ទិន្នន័យដដែលនេះ បានឲ្យដឹងទៀតថា សម្រាប់នៅក្នុងខែសីហា ឆ្នាំ២០២១ (រយៈពេល ១ខែ) ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានតម្លៃ ៦២៥លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃជាង ៥៤ លានដុល្លារអាមេរិក ថយចុះប្រមាណ ២៥% ធៀបនឹងខែដូចគ្នា នៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ជាង ៧៣លានដុល្លារអាមេរិក។ ចំណែកឯការនាំចូលពីថៃ មានតម្លៃ ៥៧១លានដុល្លារអាមេរិក កើនឡើង ២៨% ធៀបនឹងខែដូចគ្នា នៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៤៤៥លានដុល្លារអាមេរិក។ ផលិតផលវាយនភណ្ឌ កសិផល ត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេច គឺជាប្រភេទទំនិញភាគច្រើន ដែលកម្ពុជាបានលក់ទៅកាន់ប្រទេសថៃ ហើយបានទិញចូលមកវិញនូវ ថាមពល ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងឧបភោគ-បរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់។
តើក្រៅពីកម្ពុជថៃមានពាណិជ្ជកម្មជាមួយប្រទេសណាខ្លះទៀត?
ប្រទេសថៃ នឹងស្វែងរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយប្រទេសរុស្ស៊ី និងប្រទេសជិតខាងចំនួន៤ ទៀត នៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) តាមរយៈកិច្ចប្រជុំជាមួយគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EEC) ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ។ បើតាមលោក ជូរិន ឡាក់សេនាវិសិដ្ឋ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ប្លុក EAEU គឺជាទីផ្សារដ៏មានសក្តានុពលនៅក្នុងតំបន់អឺរ៉ុបអាស៊ី ហើយប្រទេសថៃ ចង់បន្តកិច្ចសន្ទនាលក្ខណៈស្ថាបនាជាមួយប្រទេសសមាជិក EAEU រួមទាំងរុស្ស៊ី និងកាហ្សាក់ស្ថាន លើរបៀបវារៈដ៏សំខាន់បន្ទាន់ សំដៅឈានទៅបញ្ចប់កិច្ចព្រមព្រៀងប្រកបដោយសក្តានុពលមួយនេះ។
នៅក្នុងសុន្ទរកថារបស់ឯកឧត្តមនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូចារ ដែលបានធ្វើឡើងកាលពីថ្មីៗនេះ ប្រទេសថៃបានកំពុងអភិវឌ្ឍយ៉ាងសកម្មនូវច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រខាងកើតដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងតំបន់ចុងបូព៌ារុស្ស៊ី ដែលពោរពេញដោយសក្តានុពល។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យវិនិយោគិនបរទេស ចូលរួមបណ្តាក់ទុនវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីល ការថែទាំសុខភាព និងការដឹកជញ្ជូនវៃឆ្លាតនៅក្នុងតំបន់ ECC ដោយសារតែតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អ និងយន្តការទំនើប ដើម្បីឆ្លើយតបតម្រូវការគម្រោងវិនិយោគគ្រប់ប្រភេទ។
យោងតាមទិន្ន័យពីក្រសួងពាណិជ្ជកម្មថៃ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ និង EAEU នៅក្នុងរយៈពេល ៧ខែដំបូង នៃឆ្នាំ២០២១នេះ មានទឹកប្រាក់សរុបជាង ១,៨៣ពាន់លានដុល្លារអាមេរិក បានកើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់ពាណិជ្ជកម្មទ្វេភាគីជាមួយរុស្ស៊ី (មករា-សីហា) សម្រេចបានទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក ខណៈដែលរដ្ឋាភិបាលប្រទេសទាំងពីរ មានផែនការជំរុញទំហំពាណិជ្ជកម្ម ឱ្យបានដល់ទឹកប្រាក់ ១០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣។ នៅក្នុងនោះ ប្រទេសថៃ បាននាំចេញទំនិញទៅកាន់រុស្ស៊ី ជាប្រភេទរថយន្ត សម្ភារៈ និងគ្រឿងបន្លាស់ និងកៅស៊ូ ដែលមានតម្លៃ ៩៥៨លានដុល្លារអាមេរិក ហើយបានទិញចូលមកវិញនូវប្រេងឆៅ ដែកថែប អាវុធយុទ្ធភ័ណ្ឌ និងជីសរីរាង្គ តម្លៃ ២,១៧ពាន់លានដុល្លារអាមេរិក៕