យន្តការ UNCLOS

​ហេតុអ្វីបានជាថៃ រួញរាខ្លាចញញើតយន្តការ UNCLOS ហើយព្យាយាមអូសទាញកម្ពុជា ឱ្យចរចាទ្វេភាគីឡើងវិញ?


រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានបង្ហាញទស្សនៈជុំវិញការសម្រេចចិត្តរបស់កម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយតំបន់ទាមទារត្រួតស៊ីគ្នាក្នុងដែនសមុទ្រ ដោយលោកចាត់ទុកការប្រើវិធានការផ្លូវច្បាប់អន្តរជាតិរបស់កម្ពុជា អាចនឹងបិទទ្វារការចរចាទ្វេភាគីរវាងប្រទេសទាំងពីរ។
យន្តការ UNCLOS
ដោយ

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានបង្ហាញទស្សនៈជុំវិញការសម្រេចចិត្តរបស់កម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយតំបន់ទាមទារត្រួតស៊ីគ្នាក្នុងដែនសមុទ្រ ដោយលោកចាត់ទុកការប្រើវិធានការផ្លូវច្បាប់អន្តរជាតិរបស់កម្ពុជា អាចនឹងបិទទ្វារការចរចាទ្វេភាគីរវាងប្រទេសទាំងពីរ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមយន្តការ UNCLOS ដើម្បីជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី៣ ខែមិថុនា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា បានប្រកាសពីការចាប់ផ្តើមដំណើរការដោះស្រាយជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ តាមរយៈយន្ដការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការសម្រេចប្រើយន្តការនេះ គឺដើម្បីការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ បន្ទាប់ពីក្របខណ្ឌទ្វេភាគីពីមុនត្រូវបានជាប់គាំង ក្រោយរដ្ឋាភិបាលថៃ បានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ជាឯកតោភាគី បើទោះជាកម្ពុជា បានព្យាយាមស្នើឱ្យភាគីថៃពិចារណាឡើងវិញជាច្រើនដងក៏ដោយ។
សម្រាប់សម្តេចធិបតី ការប្រើយន្តការក្រោមអនុសញ្ញា UNCLOS មិនមែនមានន័យថា កម្ពុជាបដិសេធការសន្ទនានោះទេ ប៉ុន្តែគឺជាការនាំយកការចរចានេះចូលទៅក្នុងក្របខណ្ឌអន្តរជាតិមួយ ដែលមានរចនាសម្ព័ន្ធច្បាប់ច្បាស់លាស់ និងទទួលស្គាល់ដោយប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានទទួលស្គាល់នូវលិខិតប្រកាសរបស់កម្ពុជា ប៉ុន្តែលោកបានអះអាងថា ប្រទេសថៃ នៅតែយល់ឃើញថា ការសម្រេចចិត្តរបស់កម្ពុជា នាពេលនេះ នឹងមិនអាចជួយដោះស្រាយបញ្ហាដោយពិតប្រាកដបានឡើយ។ ប្រមុខការទូតថៃ រូបនេះ បានពន្យល់ពីមូលហេតុដែលថៃ សម្រេចបញ្ចប់ MOU ឆ្នាំ២០០១ ថា គឺដោយសារតែយន្តការនេះមិនមានវឌ្ឍនភាពណាមួយកើតឡើងទាល់តែសោះអស់រយៈពេលជាង២០ឆ្នាំមកនេះ។
ទោះជាយ៉ាងណាជុំវិញការបកស្រាយរបស់ភាគីថៃ ត្រូវបានកម្ពុជា ឆ្លើយតបវិញថា អស់រយៈពេលជាច្រើនឆ្នាំមកនេះកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវស្មារតីនៃ MOU ឆ្នាំ២០០១ ក្នុងការដោះស្រាយតំបន់ត្រួតស៊ីគ្នា ប៉ុន្តែការដែលថៃ បដិសេធ និងលុបចោលឯកសារនេះជាឯកតោភាគី គឺដោយសារតែថៃ ចង់ចៀសវាងកាតព្វកិច្ចចាស់ និងមានបំណងបង្កើតមូលដ្ឋានទិន្នន័យថ្មីមួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ទើបបង្ខំឱ្យកម្ពុជា ត្រូវតែប្រើយន្តការច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។
ទាក់ទិននឹងការចោទប្រកាន់នេះ លោក ស៊ីហាសាក់ ភួងកេតកែវ បានបដិសេធ ហើយបានព្រមានថា ការរុញរឿងនេះទៅកាន់យន្តការផ្សះផ្សាដោយបង្ខំ អាចនឹងបិទទ្វាររាល់ការចរចាដទៃទៀតរវាងភាគីទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា យន្តការផ្សះផ្សាដោយបង្ខំនេះត្រូវចំណាយពេលវែងឆ្ងាយណាស់យ៉ាងហោចណាស់ក៏ត្រូវរង់ចាំ២ឆ្នាំទៀតដែរ ហើយក៏មិនមានអ្វីធានាថា រយៈពេលពីរឆ្នាំនេះ ភាគីទាំងពីរនឹងអាចកំណត់ខណ្ឌសីមាព្រំដែនសមុទ្រ ឬអាចរួមគ្នាអភិវឌ្ឍតំបន់ត្រួតស៊ីគ្នានោះបាននោះដែរ ដូច្នេះលោកតោងចង់ឱ្យភាគីទាំងពីរគួរសាកល្បងត្រឡប់មកចរចាគ្នាសិន ប្រហែលជាអាចឈានដល់កិច្ចព្រមព្រៀងណាមួយ បានឆាប់រហ័សជាងនេះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


កម្ពុជា ថៃ វៀតណាម ស្ថិតក្នុងចំណោមប្រទេស៦០ ដែលអាចប្រឈមនឹងការដំឡើងពន្ធថ្មីពីអាម៉េរិក ចន្លោះពី១០ ទៅ១២%

សហរដ្ឋអាម៉េរិក កំពុងរៀបចំកំណត់ហេតុ ដើម្បីដំឡើងពន្ធគយបន្ថែមពី១០% ទៅ ១២,៥% លើទំនិញនាំចូលពីប្រទេសចំនួន៦០ ជុំវិញពិភពលោក ដោយសារតែប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ