ប្រភពព័ត៌មានថៃដដែលនេះ បានឲ្យដឹងទៀតថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ជូរិន ឡាសាណាវិសុត បានជួបជាមួយនឹងមន្ត្រីក្រសួងទេសចរណ៍របស់កម្ពុជា ហើយភាគីទាំងពីរបានយល់ព្រមនឹងបើកដំណើរការច្រកព្រំដែនថ្មីមួយទៀត គឺច្រក ស្ទឹងបត់-បានណងអៀន ដែលការបើកដាក់ឲ្យដំណើរការច្រកព្រំដែននេះ នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ដ្បិតថាបច្ចុប្បន្ន ថៃនៅមិនទាន់បានបញ្ចប់ការសាងសង់ប៉ុស្ដិ៍ត្រួតពិនិត្យរបស់ខ្លួនបានរួចរាល់នៅឡើយ។ តាមរយៈច្រកព្រំដែនថ្មីនេះ រាល់ទំនិញដឹកឆ្លងកាត់ គឺសម្រាប់តែការដឹកជញ្ជូនតាមកុងតឺន័រតែប៉ុណ្ណោះ។
កម្ពុជា គឺជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតទី៦របស់ថៃ នៅក្នុងតំបន់អាស៊ាន និងជាដៃគូទី ២៦ នៅក្នុងសកលលោក។ ក្នុងនោះ ថៃបាននាំចេញទំនិញមកកាន់កម្ពុជាមានការកើនឡើង ១០,៨% នៅ៨ខែឆ្នាំ២០២១នេះ ដោយមានតម្លៃជាទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក។
នេះបើតាមតួលេខដែលផ្សាយដោយការិយាល័យព័ត៌មានជាតិថៃ។ ដោយឡែក កម្ពុជាបាននាំចេញផលិតផលទៅកាន់ប្រទេសថៃវិញ មានតម្លៃ ៦២៣ លានដុល្លារ ថយចុះជិត៣២%។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយផ្សព្វផ្សាយផលិតផលថៃប្រមាណ ២២០មុខ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Klangthai.com របស់កម្ពុជា។ ទន្ទឹមនឹងនេះ ភាគីថៃ សន្យាថា នឹងជួយគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ខាងមុខនេះផងដែរ៕