កម្ពុជា-​ទួរគី-​ពាណិជ្ជកម្ម

កម្ពុជា, ទួរគី ប្ដេជ្ញាបង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់ ១ពាន់​លានដុល្លារអាមេរិក


នៅបន្ទាប់ពី​កិច្ច​ប្រជុំ​កំពូល​ អាស៊ី-អឺរ៉ុប (ASEM) នៅ​ទីក្រុង​ប្រ៊ូហ្ស៊ែល ប្រទេស​ប៊ែលហ្ស៊ិក ប្រមុខរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បន្ត​ដំណើរទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ទួរគី ដើម្បី​ជួប​ចរចា​​លើក​កម្ពស់​ទំនាក់​ទំនង​ការទូត និង​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា និង​ទួរគី។
សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជួបជាមួយ​លោក​ Tayyip Erdogan ប្រធានាធិបតី​ទួរគី នៅទីក្រុង​អ៊ិស្តង់ប៊ុល នាថ្ងៃទី២១ តុលា ២០១៨។ រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី​កម្ពុជា
ដោយ

នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ប្រធានាធិបតី​ទួរគី នៅទីក្រុង​អ៊ិស្តង់ប៊ុល ភាគី​ទាំងពីរ កម្ពុជា-​ទួរគី បាន​ព្រមព្រៀង​គ្នា​ បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​ឡើង​ដល់ ១ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ។ 

ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅកាន់​ប្រទេស​ទួរគី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរទស្សនកិច្ច​របស់​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ទៅចូលរួម​ជំនួប​ប្រជុំ​កំពូល​ អាស៊ី-អឺរ៉ុប​ នៅ​ទីក្រុង​ប្រ៊ូហ្ស៊ែល ប្រទេស​ប៊ែលហ្ស៊ិក ដែលនៅ​ទីនោះ ការ​គ្រោង​ដក​ការអនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី EBA របស់​សហភាពអឺរ៉ុប ពី​ប្រទេស​កម្ពុជា បានក្លាយ​​ជា​ប្រធានបទក្ដៅ​​នៃ​ជំនួប​ទ្វេ​ភាគី​របស់​សម្ដេចតេជោ ហ៊ុន សែន និង​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប។ 

ប៉ុន្តែ នៅ​ក្រោយ​ជំនួប​នោះ ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​ បានថ្លែងតាម​សារព័ត៌មានថា គេ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​ ដើម្បី​បញ្ជៀស​ការ​បើក​ដំណើរការ​នីតិវិធី​ដក​ការអនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃទី៥ តុលា ឆ្នាំ​២០១៨ មន្ត្រី​ជាន់ខ្ពស់ទទួល​បន្ទុក​ពាណិជ្ជកម្ម​របស់​សហភាពអឺរ៉ុប បាន​សរសេរ​អត្ថបទ​មួយ​ថា សហភាពអឺរ៉ុប​បាន​ប្រាប់​រដ្ឋាភិបាល​កម្ពុជា ថា ខ្លួន​បាន​និង​កំពុង​បើក​ដំណើរការ​នីតិវិធី​ដើម្បី​ដក​ការអនុគ្រោះពន្ធ​ក្រោម​កម្មវិធី EBA ពី​ប្រទេស​កម្ពុជា ដែល​នីតិវិធី​នេះ​អាច​នឹង​ត្រូវ​ចំណាយ​ពេល​ជាង ១ឆ្នាំ ទើប​ឈាន​ដល់​ការសម្រេច​ចុងក្រោយ​ជុំវិញថា តើ​ដក ឬ​មិន​ដក​ការអនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​នេះ។ 

ពី​ទីក្រុង​អ៊ិស្តង់ប៊ុល ប្រទេស​ទួរគី នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា កម្ពុជា​និង​ទួរគី​បាន​ព្រមព្រៀង​គ្នា​ បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី ឲ្យ​ឡើង​ដល់ ១ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ពេល​អនាគត​ដ៏ខ្លី និង​ថា កម្ពុជា​នឹង​បើក​ស្ថាន​ឯកអគ្គរាជ​​ទូត​នៅ​ប្រទេស​ទួរគី នៅឆ្នាំ​២០១៩ ខាងមុខ។ 

គួររំឭកថា បើ​តាម​តួលេខ​ឆ្នាំ​២០១៥ របស់​ក្រសួង​ការបរទេស​ទួរគី ពាណិជ្ជកម្ម​ទ្វេ​ភាគី​ ទួរគី-​កម្ពុជា មានចំនួន​ទឹក​ប្រាក់​ប្រមាណជិត ១១០លាន​ដុល្លារ​អាមេរិក។ ប្រទេស​ទួរគី បាន​បើក​ការិយាល័យ​ស្ថានទូត​របស់​ខ្លួន នៅ​ប្រទេស​កម្ពុជា កាលពីឆ្នាំ​២០១៣។

នៅ​ក្នុងជំនួប​ទ្វេ​ភាគី​រវាង​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក​ប្រធានាធិបតី​​ទួរគី ឯកសារ​កិច្ច​ព្រមព្រៀង និង​អនុស្សរណៈ​យោគយល់​គ្នា ចំនួន​ ៨ ត្រូវបាន​ចុះ​ហត្ថលេខា​រវាង​ប្រទេស​ទួរគី និង​ប្រទេស​កម្ពុជា៕




អត្ថបទបន្ទាប់


ចំណូលពីវិស័យល្បែងនៅម៉ាកាវ មានកំណើនជិត ២០%

ម៉ាកាវ ដែលត្រូវបានគេស្គាល់ច្បាស់ថា ជាទឹកដីសម្បូរទៅដោយឧស្សាហកម្មល្បែងនោះ នៅត្រីមាសទី៣ក្នុងឆ្នាំ ម៉ាកាវ រកចំណូលបានពីវិស័យឧស្សាហកម្មល្បែងជាង…

គម្រោង​ព្រលាន​យន្តហោះ​ប៉ោយប៉ែត ចាប់​បើក​ការ​សិក្សា​ឡើង​វិញ ក្រោយ​ផ្អាក​ជាង​១០​ឆ្នាំ

ក្រោយពី​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក គម្រោង​សាង​សង់​ព្រលាន​យន្តហោះ​ប៉ោយប៉ែត បាន​ប្រកាស​ចាប់​ផ្ដើម​ដំណើរការ​ការ​សិក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ