បច្ចប្បន្ន​កូវីដ-១៩

ស្ថានភាពវិវត្តន៍ថ្មីៗនៃកូវីដ-១៩និងយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា ថៃ និងវៀតណាម


ប្រទេសកម្ពុជា និង ថៃ ត្រូវបានគេមើលឃើញថា បានប្រឈមនឹងរលកឆ្លងកូវីដ-១៩លើកទី៣ ខ្លាំងក្លាដូចគ្នា ហើយមកទល់ពេលនេះ ការរីករាលដាលនៅតែបន្ដកើនឡើងដដែល ខណៈដែលវៀតណាមវិញ ក៏កំពុងតែរត់តាមពីក្រោយដែរ ពោលគឺក្រោយពីបានស្ងប់ស្ងាត់ករណីឆ្លងបានមួយរយៈធំ ឥឡូវនេះ វៀតណាមក៏កំពុងចាប់ផ្ដើមដុនដាបដែរហើយ និង ដាក់ចេញវិធានការជាបន្ដបន្ទាប់ដើម្បីទប់ទល់នឹងកូវីដ-១៩ ដែលកំពុងរាតត្បាតកាន់តែខ្លាំងឡើងៗក្នុងប្រទេសរបស់ខ្លួន ខណៈដែលប្រទេសជិតខាងកម្ពុជាមួយនេះ កំពុងមានភាពយឺតយ៉ាវជាងគេ ជាងឯងក្នុងការចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋ។
ស្ថានភាពវិវត្តន៍ថ្មីៗនៃកូវីដ-១៩និងយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា ថៃ និងវៀតណាម (រូបភាព៖timeout.com)
ដោយ

ស្ថានភាពកូវីដ-១៩ និង និន្នាការនៃយុទ្ធនាការចាក់វ៉ាក់សាំង នៅកម្ពុជា

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅតែបន្ដកើនឡើងខ្ពស់ដដែល មិនទាន់ស្រុតចុះនោះទេ ដោយតួលេខអ្នកឆ្លងថ្មីៗនៅតែមានរាប់រយនាក់នៅក្នុងមួយថ្ងៃ ជាក់ស្ដែងនៅថ្ងៃទី ១០ ខែមិថុនា អ្នកឆ្លងថ្មីដែលកម្ពុជាបានរកឃើញមានចំនួន ៤២៦នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩សរុបនៅកម្ពុជាបានកើនដល់ជាង ៣ម៉ឺន៦ពាន់នាក់ហើយ ក្នុងនោះ អ្នកជាសះស្បើយសរុបមានជិត ៣ម៉ឺននាក់ និង អ្នកស្លាប់មាន ៣០០នាក់។

ដោយឡែក បើមើលទៅលើនិន្នាការចាក់វ៉ាក់សាំងកូវីដ-១៩វិញ គិតត្រឹមថ្ងៃទី៩ ខែមិថុនា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាមានប្រជាជន ជិត២៨% ហើយ នៃចំនួនប្រជាជនគោលដៅចាក់វ៉ាក់សាំងសរុប ១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងទាំងពីរដូសរួចហើយ មានចំនួន ជាង ២លាន២សែននាក់។

កម្ពុជាបន្តប្រើប្រាស់វ៉ាក់សាំងចំនួនបីប្រភេទដដែល គិតមកដល់ពេលនេះ ក្នុងនោះមាន វ៉ាក់សាំង AstraZeneca បានមកពីយន្តការកូវ៉ាក់នៃអង្គការសុខភាពពិភពលោក និង ពីរប្រភេទទៀត ជាវ៉ាក់សាំងរបស់ចិន ទទួលបានតាមរយៈជំនួយផង និង បញ្ជាទិញផង Sinovac និង Sinofarm។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨មិថុនា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៧លាន២ម៉ឺនដូសហើយ ក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយពីរដ្ឋាភិបាលចិនមានចំនួនជាង ១លាន៧សែនដូស, វ៉ាក់សាំងកូវីដសៀល ជំនួយពី COVAX មានជាង ៣សែន២ម៉ឺនដូស និងការបញ្ជាទិញវ៉ាក់សាំងចិនចំនួន ៥លានដូសផ្សេងទៀត ក្នុងនោះ ស៊ីណូវ៉ាក់ ៤លាន៥សែនដូស និងស៊ីណូហ្វាម ៥សែនដូស។ 

ថៃកំពុងបន្ដសម្រុកការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ

បន្ទាប់ពីបានពន្យារពេលម្តងហើយម្តងទៀត នៅទីបំផុតទៅ ថៃបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ខ្លួនហើយ នៅដើមសប្តាហ៍នេះហើយ ដោយបានប្រើប្រាស់វ៉ាក់សាំង AstraZeneca របស់អង់គ្លេសផង និង Sinovac របស់ចិនផងដែរ។

ថៃមានគោលដៅចាក់វ៉ាក់សាំងឲ្យបាន ៦លានដូសសម្រាប់ខែមិថុនានេះ ហើយ បើតាមផែនការរបស់ក្រសួងសុខាភិបាលថៃ ចាប់ពីពេលនេះ ដល់ខែកញ្ញា ប្រជាពលរដ្ឋថៃចំនួន៧០% នឹងទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់ ម្នាក់មួយដូស។ ចាប់ពីខែកក្កដាទៅ ទើបអាជ្ញាធរថៃអនុញ្ញាតឱ្យនាំចេញថ្នាំបង្ការកូវីដ១៩  ដែលក្រុមហ៊ុនថៃបានទទួលសិទ្ធិពីក្រុមហ៊ុន AstraZeneca ផលិតនៅក្នុងស្រុកថៃ សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។

ប៉ុន្ដែ កន្លងមកថៃ បានពន្យារពេលនាំចេញវ៉ាក់សាំងដែលខ្លួនផលិតបាន ទៅប្រទេសជាច្រើនដែលបានកម្មង់ទិញ ក្នុងនោះមានហ្វីលីពីន ហើយថ្មីៗនេះ បានប្រកាសពន្យារពេលចែកចាយទៅកាន់កោះតៃវ៉ាន់ និង ប្រទេសម៉ាឡេស៊ីថែមទៀត។ ការពន្យារពេលនេះ ត្រូវបានគេមើលឃើញថា នៅចំពេលដែលមានការព្រួយបារម្ភទាក់ទងនឹងការផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុនថៃ ដ្បិតថា ក្រុមហ៊ុននេះ ទើបផលិតវ៉ាក់សាំងជាលើកទី១ ក្រោយទទួលបានសិទ្ធិពីក្រុមហ៊ុន AstraZeneca របស់អង់គ្លេស។ នេះបើតាមការគូសបញ្ជាក់ពីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមហ៊ុន AstraZeneca បានផ្ដល់ការអនុញ្ញាតឲ្យក្រុមហ៊ុនក្នុងស្រុកថៃ Siam Bioscience ផលិតវ៉ាក់សាំង១លាន៨សែនដូស ប៉ុន្ដែ ការចែកចាយដឹកជញ្ជូនវ៉ាក់សាំងនេះ ទៅកាន់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី គឺត្រូវបានពន្យារពេល ដែលអាចនឹងបន្ដដល់ខែកក្កដាខាងមុខ។

បើក្រឡេកមកមើលចំនួនករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃវិញ ថៃនៅតែបន្ដមានក្នុងរង្វង់រាប់ពាន់នាក់ក្នុងមួយថ្ងៃ តួយ៉ាងគិតត្រឹមថ្ងៃទី ១០ ខែមិថុនា ចំនួនអ្នកឆ្លងថ្មីនៅថៃមានជាង២ពាន់៣រយនាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបមានជិត១៦ម៉ឺននាក់ និងមានអ្នកស្លាប់ជាង១ពាន់៣រយនាក់ហើយ។

វៀតណាមនៅតែមានការយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង ខណៈករណីឆ្លងកូវីដ-១៩កើនឡើង

ប្រទេសក្បែរខាងកម្ពុជា ដែលមានប្រជាជនជិត ១០០លាននាក់មួយនេះ កំពុងយឺតយ៉ាវជាងគេជាងឯងបើធៀបនឹងប្រទេសក្នុងតំបន់ សម្រាប់ការជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ដល់ប្រជាជនរបស់ខ្លួន។

រដ្ឋាភិបាលវៀតណាមបានរិះរកមធ្យោយបាយគ្រប់បែបយ៉ាង ដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនពលរដ្ឋខ្លួន ដោយកន្លងមកវៀតណាមបានបង្ហើបពីបំណងចង់នាំយកបច្ចេកទេសផលិតវ៉ាក់សាំងមកផលិតនៅក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ខ្លួនឯងផងនិងផ្គត់ផ្គង់កម្មវិធី COVAX ផងដែរ។

ដោយសារតែខ្វះខាតថវិកាទិញវ៉ាក់សាំង រដ្ឋាភិបាលវៀតណាម ថែមទាំងបានបង្កើតមូលនិធិ កៀរគរស្វែងរកជំនួយសប្បុរសធម៌ ពីសាធារណជន ដើម្បី អាចទិញ វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដោយតាមផែនការនឹងប្រមូលឲ្យបាន ១ពាន់លានដុល្លារ ខណៈបច្ចុប្បន្នប្រមូលបានជាង ៣៣០លានដុល្លារហើយ។

វៀតណាមបាន ចាប់ផ្តើមយុទ្ធនាការស្វែងរកជំនួយថវិកាពីគ្រប់ច្រកល្ហក មិនថាពីសហគមន៍អន្តរជាតិ និងប្រជាជនក្នុងស្រុកនោះទេ ដោយបានលើកទឹកចិត្តឲ្យអោយមន្ត្រីរាជាការបរិច្ចាគប្រាក់ខែខ្លះៗរបស់ខ្លួន ហើយសូម្បីតែអង្គការសគមន៍ស៊ីវិលនៅវៀតណាមក៏បានចូលរួមដែរ។

វៀណាមមកទល់ពេលនេះ ទើបតែចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនបានត្រឹមតែប្រមាណ១%ប៉ុណ្ណោះ នៃប្រជាជនសរុប ហើយភាគច្រើនអ្នកដែលបានចាក់ គឺជាបុគ្គលជួរមុខ ដែលប្រឈមនឹងហានិភ័យឆ្លងខ្ពស់ប៉ុណ្ណោះ។

ចំពេលដែលការចាក់វ៉ាក់សាំងយឺតយ៉ាវ ឥឡូវនេះ ករណីផ្ទុះរាលដាលឆ្លងកូវីដ-១៩នៅវៀតណាមក៏កំពុងតែរាលដាលកាន់តែខ្លាំងដែរ ដោយក្នុងមួយថ្ងៃៗវៀតណាមរកឃើញអ្នកឆ្លងថ្មីរាប់រយនាក់។ ជាក់ស្ដែងនៅថ្ងៃទី ៩ខែមិថុនាវៀតណាមរកឃើញអ្នកឆ្លងថ្មីជាង៤០០នាក់ឯណោះ ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ជាង៩ពាន់៦រយនាក់ និងអ្នកស្លាប់មានជាង៥០នាក់៕

None



អត្ថបទបន្ទាប់


ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន លុបចោលបញ្ជារបស់លោកត្រាំ ដែលបានហាមឃាត់កម្មវិធី «TikTok» និង «WeChat» របស់ចិន

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ជាឲ្យលុបចោលបទបញ្ជាទាំងអស់របស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលគ្រានោះលោកត្រាំ បានដា…

អាមេរិកនឹងបរិច្ចាគវ៉ាក់សាំង Pfizer ៥០០លានដូសដល់ប្រទេសក្រីក្រ

សហរដ្ឋអាមេរិកក្រោមរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន មានគម្រោងនឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ដែលខ្លួនផលិត ប្រភេទ Pfizer/BioNTech ទៅឲ្យប្រទេសក្រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ