ចេកអំបូងលឿន

កម្ពុជា​រំពឹង​នាំ​ចេញ​ចេក​អំបូង​លឿង​ទៅ​ចិន ប្រមាណ​៣ម៉ឺន​តោន​ក្នុង​ឆ្នាំ​ដំបូង ២០១៩​ខាង​មុខ​នេះ


កម្ពុជាគ្រោងនឹងធ្វើការនាំចេញចេកអំបូងលឿងជាលើកដំបូងបង្អស់របស់ខ្លួន ចំនួនប្រមាណ ៣ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារធំសម្រាប់ប្រទេសកម្ពុជានាដើមឆ្នាំ ២០១៩ខាងមុខនេះហើយ។
ដំណាំចេកអំបូងលឿន កំពុងចេញត្រយោង
ដោយ

ហើយនេះ​អាចរាប់​ចាត់​​ទុកថា ជាលើក​ទី១​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ប្រទេស​កម្ពុជា​នឹងធ្វើ​ការ​នាំចេញ​ចេក​អំបូង​លឿង​ទៅកាន់​ប្រទេស​ចិន តាម​រយៈ​ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ ដែលជា​ក្រុមហ៊ុន​បណ្តាក់​ទុនរួមគ្នា​រវាង​​​វិនិយោគិន​ខ្មែរ​ល្បីៗ​មួយក្រុម និង ក្រុមហ៊ុន​វិនិយោគទុន​មក​ពីទីក្រុងហុង​កុង​​ប្រទេស​ចិន។

ក្រុមហ៊ុន​ដ៏ធំមួយនេះ បានវិនិយោគ​ទឹកប្រាក់​ចំនួន ៣២​លានដុល្លារ​អាមេរិក​ដាំចេក​អំបូងលឿង នៅលើ​ផ្ទៃដី​ជាង ១.០០០ ហិកតា ក្នុងដំណាក់​កាល​ទី១ ស្ថិតនៅភូមិ ដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

លោក​ឧកញ៉ា​ ផែ ហុក ឈួន ដែល​ជា​​ប្រធាន​​​ក្រុមប្រឹក្សា​​ភិបាល​​នៃ​​ក្រុមហ៊ុន ឡង មេត អេហ្គ្រីខល​ឈ័រ បាន​មាន​​ប្រសាសន៍​​ថា ក្រុមហ៊ុន​រំពឹង​នឹង​ប្រមូល​ផល​ចេក​នៅ​ដំណាច់​ឆ្នាំ​នេះ ព្រមទាំង​ធ្វេីការ​កែច្នៃ​វេច​ខ្ចប់​នាំ​ចេញ​នៅ​ខែ​មករា ដេីម​ឆ្នាំ​២០១៩ ដែល​មាន​បរិមាណ​ប្រមាណ​ចំនួន ៣០.០០០​តេាន​នៅ​ឆ្នាំ​ដំបូង​២០១៩។

លោក​ឧកញ៉ា ផែ ហុកឈួន បាន​ជឿ​ជាក់​​​ជាមួយ​​នឹង​​ការ​​វិនិយោគ​​ដំណាំ​ចេក​​​​ដ៏​ធំ​​ដំបូង​​គេ​​នៅ​​កម្ពុជា​​នេះ​ ព្រមទាំងបាន​​លើកឡើងថា​ វា​គឺជា​​ការ​​ចូល​រួម​​ចំណែក​​ដ៏​សំខាន់​​មួយ​​ក្នុង​ការ​ជួយ​​​ជំរុញ​​កំណើន​​សេដ្ឋកិច្ច​​ជាតិ តាមរយៈ​​ការ​ផ្តល់​​ការងារ​ កាត់​បន្ថយ​​ភាព​​ក្រីក្រ​ ជូន​​ប្រជាពលរដ្ឋ​​ក្នុង​ប្រទេស​​កម្ពុជា ក៏​ដូចជា​​ជួយ​កាត់​​បន្ថយ​​ការ​ចំណាក​​ស្រុក​​ផងដែរ។

លោក​ឧកញ៉ា​​បាន​បញ្ជាក់​​ទៀត​ថា នេះ​ជាក្តី​​សង្ឃឹម​​យើង​ទាំង​​អស់​គ្នា​​ក្នុង​ការ​​ចូល​រួម​​ចំណែក​​ជំរុញ​​វិស័យ​​កសិកម្ម​​​កម្ពុជា លោក​ឧកញ៉ា នឹង​​ធ្វើ​​ឲ្យ​​កសិដ្ឋាន​​ចេក​​ដ៏​ធំ​​ជាង​គេ​​មួយនេះ ​ក្លាយ​​ជា​កសិដ្ឋាន​​គំរូ​មួយ​​នៅ​ក្នុង​​តំបន់​​អាស៊ី សម្រាប់​​ជា​មុខមាត់​​ប្រទេស​​កម្ពុជា ក៏​​ដូចជា​​​ប្រជាជន​​កម្ពុជា​​ទាំង​​អស់​​គ្នា​​ផងដែរ។

សព្វថ្ងៃ​​ចេកអំបូង​​លឿងនេះ ​កំពុងតែ​​មានតម្រូវការ​​ទីផ្សារ​​ខ្ពស់​នៅចិន ​ខណៈប្រទេស​​ចិនជា​ប្រទេស​​ដែលមាន​​វិនិយោគ​​លើដំណាំ​ចេក​នាំចេញ​​ច្រើន​​ជាងគេ​​មួយ បន្ទាប់​ពី​ប្រទេស​​ហ្វីលីពីន​​កំពុង​តែជួប​ប្រទះ​​នៅឧប​សគ្គ​ហានិភ័យ​​ផ្សេងៗ​​ដូចជា ជំងឺ​ស្លឹក​លឿង និង ការបម្រែ​​បម្រួល​​អាកាស​ធាតុ​​ត្រជាក់​ខ្លាំង បានធ្វើឲ្យ​​ផ្ទៃដីដាំ​​ដុះ និង ទិន្នផល​​មានការ​​ថយ​ចុះ​​យ៉ាងខ្លាំង​​នៅពេល​​បច្ចុប្បន្ន​។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​

អ្វីដែល​គួរឲ្យកត់សម្គាល់​នៅក្នុង​ឆ្នាំនេះ អ្នកវិនិយោគ​ជាតិ និង អន្តរជាតិ​ជាច្រើន​បាន​បោះទុនវិនិយោគ​រួមគ្នា ងាកទៅ​រកការ​ដាំចេកអំបូង​លឿងភ្លូក​ទឹក​ភ្លូកដី ក្រោយ​ពីរាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជួយ​ត្រួសត្រាយ​ផ្លូវចុះ​អនុស្សារណៈយោគ​យល់គ្នា លើពិធីសារ​នាំចេញ​ចេក​ពីកម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន កាល​ពីដើម​ខែសីហា​ឆ្នាំ ២០១៨​កន្លងទៅនេះ។

នៅក្នុងពិធី​សំណះអំណាល​បងប្អូន​កសិករ​នៅកសិដ្ឋាន​ចំការ​ចេក​ក្រុមហ៊ុន ឡងមេត​អេហ្រ្គី​ខលឈ៍រ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​បានកោត​​សរសើរ​​ក្រុមហ៊ុន​ឡង មេត អេហ្គ្រីខលឈ័រ បានវិនិយោគ​ដាំ​ចេក​យ៉ាង​លឿន​ខុស​ពីការ​​រំពឹង​​ទុក។ ហើយ​ឯកឧត្តម ថា​នេះគឺជា​ការចូល​រួមចំណែក​ជំរុញ​វិស័យ​កសិកម្ម​កម្ពុជា បង្កើត​ការងារ​​ដល់​​ប្រជាជន​ក្នុងស្រុក ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ឯកឧត្តម បានកត់​សម្គាល់​ឃើញថា ក្រោយពេល​ចុះអនុស្សារណៈ​ទទួល​បាន​ការបញ្ជា​ទិញចេក​អំបូង​លឿង ពីប្រទេស​ចិន រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​កិច្ចការ​យ៉ាង​សកម្ម​ជាមួយ វិស័យ​ឯកជន ដើម្បី​ទាក់ទាញ​ទឹកចិត្ត​អ្នក​បញ្ជា​ទិញ និងបំពេញ​តម្រូវការ​​ដ៏មាន​សក្តានុពល​មួយនេះ ហើយ​វិនិយោគិន​នានា ក៏មើល​ឃើញ​ពីឱកាស​នេះ និងបាន​ងាក​ទៅដាំចេក​អំបូង​លឿងយ៉ាង​ផុសផុល​ផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​បន្តថា ក្រុមហ៊ុន​មួយ​ចំនួន​​ដែល​កំពុង​វិនិយោគ​នៅប្រទេស​កម្ពុជា បាន​ប្រែក្លាយ​ពី ការដាំ​ស្វាយ ការដាំ​ដូងប្រេង ការដាំដើម​ឈើ ទៅជា​ការដាំចេក​ដើម្បី​នាំចេញ​វិញម្តង ដោយសារតែ​រដ្ឋាភិបាល​ចិន បានយល់​ព្រមឲ្យ​នាំ​ផ្លែ​ចេក ចេញពីកម្ពុជា។ម៉្យាងវិញ​ទៀត តម្រូវ​ការ​ផលិតផល​កសិកម្ម​របស់​ប្រទេស​ចិន ជាពិសេស​ដំណាំ​ចេក មាន​ច្រើន​លើសលប់ ខណៈការ​ផ្គត់ផ្គង់ពី ប្រទេស​កម្ពុជា ទើបតែ​ចាប់​ផ្តើម​ប៉ុណ្ណោះ។

កម្ពុជារំពឹងនាំចេញចេកអំបូងលឿងទៅចិន លើកដំបូង៣ម៉ឺនតោននៅដើមឆ្នាំ ២០១៩
កម្ពុជារំពឹងនាំចេញចេកអំបូងលឿងទៅចិន លើកដំបូង៣ម៉ឺនតោននៅដើមឆ្នាំ ២០១៩

ឯកឧត្តម វេង សាខុន បានធ្វើការ​គូស​​បញ្ជាក់ថា តម្រូវការ​នៃផលិត​ផល​ដំណាំ​ចេក​អំបូងលឿន របស់​ប្រទេស​ចិន ត្រូវការ​ផ្ទៃដីដាំដុះ​រហូត​ដល់ជាង ៦ម៉ឺនហិចតា ខណៈបច្ចុប្បន្ន​នៅប្រទេស​កម្ពុជា ទើបតែបាន​ចាប់ផ្តើម​ដាំដុះ​ប្រមាណ​ ២ពាន់​ហិកតា​ប៉ុណ្ណោះ ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏រំពឹង​ថា​ការវិនិយោគ​ដាំចេក​អំបូង​លឿង​នៅកម្ពុជា​នឹងកើន​ឡើង​​ខ្លាំង​នាឆ្នាំ​ខាងនេះ។

លោក​​ឧកញ៉ា​ ផែ ហុក ឈួន ដែល​​ជា​ប្រធាន​​​ក្រុម​ប្រឹក្សា​​ភិបាល​​នៃ​​ក្រុមហ៊ុន ឡង មេត អេហ្គ្រីខល​ឈ័រ បានឲ្យ​ដឹង​ទៀតថា បើទោះបី​ជាមាន​ការវិនិយោគ​ដាំចេក​​អំបូង​លឿង​នេះច្រើន​យ៉ាង​ណា​ក៏ដោយ ក៏លោក​​មិនមាន​​ការព្រួយ​បារម្ភ​ជាមួយ​នឹងការ​ប្រកួត​ប្រជែង​អ្វីនោះ​ឡើយ ដោយ​លោក​ឧកញ៉ា បានជឿជាក់​ទៅ​លើ​ភាព​ច្បាស់​លាស់ បទ​ពិសោធន៍ ចំណេះ​ជំនាញ​បច្ចេកទេស​​ខ្ពស់​​ក្នុងការ​ដំាដុះ​ចេក​​អំបូង​​លឿង ពីសំណាក់ ដៃគូ​វិនិយោគ​រួមទុន​របស់​លោក។

លោកឧកញ៉ា ផែ ហុក ឈួន បញ្ជាក់ថា​ រហូតមក​ដល់​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​បានធ្វើការ​ឈូស​ឆាយ រៀប​ចំប្រព័ន្ធ​ទឹកស្រោច​ស្រព​​ដោយ​ស្វ័យ​ប្រវត្តិ និង ដាំដុះកូន​ចេកបាន​ប្រមាណ​ជិត ​៣០០​ហិចតា ក្នុង​ចំណោម ៤០០ហិចតា នៃដំណាក់​កាល​ទី១ ដែលជា​ពូជចេក​អំបូង​លឿង​យកមក​ពីប្រទេស​ចិន ដែល​ជាពូជ​មានប្រភព​ដើមកំណើត​នៅប្រទេស​អូស្ត្រាលី បច្ចុប្បន្ន​កសិដ្ឋាន​ចំការ​ចេកនេះ​បានស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​៥០០នាក់ និង ត្រូវ​ស្រូប​យក​បន្ថែម​ទៀត​ដល់ ១.០០០នាក់ នៅដំណាច់​ឆ្នាំ​២០១៨នេះ៕

None



អត្ថបទបន្ទាប់


វៀតណាម កម្ពុជា​ ប្រឈម​បញ្ហា​ស្រដៀងគ្នា​ជុំវិញ​លំហូរ​ចូល​នៃ​ទេសចរ​ចិន?

លំហូរ​យ៉ាង​គំហុក​នៃ​ទេសចរ​ចិន​ចូល​មក​ក្នុង​ប្រទេស​វៀតណាម បើ​មើល​រូបភាព​ខាង​ក្រៅ គឺ​ជា​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​មួយ​ដ៏​គួរ​ឲ្យ​សាទរ…

តំបន់អភិវឌ្ឍន៍ ចង្កោមសហគ្រាសធុនតូច និងមធ្យម នឹងជួយជំរុញវិស័យផលិតកម្ពុជាកាន់តែខ្លាំងក្លា

តំបន់ចង្កោមសហគ្រាស ធុនតូច និងមធ្យម (SME Cluster) ត្រូវបានវិស័យរដ្ឋ និងឯកជន អះអាងថា នឹងជួយកាត់បន្ថយថ្លៃដើមផលិតបានកាន់តែប្រសើរ និងការផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ