នាពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចជិត៦ពាន់នាក់កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តក្រើនរំលឹកដល់អត្តពលិកកម្ពុជាឲ្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឲ្យបានល្អ បើទោះបីពួកគេទទួលបានលទ្ធផលល្អ ឬមិនល្អក៏ដោយ។ ការក្រើនរំលឹកបែបនេះ ក៏ដោយសារសម្តេចយល់ថា ការធ្វើជាម្ចាស់ផ្ទះមិនមែនតំណាងឲ្យត្រឹមតែប្រជាជនកម្ពុជាទាំង១៧លាននាក់នោះទេ តែវាជាទំនួលខុសត្រូវរបស់កម្ពុជាសម្រាប់ប្រជាជនជាង៦០០លាននាក់នៅតំបន់អាស៊ានទាំងមូល។ ជាមួយគ្នានេះសម្តេចតេជោលើកទឹកចិត្តឲ្យកីឡាករកីឡាការិនីកម្ពុជា ដែលមិនទទួលបានមេដាយកុំបាក់ទឹកចិត្ត ព្រោះការប្រកួតកីឡាវាតែងតែមានឈ្នះ និងចាញ់ជារឿងធម្មតាសម្រាប់វិស័យកីឡា។
សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ការមិនយកថ្លៃលើការហូបចុក និងស្នាក់នៅពីប្រតិភូកីឡាអន្តរជាតិ ដែលជាទូទៅពួកគេត្រូវបង់ម្នាក់៥០ដុល្លារក្នុង១ថ្ងៃ សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា វានឹងក្លាយជាប្រវត្តិសាស្ត្រ និងបន្សល់ទុកកេរិ៍ឈ្មោះដល់ប្រជាជនកម្ពុជានៅជំនាន់ក្រោយៗរាប់រយឆ្នាំទៅមុខទៀត ព្រោះសម្រាប់សម្តេចតេជោ លុយចាយអស់តែកេរិ៍ឈ្មោះចាយមិនអស់នោះទេ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងឆ្លាក់កំណត់ត្រានៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅវិមានឈ្នះៗសម្រាប់បន្សល់ទុកដល់កូនចៅជំនាន់ក្រោយផងដែរ។
គួរបញ្ជាក់ថា ក្រោយឆ្លងកាត់ការប្រកួតអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កម្ពុជាទទួលបានលទ្ធផលមិនសូវល្អនោះទេ ដោយកំពុងឈរចំណាត់ថ្នាក់ទី៨នៃតារាងមេដាយសរុប ដែលមានឥណ្ឌូនេស៊ីឈរកំពូលតារាង និងវៀតណាមឈរលេខរៀងទី២។ តាមផែនការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានដាក់គោលដៅដណ្តើមមេដាយមាសឲ្យបានចំនួន៨ តែបច្ចុប្បន្នទើបដណ្តើមបានមេដាយមាស២ប៉ុណ្ណោះ ខណៈសម្តេចតេជោ ហ៊ុន សែន រំពឹងថា អត្តពលិកកម្ពុជានឹងអាចសម្រេចគោលដៅមួយនេះ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ថវិកាជិត១២០លានដុល្លារអាមេរិកសម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រមួយនេះ។ អ្វីដែលធ្វើឲ្យប្រទេសនៅក្នុងតំបន់ និងលើពិភពលោកកោតសរសើរ និងចោលក្រសែភ្នែកមកមើលកម្ពុជានោះ គឺក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងកម្ពុជាសម្រេចមិនយកថ្ងៃអាហារ និងការស្នាក់នៅរបស់ប្រតិភូកីឡាអន្តរជាតិ ដែលជាទូទៅពួកគេត្រូវបង់ម្នាក់៥០ដុល្លារអាមេរិក។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានប្រតិភូកីឡាជាតិ និងអន្តរជាតិចូលរួមសរុបជិត២ពាន់៧រយនាក់ ក្នុងនោះម្ចាស់ផ្ទះកម្ពុជាបានដាក់កីឡាចំនួន១២ប្រភេទឲ្យចូលរួមប្រកួតប្រជែង។ ព្រឹត្តិការណ៍ ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខណៈពិធិបើកបិទធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕