា។
បើតាមឯកឧត្តម ហុង សុហួរ នៅឆ្នាំ២០២០ នេះមានក្រុមហ៊ុន ដែលបានមកចុះបញ្ជីមានចំនួន ៧ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនដែលចុះបញ្ជីលក់ភាគហ៊ុនមានចំនួន ៣ ក្រុមហ៊ុន និងក្រុមហ៊ុនលក់សញ្ញាបណ្ណមានចំនួន ៤ ក្រុមហ៊ុន។
ឯកឧត្តមបន្ដថា ដោយឡែក នៅឆ្នាំ២០២១ រំពឹងមានក្រុមហ៊ុន ៤ទៅ៥ ក្រុមហ៊ុន បន្ថែម ដែលទាំងអស់នេះ ជាសញ្ញាបង្ហាញថា ផ្សារភាគហ៊ុននៅកម្ពុជាបន្តការរីកចម្រើនទៅមុខជាលំដាប់ ខណៈសាធារជនចាប់ផ្តើមយល់ដឹងកាន់តែច្បាស់អំពីផ្សារភាគហ៊ុន។
អ្នកជំនាញគូសបញ្ជាក់ថា វិស័យអចលនទ្រព្យហាក់បង្ហាញសញ្ញានៅទ្រឹង ដូច្នេះអ្នកវិនិយោគផ្នែកអចលនទ្រព្យ ក៏ចាប់ផ្តើមធ្វើពិពិធកម្មវិនិយោគរបស់ពួកគេ ដោយបង្វែខ្ទង់វិនិយោគរបស់ខ្លួនទៅវិនិយោគវិស័យផ្សេងៗវិញ ដូច្នេះផ្សារភាគហ៊ុនក៏អាចជាជម្រើសមួយសម្រាប់ពួកគាត់ដែរ៕