លោក ឃូរ ឈីនឃួរ នាយកគ្រប់គ្រងគម្រោងផ្សារផែកោះស្តេច បានគូសបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពលទេសចរណ៍របស់តំបន់តារាសាគរខេត្តកោះកុង ស្របពេលដែលតំបន់នេះ មានគម្រោងរីសត និងតំបន់ទេសចរណ៍ជាច្រើនបានជំរុញឱ្យក្រុមហ៊ុន Coastal City Development Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ តារាសាគរ បានបោះទុនវិនិយោគបន្ថែមលើគម្រោងផ្សារផែកោះស្តេច នៅក្នុងតំបន់តារាសាគរ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ផ្សារនេះជាផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលបណ្តុំដោយគ្រឿងសមុទ្រស្រស់ៗ និងអាជីវកម្មចម្រុះសម្បូរបែប ដែលនឹងក្លាយទៅជាចំណុចទាក់ទាញដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអ្នកវិនិយោគ។
ពាក់ព័ន្ធគម្រោងនេះដែរ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ជឿជាក់ថា គម្រោងនេះនឹងក្លាយជាសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញមួយក្នុងការស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកវិនិយោគ ប្រសិនបើគម្រោងនេះពិតជាអាចលេចចេញជារូបរាងមែននោះ។ ទន្ទឹមនឹងនេះអ្នកជំនួញរូបនេះ បានចាត់ទុកការដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិ តារាសាគរសម្រាប់ការហោះក្នុងស្រុកកាលពីពេលថ្មីៗ ជាការបើកច្រកដ៏សំខាន់ក្នុងការតភ្ជាប់វិស័យទេសចរណ៍ និងវិនិយោគចូលទៅកាន់ខេត្តជាប់មាត់សមុទ្រមួយនេះ។
ជុំវិញការព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋ ដែលខ្លាចគម្រោងផ្សារផែកោះស្តេច មានតែគម្រោងមិនមានការអភិវឌ្ឍនោះ ត្រូវបាននាយកគ្រប់គ្រងគម្រោងខាងលើអះអាងថា ម្ចាស់គម្រោងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសាងសង់គម្រោងនេះឱ្យចេញជារូបរាងពិតប្រាកដ ខណៈបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់គម្រោងនេះមួយចំនួនបាន និងកំពុងសាងសង់។
គួរជម្រាបថា គម្រោងផ្សារផែកោះស្តេចអភិវឌ្ឍលើផ្ទៃដីជិត២ហិកតា ដោយគម្រោងនេះមានតូបអាជីកម្មចំនួន៣១០ទីតាំងក្នុងការបម្រើសេវាកម្មជូនដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តកោះកុង និងតំបន់កោះស្តេចរួមទាំងកោះផ្សេងៗទៀត៕