ពន្ធបដិការ

កម្ពុជា ថៃ វៀតណាម ស្ថិតក្នុងចំណោមប្រទេស៦០ ដែលអាចប្រឈមនឹងការដំឡើងពន្ធថ្មីពីអាម៉េរិក ចន្លោះពី១០ ទៅ១២%


សហរដ្ឋអាម៉េរិក កំពុងរៀបចំកំណត់ហេតុ ដើម្បីដំឡើងពន្ធគយបន្ថែមពី១០% ទៅ ១២,៥% លើទំនិញនាំចូលពីប្រទេសចំនួន៦០ ជុំវិញពិភពលោក ដោយសារតែប្រទេសទាំងនោះរងការចោទប្រកាន់ថា បរាជ័យក្នុងការដោះស្រាយ និងទប់ស្កាត់បញ្ហាការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ នៅក្នុងចំណោមនោះ កម្ពុជា និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីប្រកាសអាសន្ននេះដែរ ដោយក្នុងនោះកម្ពុជា អាចនឹងត្រូវប្រឈមមុខនឹងការដំឡើងពន្ធបន្ថែមចំនួន១០%។
ពន្ធបដិការ
ដោយ

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ការអនុវត្តបែបនេះរបស់រដ្ឋបាលលោក ត្រាំ ធ្វើឡើងក្រោមការអនុវត្តមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដោយចោទប្រកាន់ប្រទេសទាំងនោះថា បានបរាជ័យក្នុងការទប់ស្កាត់ការធ្វើពាណិជ្ជកម្មលើផលិតផល ដែលរកចំណេញដោយមិនស្មោះត្រង់ ឬពាក់ព័ន្ធនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ។
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក គ្រោងនឹងអនុវត្តការដំឡើងពន្ធចំនួន១០% លើការនាំចូលទំនិញពីប្រទេស និងដែនដីមួយចំនួនរួមមាន កម្ពុជា កាណាដា សហភាពអឺរ៉ុប ឥណ្ឌូនេស៊ី ម៉ិកស៊ិក បង់ក្លាដែស ម៉ាឡេស៊ី កោះតៃវ៉ាន់ និងចក្រភពអង់គ្លេស ជាដើម។ ខណៈប្រទេសចំនួន៤៥ ផ្សេងទៀត ដែលស្ថិតក្នុងបញ្ជីរួមមានថៃ វៀតណាម និងហ្វីលីពីន ជាដើម ដែលអាចនឹងត្រូវប្រឈមមុខនឹងការដំឡើងពន្ធបន្ថែមរហូតដល់ទៅ១២,៥%។
ពាក់ព័ន្ធនឹងវិធានការដ៏តឹងរ៉ឹងនេះ លោក ជេមីសុន ហ្គ្រៀ (Jamieson Greer) តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការបរាជ័យរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗក្នុងការដោះស្រាយ និងទប់ស្កាត់ការនាំចូលទំនិញ ដែលផលិតដោយកម្លាំងពលកម្មបង្ខំ ឬការប្រកួតប្រជែងមិនស្មោះត្រង់ គឺជាអ្វីដែលមិនអាចទទួលយកបានឡើយ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើអាម៉េរិក មិនចាត់វិធានការក្តៅទេនោះ វានឹងបង្កើតឱ្យមានសម្ពាធអវិជ្ជមាន ដែលបង្ខំឱ្យកម្មករអាម៉េរិក ត្រូវប្រកួតប្រជែងជាមួយពិភពលោកនៅលើទីលានពាណិជ្ជកម្មមួយដែលគ្មានសមធម៌។
ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា នេះគឺជាសម្ពាធពាណិជ្ជកម្មថ្មីមួយ ប៉ុន្តែបើពិនិត្យឱ្យជាក់ស្តែងប្រទេសភាគច្រើនដែលស្ថិតនៅក្នុងបញ្ជីទាំង៦០នោះ ក៏ជាដៃគូប្រកួតប្រជែងពាណិជ្ជកម្មផ្ទាល់ជាមួយកម្ពុជា ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញ បានជំរុញឱ្យភាគីពាក់ព័ន្ធរបស់កម្ពុជា រួសរាន់ធ្វើការចរចា និងសម្របសម្រួលផ្នែកគោលនយោបាយជាមួយការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក ដោយសារកម្ពុជា នៅមានពេលវេលាសម្របសម្រួលចាប់ពីពេលនេះរហូតដល់ខែកក្កដា មុនពេលមានការសម្រេចចិត្តជាចុងក្រោយ។
ទន្ទឹមនឹងការដាក់សម្ពាធពន្ធថ្មីនេះ សហរដ្ឋអាម៉េរិក ក៏កំពុងពិចារណាលើការដាក់ចេញនូវយន្តការលើកលែងពន្ធខ្លះៗលើផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ប៉ុន្តែបរិមាណជាក់លាក់មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ក្រៅពីនេះ អាម៉េរិក ក៏អាចនឹងពិចារណាលើកលែងពន្ធលើទំនិញយុទ្ធសាស្ត្រមួយចំនួនទៀតដូចជា ថាមពល រ៉ែកម្រ លោហធាតុ ឱសថ និងគ្រឿងបន្លាស់យន្តហោះផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ៊ីរ៉ង់ ប្រកាសក្តែងៗថា ខ្លួននៅមានសន្លឹកបៀរធំៗជាច្រើនក្នុងដៃ និងបានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខដោយផ្ទាល់ជាមួយអាម៉េរិក និងអង្គការណាតូ

ឧត្តមសេនីយ៍ជាន់ខ្ពស់ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា កងកម្លាំងខ្លួនមិនទាន់បញ្ចេញសមត្ថភាពយោធាអស់នៅឡើយទេ និងបានត្រៀម…

​ហេតុអ្វីបានជាថៃ រួញរាខ្លាចញញើតយន្តការ UNCLOS ហើយព្យាយាមអូសទាញកម្ពុជា ឱ្យចរចាទ្វេភាគីឡើងវិញ?

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានបង្ហាញទស្សនៈជុំវិញការសម្រេចចិត្តរបស់កម្ពុជា ក្នុងការប្រើប្រាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ