លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ក្នុងការជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលជាទីតាំងរៀបចំព្រឹត្តិការណ៍តែម្តង។ អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ បានចាត់ទុកការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ATF ជាការបើកទំព័រប្រវត្តិសាស្ត្រសម្រាប់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាពិភពលោក បន្ទាប់វិស័យនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ អស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះ។
ស្រដៀងគ្នានេះដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាត់ទុកវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២២ នេះថា ជាការបើកទំព័រទេសចរណ៍អាស៊ានឡើងវិញ បន្ទាប់ពីកម្ពុជាខកខានក្នុងការរៀបចំនៅឆ្នាំ២០២១ នេះ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ឯកឧត្តមរំពឹងថា តាមរយៈវេទិកានេះក្រុមហ៊ុនរកស៊ីក្នុងវិស័យទេសចរណ៍នៅកម្ពុជា នឹងពង្រីកដៃគូធុរកិច្ចបានកាន់តែច្រើន ក្នុងការទាក់ទាញភ្ញៀវឲ្យមកកម្សាន្តនៅកម្ពុជា ក្រោយស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ មានភាពធូរស្បើយ។
លើសពីនេះ ឯកឧត្តម បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា តាមរយៈវេទិកានេះនឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើន ក្រោយស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយ ក្រោយមានពលរដ្ឋកាន់តែច្រើនបានចាក់វ៉ាក់សាំងរួចរាល់។
ឯកឧត្តម ថោង ខុន បានបញ្ជាក់មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសយកខេត្តព្រះសីហនុធ្វើជាទីតាំងរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០នៅឆ្នាំ២០២២យ៉ាងដូច្នេះថា៖«ខេត្តព្រះសីហនុមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសម្បទាទេសចរណ៍យ៉ាងល្អ មានព្រលានយន្តហោះអន្តរជាតិ ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ ដោយមិនចំាបាច់ប្ដូរជើងយន្តហោះ។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងសេវាកម្មទេចរណ៍នៅខេត្តនេះ អាចនឹងចប់មុនដំណាច់ឆ្នាំ២០២១»។
នៅក្នុងវេទិកាទេសចរណ៍អាស៊ាននេះ នឹងមានការរៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (NTOs) ថ្នាក់រដ្ឋមន្ត្រី កិច្ចប្រជុំអាស៊ានបូកបី(ឥណ្ឌា រុស្ស៊ី) ជាមួយដៃគូអាស៊ាននានា និងកម្មវិធីផ្សេងៗទៀត។ ជាពិសេសវេទិកានេះនឹងដាក់ចេញនូវយុទ្ធសាស្ត្រអាស៊ាន ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដែលប្រតិបត្តិករទេសចរណ៍ទន្ទឹងរង់ចាំ។ ព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២២ ខែមករា នៅខេត្តព្រះសីហនុ៕