គម្លាតនៃ ទំនាក់ទំនងរវាងវិស័យថាមពលកម្ពុជា ស្ថិតនៅឆ្ងាយពីអាមេរិកនេះ គឺបន្ទាប់ពីក្រុមហ៊ុនរុករកប្រេងនិងផលិតដ៏ធំល្បីល្បាញដំបូងគេបង្អស់ របស់អាមេរិក គឺ ក្រុមហ៊ុន ឆេវ រ៉ុន បានបោះបង់ចោលការរុករកប្រេង និង ផលិត នៅក្នុងប្រទេសកម្ពុជា ដោយបានលក់ភាគហ៊ុនទាំងស្រុងទៅឲ្យក្រុមហ៊ុនរុករកប្រេងរបស់ប្រទេសសិង្ហបុរីមួយដែលមានឈ្មោះថា គ្រីសអេនជី។
ការទាញយកថាមពលប្រេងឥន្ធនៈនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានតែក្រុមហ៊ុនរុករកប្រេងមួយប៉ុណ្ណោះ ខណៈ៥ឆ្នាំមុននេះ ប្រទេសកម្ពុជាហាក់បីដូចជាមានក្តីសង្ឃឹមខ្ពស់ទៅលើក្រុមហ៊ុនរុករកប្រេងរបស់អាមេរិកដ៏ធំល្បីល្បាញមួយនៅលើពិភពលោកដែលមានឈ្មោះថា ឆេវ រ៉ុន ដែលអាចនឹងទាញយកផលប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនមកឲ្យកម្ពុជា ។ ប៉ុន្តែ ក្តីសង្ឃឹមនេះ ត្រូវបានរលាយសាបសូន្យទៅវិញ ដោយក្រុមហ៊ុនអាមេរិកនេះ បានដកខ្លួនចេញពីកម្ពុជាក្នុងការរុករកប្រេង និង ផលិត ជាហេតុធ្វើឲ្យទំនាក់ទំនងកម្ពុជា និង សហរដ្ឋអាមេរិកនៅក្នុងវិស័យថាមពលប្រេង ហាក់បីដូចជានៅឆ្ងាយដាច់ពីគ្នាដូចជើងមេឃដដែល។ មិនដឹងឆ្នាំណាទំនាក់ទំនងកម្ពុជា និង អាមេរិកទៅលើវិស័យថាមពលអាចនឹងត្រឡប់មកវិញដែរ ឬយ៉ាងណានោះទេ? ហើយគេរិតតែមិនដឹងថា តើកម្ពុជានឹងមានយុទ្ធសាស្ត្រយ៉ាងណាខ្លះ ដើម្បីទាក់ទាញចាប់យកវិនិយោគិនអាមេរិកឲ្យមកសិក្សាស្រាវជ្រាវ និងបោះទុនវិនិយោគនៅក្នុងវិស័យថាមពលប្រេងឥន្ធនៈឡើងវិញឆ្នាំណា នោះដែរទេ?
ជុំវិញទៅនឹងបញ្ហាការអភិវឌ្ឍយឺតយ៉ាវនៅក្នុងវិស័យថាមពលប្រេង បូករួមទាំង អវត្តមានក្រុមហ៊ុនរុក រកប្រេងរបស់អាមេរិកនៅកម្ពុជាខាងលើនេះ ត្រូវបានអ្នកសារព័ត៌មានកម្ពុជាចោទជាសំណូរ ទៅលោក ខេនឌី ឡុកស្តុន ឧបការីរង រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកការិយាល័យប្រភពធនធានថាមពល ថា តើត្រូវធ្វើដូចម្ត៉េចដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីចូលរួមចំណែកគាំទ្រការអភិវឌ្ឍប្រទេសជាតិក៏ដូចជា រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា ?
លោក ខេនឌី ឡុកស្តុន ឧបការីរង រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានឆ្លើយយ៉ាងខ្លីថា ៖“សម្រាប់ប្រទេសកម្ពុជា ពួកយើងនឹងមើលពីគោលនយោបាយយុទ្ធសាស្ត្រការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាជាច្រើនបន្ថែមទៀត ដើម្បីងាយ ស្រួលអាចឲ្យវិនិយោគិនអាមេរិកកាន់តែច្រើនចូលរួមមកធ្វើការវិនិយោគនៅកម្ពុជា”។
មិនមែនមានតែប្រទេសកម្ពុជាទេ ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវតែពង្រឹង និងមានផែនការអភិវឌ្ឍឆ្ពោះទៅមុខជាមួយនឹងយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ប្រទេសនីមួយៗឲ្យកាន់ល្អប្រសើរនៅក្នុងតំបន់ ដែលទាំងអស់នេះ ជាចំណុចដ៏សំខាន់ក្នុងគោលដៅ ដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិក។ នេះជាការបញ្ជាក់អះអាង របស់ លោកខេនឌី ឡុកស្តុន ឧបការីរង រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកការិយាល័យប្រភពធនធានថាមពលអាមេរិក ដែលបានផ្តល់បទសម្ភាសន៍មួយនឹងមួយជាមួយអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាក្នុងសាកលវិទ្យាល័យ តិចសាស ទីក្រុងអូសស្ទីន រដ្ឋតិចសាស សហរដ្ឋអាមេរិកក្នុងកម្មវិធីសិក្ខាសាលាស្តីពី សន្តិសុខថាមពល គឺជាសន្តិសុខជាតិ។
លោក ខេនឌី ឡុកស្តុន ឧបការីរង រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានឆ្លើយតបទៅនឹងសំណូរអ្នកសារព័ត៌មានអន្តរជាតិ ៨ប្រទេស មកពីអាស៊ី និង អឺរ៉ុប ដែរថា ការិយាល័យប្រភពធនធានថាមពល នៃក្រសួងការបទេសសហរដ្ឋអាមេរិក មានតួនាទីប្រឹក្សា ដឹកនាំផ្សាភ្ជាប់ជានឹងបណ្តាប្រទេសនៅលើពិភពលោកឲ្យកាន់តែល្អប្រសើរនៅក្នុងការវិនិយោគវិស័យថាមពល។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងមានការពង្រឹងគោលនយោបាយថាមពលអន្តរជាតិដើម្បីជំរុញវិស័យថាមពលសហរដ្ឋអាមេរិក និង ថាមពលពិភពលោកឲ្យមានសន្តិសុខ។
លោកបានបន្តយ៉ាងដូច្នេះថា៖ “ យើងត្រូវមើលប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
តើមានយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងណាខ្លះនៅឆ្នាំបន្តបន្ទាប់
ដើម្បីជាការទាក់ទាញការចាប់អារម្មណ៍អ្នកវិនិយោគអាមេរិក ទាំងវិស័យឯកជន និង រដ្ឋ
យើងនឹងមើលទៅលើបញ្ហាទាំងអស់នេះ” ។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីទទួលសិទ្ធិពេញលេញក្នុងការរុករកប្រេងនៅកម្ពុជាបន្ត ពីក្រុមហ៊ុនរុករកប្រេងអាមេរិក ឆេវរ៉ុន រួចមក ក្រុមហ៊ុន គ្រីសអេនជី បានកំណត់សន្យាយ៉ាងមុតមាំថា នឹងទាញយកដំណក់ប្រេងដំបូងកម្ពុជានៅចុងឆ្នាំ ២០១៩ ឬ ដើមឆ្នាំ ២០២០ ខាងមុខនេះ។
ប៉ុន្តែការសន្យារបស់ក្រុមហ៊ុនរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានដំណឹងគួរឲ្យរីករាយ ថា នឹងទទួលតំណក់ប្រេងដំបូងនៅឡើយទេ ប៉ុន្តែ បែរជាទទួលបានដំណឹងមិនល្អទៅវិញពាក់ព័ន្ធទៅនឹងក្រុមហ៊ុនរុករកប្រេងសិង្ហបុរី ដែលបានទិញភាគហ៊ុនទាំងអស់ពីក្រុមហ៊ុនអាមេរិក ឆេវ រ៉ុន បានប្រកាសពីបញ្ហាវិបត្តិហិរញ្ញវត្ថុ ដែលបាននិងកំពុងតែដោះស្រាយកែសម្រួលបញ្ហាបំណុលរបស់ខ្លួនទៅវិញ។
គិតមកដល់ខែកញ្ញាឆ្នាំនេះ ក្រុមហ៊ុនគ្រីសអេនជីកំពុងស្ថិតនៅក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលចំនួន ៤៧៦លានដុល្លារអាមេរិក ហើយបានស្នើឲ្យមានការផ្អាកការសងបំណុលបណ្តោះអាសន្នរយៈពេល ៦ ខែពីតុលាការជាន់ខ្ពស់ប្រទេសសិង្ហបុរី ដើម្បីកុំទាន់ឲ្យមានការអនុវត្តច្បាប់ និង នីតិវិធីច្បាប់របស់ម្ចាស់បំណុល។ នេះបើតាមរបាយការណ៍ស្រាវជ្រាវស្ថាប័នមួយឈ្មោះថា Fitch Solutions Macro Research ។ក្រុមហ៊ុនគ្រីសអេនជីរបស់សិង្ហបុរីមួយនេះ ក៏ធ្លាប់បានស្វែងរកដៃគូសក្កានុពល ដើម្បីធ្វើការចែករំលែកថ្លៃដើមនៃការអភិវឌ្ឍប្រេងនៅប្លុក អេ វិនិយោគដំណាក់កាលទី ១ ក្នុងទឹកប្រាក់ ២០០លានដុល្លារអាមេរិក។
ដូច្នេះ ការទទួលបានដំណក់ប្រេងជាលើកដំបូងរបស់កម្ពុជា អាចនឹងបញ្ហាពន្យាពេលតទៅទៀត ដោយមិនមានកាលកំណត់ច្បាស់លាស់នៅឡើយ ថាតើ ក្រុមហ៊ុនសិង្ហបុរីគ្រីសអេនជី បន្តការុករកតទៅទៀត ឬក៏បង់បោះចោល លក់ភាគហ៊ុនទៅឲ្យក្រុមហ៊ុនណាទៀតនោះទេ។
វិស័យថាមពលប្រេងឥន្ធនៈកម្ពុជានៅតែក្នុងភាពស្រពិចស្រពិលមិនច្បាស់លាស់ ហើយរិតតែមិនទាន់ ត្រៀមខ្លួនរួចរាល់នៅឡើយទេ ក្នុងការទាញយកតំណក់ប្រេងដំបូងរបស់ខ្លួនដើម្បីបំពេញតម្រូវការប្រើប្រាស់ចាំបាច់ស្របទៅតាមការអភិវឌ្ឍនៅក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា នៅឡើយទេ៕