ទំហំពាណិជ្ជកម្មរវាង វៀតណាម និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឃើញថា កម្ពុជា ឈរលំដាប់ទី ៦ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ ដែលបានធ្វើពាណិជ្ជកម្មជាមួយ វៀតណាម ហើយទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម គឺធំជាង ៣ប្រទេសផ្សេងទៀត រួមមាន ប្រ៊ុយណេ ឡាវ និងមីយ៉ាន់ម៉ា ខណៈដែលដៃគូពាណិជ្ជកម្មក្នុងតំបន់ធំជាងគេរបស់ វៀតណាម គឺប្រទេសថៃ ដែលមានទឹកប្រាក់ជាង ១២ពាន់លានដុល្លារអាមេរិក។
បើមើលពីទំហំទឹកប្រាក់នៃការនាំចូលពីប្រទេសវៀតណាមវិញ ហាក់បីដូចខ្ពស់ឆ្ងាយដាច់ជារៀងរាល់ឆ្នាំ ហើយទំនិញដែល វៀតណាម នាំចូលមក កម្ពុជា ភាគច្រើនជា ផលិតផលក្រដាសជាង ៦៨លានដុល្លារ គ្រឿងវាយនភណ្ឌជាង ៤៤០លានដុល្លារ គ្រឿងសមុទ្រជិត ៣០លានដុល្លារអាមេរិក ជីកសិកម្មជាង ៧៥លានដុល្លារ និងផលិតផលដែក ដែកថែប ជាង ៧៧០លានដុល្លារអាមេរិក។
យ៉ាងណាមិញ របាយការណ៍ដដែល មិនបានបញ្ជាក់ពី ផលិតផល ដែលនាំចេញពី កម្ពុជា ទៅកាន់វៀតណាម នោះទេ គ្រាន់តែបង្ហាញថា កម្ពុជា បាននាំចេញទៅ វៀតណាម ក្នុងទំហំទឹកប្រាក់ជាង ៧២០លានដុល្លារអាមេរិក។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា និងវៀតណាម បាននិងកំពុងជំរុញឲ្យ សកម្មភាពសេដ្ឋកិច្ចរវាងគ្នា បន្ថែមទៀត ហើយនៅថ្ងៃទី ២៤ ដល់ទី ២៦ ខែធ្នូ ខាងមុខនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-វៀតណាម ជាលើកដំបូងបង្អស់ នៅក្នុងផ្សារគំរូព្រំដែនកម្ពុជា ឬហៅថា ផ្សារដារ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាម គឺសម្រេចបានជាង ៤,៧ ពាន់លានដុល្លារអាមេរិក ហើយរំពឹងទុក នឹងកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិក មុនឆ្នាំ ២០២០ខាងមុខ៕