ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា «កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១» ជាសកម្មភាពមួយក្នុងចំណោមកម្មវិធីស្នូលរបស់សហគ្រិនខ្មែរ ក្នុងការលើកស្ទួយវិស័យសហគ្រិនភាព នៅកម្ពុជាឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតបរិយាកាសអំណោយផលដល់សហគ្រិន ឲ្យបានសិក្សា រៀនសូត្រ សាកល្បងសមត្ថភាព និងកសាងបណ្ដាញក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងរឹងមាំ ក្នុងគោលដៅកសាងភាពរឹងមាំ ភាពធន់ និងទ្រទ្រង់ចីរភាព កំណើននៃសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលវែង។
ជាមួយគ្នានោះ នាយកប្រតិបត្តិសហគ្រិនខ្មែរ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ក៏បានគូសបញ្ជាក់ដែរថា សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គ្រប់តំបន់នៅក្នុងប្រទេសកម្ពុជា ឲ្យបានទូលំទូលាយ និងគ្របដណ្តប់សហគ្រិនគ្រប់ប្រភេទ សំដៅបង្កើន សហគ្រិនជំនាន់ថ្មី ដែលនឹងជំនួស ឬបន្ថែម ជាធនធានមនុស្ស ដើម្បីបង្កើតអាជីវកម្មបែបថ្មី ឲ្យកាន់តែច្រើន។ សហគ្រិនខ្មែរ រំពឹងថា នឹងបន្តរៀបចំកម្មវិធី ប្រកួតនិងប្រគល់ពានរង្វាន់ បែបនេះឲ្យក្លាយ ជាព្រឹត្តិការណ៏ប្រចាំឆ្នាំ ក្នុងការលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកឲ្យចូលរួម ប្រកួតប្រជែងបង្កើន សមត្ថភាព និងអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។
សូមបញ្ជក់ថា កម្មវិធី «ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១» ត្រូវបានរៀបចំអស់រយៈពេលពេញ១ឆ្នាំ ដែលតម្រូវឲ្យមានការលើកទឹកចិត្តទៅតាមតម្រូវការរៀងៗខ្លួន។ ការប្រគល់ពានរង្វាន់នេះត្រូវបានបែងចែកជា ៣ប្រភេទ រួមមាន៖ ពានរង្វាន់ពន្លកសហគ្រិន ពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចថ្មី និងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា៕