បើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត

កម្ពុជា-ថៃ សម្រេចបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញហើយ!


អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ភាគីកម្ពុជា និងថៃ បានសម្រេចបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឲ្យប្រជាពលរដ្ឋឆ្លងចេញចូលឡើងវិញ ចាប់ពីថ្ងៃទី១ ខែឧសភា បន្ទាប់ពីបិទអស់រយៈជាច្រើនខែ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការបើកឡើងវិញនេះ គឺអនុញ្ញាតសម្រាប់តែពលរដ្ឋដែលមានបណ្ណចេញចូលព្រំដែន និងលិខិតឆ្លងដែន និងអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ចំនួនប៉ុណ្ណោះ។
ច្រកទា្វរអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិភ្នំដី រូបភាព៖ ក្រសួងទេសចរណ៍

បើតាមអ្នកនាំពាក្យដដែលនេះ ប្រតិភូថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំភូមិភាគខេត្តជាប់ព្រំដែនថៃជាង៧០រូប នឹងធ្វើដំណើរទៅទីក្រុងបាងកកប្រទេសថៃផងដែរ ដើម្បីពិភាក្សាគ្នាលើកិច្ចការព្រំដែនរវាងប្រទេសទាំងពីរ។

ឯកឧត្តម សេក សុខុម អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ចាបើតាំងពីថ្ងៃទី១ ខែឧសភាមក ភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នាបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរធ្វើដំណើរចេញចូលជាប្រក្រតីឡើងវិញហើយ។ ប៉ុន្តែពលរដ្ឋដែលអាចធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរបានតម្រូវឲ្យមានបណ្ណចេញចូលព្រំដែន លិខិតឆ្លងដែន និងកាតចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ គ្រប់ចំនួនដូស។ ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ថា ការបើកច្រកឡើងវិញនេះ អនុញ្ញាតឲ្យភ្ញៀវទេសចរអាចចេញចូលបាន ឬយ៉ាងណានោះទេ។

បើតាមការអះអាងពីឯកឧត្តម សេក សុខុម ប្រតិភូថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំភូមិភាគខេត្តជាប់ព្រំដែនថៃរួមមានបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងប៉ៃលិនជាង៧០នាក់នឹងធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំគណៈកម្មការភូមិភាគថៃ លើបញ្ហាកិច្ចការងារព្រំដែន ពីថ្ងៃទី៨-១០ ខែឧសភា ខាងមុខនេះ។ ប៉ុន្តែឯកឧត្តម សេក សុខុម មិនបានបញ្ជាក់លម្អិតពីគោលបំណងនៃការជួបពិភាក្សារវាងប្រតិភូនៃប្រទេសទាំងពីរនោះទេ។

កត្តាដែលជំរុញឲ្យភាគីកម្ពុជា និងថៃ សម្រេចបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ គឺបន្ទាប់ពីភាគីទាំងពីរមើលឃើញពីស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ បច្ចុប្បន្ននៅប្រទេសទាំងពីរមានភាពធូរស្បើយ គួបផ្សំប្រទេសទាំងពីរបានបើកទូលាយសម្រាប់អ្នកដំណើរពីក្រៅប្រទេសដូចគ្នា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សេក សុខុម។

គួររំឭកថា ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតបានបិទ លែងឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលតាំងពីពាក់កណ្តាលឆ្នាំ២០២១មកម្ល៉េះ ក្រោយប្រទេសទាំងពីរទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ខ្លាំង។ ប៉ុន្ដែ ការបិទនេះធ្វើឡើងសម្រាប់តែការធ្វើដំណើររបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ខណៈដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរអាចប្រព្រឹត្តទៅជាធម្មតា៕

None



អត្ថបទបន្ទាប់


ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដាក់ដំណើរការកម្មវិធីធនាគារចល័តថ្មីឈ្មោះ “FTB Mobile”

នៅថ្ងៃទី២ ខែឧសភាព ឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី…

អ្នកជំនាញទេសចរ បង្ហាញក្ដីរំពឹងខ្ពស់សម្រាប់ការទទួលអ្នកដំណើរបរទេសនៅឆ្នាំ២០២២

ក្រុមអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ បានបង្ហាញពីក្ដីរំពឹងខ្ពស់ ចំពោះសម្ទុះកំណើននៃភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្សាន្ដនៅកម្ពុជា បន្ទាប់ពីស្ថានភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ