Advertisement
កម្ពុជា-​វៀតណាម-​ទេសចរ​ចិន

វៀតណាម កម្ពុជា​ ប្រឈម​បញ្ហា​ស្រដៀងគ្នា​ជុំវិញ​លំហូរ​ចូល​នៃ​ទេសចរ​ចិន?


លំហូរ​យ៉ាង​គំហុក​នៃ​ទេសចរ​ចិន​ចូល​មក​ក្នុង​ប្រទេស​វៀតណាម បើ​មើល​រូបភាព​ខាង​ក្រៅ គឺ​ជា​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​មួយ​ដ៏​គួរ​ឲ្យ​សាទរ​ ព្រោះ​វា​នាំ​មក​នូវ​ការ​កើនឡើង​នូវចំណូល​វិស័យ​ទេសចរណ៍។ ប៉ុន្តែ នៅ​ពីក្រោយ​វាំងនន​នៃ​លំហូរ​ទេសចរ​ចិន​ចូល​មក​ប្រទេស​វៀតណាម​​នេះ គឺ​បញ្ហា​ប្រឈម​ថ្មីៗ​មួយ​ចំនួន។
ដោយ
Advertisement

បញ្ហា​ប្រឈមដែល​រដ្ឋាភិបាល​វៀតណាម​កំពុង​បារម្ភ គឺ​ការ​ធ្លាយ​ទៅវិញ​នៃ​ប្រាក់​ចំណូល​វិស័យ​ទេសចរណ៍​ដោយសារតែ​អ្នក​ទេសចរ​ចិន​​ប្រើប្រាស់​សេវា​ចាយ​វាយ​អេឡិចត្រូនិក ដូចជា WeChat Pay និង AliPay ព្រមទាំង​​ឧបករណ៍​ទូទាត់​​ខុស​ច្បាប់ នៅចំណុច​គោលដៅ​ទេសចរណ៍សំខាន់ៗ​ដែល​ទេសចរ​ចិន​ចូលចិត្ត​ទៅ​កម្សាន្ត។

នេះ​បើ​យោង​តាម​ការផ្សាយនាពេលថ្មីៗនេះ ដោយសារព័ត៌មាន VN Express International។ 

ថ្មីៗនេះ អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជា​ឲ្យ​ធនាគាររដ្ឋ​វៀតណាម ក្រសួង​ហិរញ្ញ​វ​ត្ថុ និង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​បង្ក្រាប​ការប្រើ​ប្រាស់​ប្រព័ន្ធ​និង​ឧបករណ៍​ទូទាត់​ប្រាក់​ទាំង​នេះ ដោយ​បារម្ភថា ការ​ទូទាត់​ប្រាក់​តាម​វិធី​និង​ប្រព័ន្ធ​ទាំង​នេះ​រវាង​គណនី​ធនាគារ​ចិន​របស់​ទេសចរ​ចិន​ និង​ម្ចាស់​អាជីវកម្ម គេចវេះ​ពី​ប្រព័ន្ធ​ធនាគារវៀតណាម និង​ច្បាប់​រដ្ឋ​ ដែលនាំ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ និង​បង្ក​ជា​បញ្ហា​ផ្សេងៗ​ទៀត។ 

ទិដ្ឋភាព​សំណង់​អគារសណ្ឋាគារនិង​ភោជនីយដ្ឋាន​ចិន នៅ​ខេត្ត​ព្រះសីហនុ។

នេះ​ជា​បញ្ហា​ប្រឈម​មួយ។ បញ្ហា​ប្រឈម​មួយ​ទៀត គឺ​ថា ទេសចរ​ចិន​ជាច្រើន​ចូល​មក​ដល់​ប្រទេស​វៀតណាម​តាមរយៈ​អ្វីដែល​គេ​ហៅថា «កញ្ចប់​ទេសចរណ៍​​ដោយ​មិន​ចាយ​លុយ​ដុង​សោះ» ដែលរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ទេសចរណ៍ចិន។ ក្នុងអំឡុង​ដំណើរ​ទេសចរណ៍​ជាកញ្ចប់​នេះ ទេសចរ​ចិន​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ដែល​គ្រប់គ្រង​ដោយ​ចិន​គ្នា​គេ ទទួលទាន​នៅ​ក្នុង​ភោជនីយដ្ឋាន​ដែល​ចិន​គ្រប់គ្រង និងទិញ​ទំនិញ​នៅ​ហាងទំនិញ​ដែល​មាន​ម្ចាស់​ជា​ចិន។ ទន្ទឹមនឹងនេះ ពួកគេ​ក៏ប្រើ​មគ្គុទ្ទេសក៍ទេសចរណ៍ចិន​គ្នា​គេ​ផង​ដែរ ដោយ​មិន​ប្រើ​មគ្គុទ្ទេសក៍​ទេសចរណ៍​ម្ចាស់​ស្រុកទេ។ ប្រការ​ទាំង​នេះ​កាត់​បន្ថយ​ផល​ចំណេញ​ដល់​សេដ្ឋកិច្ច​ជាតិ និង​អាជីវកម្ម​ក្នុងស្រុក។ 

បញ្ហា​ដែល​ទេសចរ​ចិន​បង្ក​ដល់​ប្រទេស​ម្ចាស់​ផ្ទះ​មិន​មែន​កើត​ឡើងចំពោះ​តែ​ប្រទេស​វៀតណាមទេ។ រឿងរ៉ាវ​ស្រដៀងគ្នា​នេះ ក៏កើតមាន​ដូចគ្នាដែរ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ទាំងមូល និង​កន្លែង​ផ្សេងទៀត។ 

តួយ៉ាង នៅ​កម្ពុជា សេចក្ដីរាយការណ៍របស់​សារព័ត៌មាន​បង្ហាញថា ទេសចរ​ជនជាតិ​ចិន​នៅ​កម្ពុជា​ទិញទំនិញ​ពី​អាជីវកម្ម​ចិន​ដូចគ្នា ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ចិន និង​ស្នាក់នៅ​ក្នុងសណ្ឋាគារចិន ដូច្នេះ ផល​ចំណេញ​តិចតួច​ប៉ុណ្ណោះ​ដែលបាន​ទៅ​ដល់​ដៃ​ប្រជាជ​និងអាជីវកម្ម​ក្នុងស្រុក​របស់​ជនជាតិ​ខ្មែរ។ 

នៅកម្ពុជាដដែល នា​ខេត្ត​ព្រះសីហនុ លំហូរនៃ​ជនជាតិ​ចិន​ជា​ទេសចរ​និងជាអ្នក​រកស៊ី​ដែលសម្រុក​ទៅ​រកស៊ី​និងកម្សាន្ត​នៅ​ខេត្ត​ឆ្នេរ​ដ៏​ល្អ​បំផុត​របស់​ពិភព​លោក​មួយ​នេះ បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​ប្រជាពលរដ្ឋ​ម្ចាស់ស្រុក។ របាយការណ៍​សារព័ត៌មាន​បង្ហាញជារឿយៗ​នូវករណី​អំពើ​ហិង្សា​ពីសំណាក់​ជនជាតិ​ចិន និង​ការត្អូញត្អែរ​ពី​អាជីវករ​ក្នុងស្រុក​ដែល​ថា ចិន​បាន​និង​កំពុង​ទិញ​យក ឬជួល​ទីតាំង​ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​ស្ទើរតែ​ក្ដោប​ក្ដាប់ទាំងស្រុង ដែលនាំ​ឲ្យ​តម្លៃ​ស្នាក់នៅ​ឡើង​ខ្ពស់ ហើយ​ទេសចរ​ក្នុងស្រុក​ពិបាក​នឹងរកទីកន្លែងស្នាក់នៅ​ក្នុងពេល​ទៅ​លេង​កម្សាន្ត​នៅតំបន់​ឆ្នេរ។

ថ្មីៗ​នេះ របាយការណ៍​ក៏បង្ហាញ​ដែរថា អ្វី​ដែល​ជន​ជាតិ​ចិន​កំពុង​សម្រុក​​វិនិយោគ​ច្រើន​ជាង​គេ គឺ​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​​វិនិយោគ​សាងសង់​អគារ​ពាណិជ្ជ​កម្ម អាផាតមិន ខុនដូ សណ្ឋាគារ។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ចិន​កំពុងតែ​វិនិយោគ​សាងសង់​កាស៊ីណូ​ធំៗ​ចំនួន ៣៧​ទីតាំង ដែល​ជា​ចំនួន​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​ព្រះសីហនុ និង​ប្រទេស​កម្ពុជា​ទាំង​មូល​តែ​ម្តង។

អ្នក​រិះគន់​និយាយថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ព្រងើយ​កន្តើយ មិនចាត់វិធានការ​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​លើ​ជនជាតិ​ចិន និង​ទេសចរ​ចិន​ដែល​មក​រកស៊ី និង​មក​កម្សន្ត​នៅ​ខេត្ត​ព្រះសីហនុ​ទេ ខេត្ត​នេះ​អាច​នឹង​ក្លាយ​ជា​ទីក្រុង​ចិន​ផ្ដាច់​មុខ ហើយដែល​ខ្មែរ​ម្ចាស់​ស្រុក​អាច​នឹង​ពិបាក​ចូលទៅ​កម្សាន្ត​នៅ​តំបន់​ឆ្នេរ​ដ៏ស្រស់​ស្អាត​មួយ​នេះ៕




អត្ថបទបន្ទាប់


ADB៖ ឆ្នាំនេះ និងឆ្នាំក្រោយ កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅតែ​រឹងមាំ ៧%

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានចេញរបាយការណ៍ថ្មីចុងក្រោយមួយ កាលពីថ្ងៃទី២៦ ខែកញ្ញា ដោយបានព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជ...

កម្ពុជា​រំពឹង​នាំ​ចេញ​ចេក​អំបូង​លឿង​ទៅ​ចិន ប្រមាណ​៣ម៉ឺន​តោន​ក្នុង​ឆ្នាំ​ដំបូង ២០១៩​ខាង​មុខ​នេះ

ព័ត៌មាន
កម្ពុជាគ្រោងនឹងធ្វើការនាំចេញចេកអំបូងលឿងជាលើកដំបូងបង្អស់របស់ខ្លួន ចំនួនប្រមាណ ៣ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារធំសម្រាប់ប្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ