ការចំណាយ​ថវិកាជាតិ-កម្ចីបរទេស

ឆ្នាំ ២០១៩នេះ កម្ពុជាខ្ចីលុយបរទេសតែប្រមាណ ២០ ភាគរយ​ប៉ុណ្ណោះ ដើម្បីបង្គ្រប់ការចំណាយជាង ៦ពាន់លានដុល្លារ


នៅឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើនការចំណាយថវិការដ្ឋសរុប រហូតដល់ប្រមាណជាង ៦ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការអភិវឌ្ឍ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ដើម្បីបង្គ្រាប់ការចំណាយនេះ រាជរដ្ឋាភិបាលបានខ្ចីលុយពីបរទេសប្រមាណ ២០% ខណៈដែលរដ្ឋមានថវិកាខ្លួន ៨០%រួចហើយ សម្រាប់ចំណាយនៅឆ្នាំ ២០១៩នេះ។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព៖ ទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រី)

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខា​ធិការ​​ក្រសួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក​ឡើងថា ការចំណាយ​​របស់​រាជរដ្ឋាភិបាល​​កាន់តែ​មាន​ភាពម្ចាស់​ការ​ជាងមុន ពោលគឺ នៅឆ្នាំ ២០១៩នេះ ដើម្បី​​បង្គ្រប់​​ការចំណាយ​​ថវិការដ្ឋ​​សរុប​​នឹង​​ជាង ៦ពាន់​លាន​ដុល្លារ​អាមេរិក រដ្ឋត្រូវការ​​ពឹង​លើកម្ចី​​ពីបរទេស​​​ប្រមាណ តែ ២០% ប៉ុណ្ណោះ ក្នុង​ក្រប​ខណ្ឌ​​​ទេ្វភាគី និង​ពហុភាគី ក៏ដូចជា​​ដៃគូ​អភិវឌ្ឍន៍។

ទាក់ទង​​រាល់​កម្ចី​​ដែល​​រាជរដ្ឋាភិបាល​​បានខ្ចី​​ត្រូវបាន ឯកឧត្តម​ វង្សី វិស្សុត អះអាងថា​ សុទ្ធ​សឹងជា​​កម្ចី​ឥណទាន ​ដែលមាន​កម្រិត​​សម្បទាន និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ ហើយគិត​មកទល់​ពេលនេះ កម្ពុជាមិនបាន​ខ្ចី​កម្ចី​​ពាណិជ្ជកម្ម​នោះ​ឡើយ។

បើតាមរបាយការណ៍ សន្និធិបំណុល​​សាធារណៈ​ក្រៅ​ប្រទេស​​របស់​កម្ពុជា នៅឆ្នាំ២០១៨ មា​នប្រមាណ៦.៩០០ លាន​ដុល្លារ​អាមេរិក ធៀបនឹង​ទំហំ​​ផលិតផល​ក្នុងស្រុក​​សរុប​ គឺទើបតែ​មាន​​ប្រមាណ​​ជាង ៣០%ប៉ុណ្ណោះ ខណៈដែល​​នៅឆ្នាំ ២០១៩នេះ រាជរដ្ឋាភិបាល​​គ្រោង​នឹង​ពង្រីក​បំណុល​សាធារណៈ​ក្រៅ​ប្រទេសនេះ រហូតដល់​ជាង ៧.៨០០ លាន​ដុល្លារ​អាមេរិក។ បើតាម​​ការ​បញ្ជាក់ ពីឯកឧត្តម វង្សី វិស្សុត កម្ពុជា​​នៅមាន​​សមត្ថភាព​ខ្ចី​បំណុល​លើស​ពី​នេះ​ថែម​ទៀត ព្រោះបើ​មើលទៅ​លើ​តួលេខ​​កម្រិត​បំណុល​ប៉ុណ្ណឹង នៅតូច​នៅ​ឡើយទេ ពោលគឺមិន​មាន​អ្វីចោទ​ជាបញ្ហា​នោះ​ឡើយ។ ​

ឯកឧត្តម វង្សី វិស្សុត បាន​គូស​បញ្ជាក់​ទៀតថា នៅ៥ឆ្នាំចុង​ក្រោយនេះ ការចំណាយ​​ថវិការដ្ឋ​ គឺចាយ​បាន​ចំគោលដៅ​ច្រើន ពិសេស​​គឺចំណាយ​​លើការ​អភិវឌ្ឍ​ទៅដល់​ទីជនបទ តាមរយៈ​វិស័យ​អប់រំ សុខាភិបាល និងហេដ្ឋា​រចនាសម្ព័ន្ធ។

បើតាមរបាយ​ការណ៍​បង្ហាញថា ការចំណាយ​​ថវិការដ្ឋ​នៅឆ្នាំនេះ មាន​ប្រមាណ​ជិត ​២៥% នៃ​ផលិត​ផល​​ក្នុង​ស្រុក​សរុប​ ខណៈដែល​ចំណូល​​ក្នុង​ប្រទេស​ថវិកា​រដ្ឋវិញ គ្រោងនឹង​ពង្រីក​​ដល់​ជិត ​២០% នៃផលិតផល​​ក្នុង​ស្រុក​សរុប​ផងដែរ។ ដោយឡែក កាលពីឆ្នាំ ២០១៨ ការចំណាយ​​ថវិកា​រដ្ឋ​​សរុប​​មាន​ ៦.០៣៦ លាន​ដុល្លារ​អាមេរិក ដែលត្រូវ​ជា​ជាង ២៤,៥% នៃផលិតផល​ក្នុងស្រុក​សរុប ពោលគឺការចំណាយនេះ មានការកើនឡើងជិត២ដង។

រដ្ឋាលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ដដែលនេះ បាន​បន្ថែម​ទៀតថា បើធៀប​នឹងការ​ចំណាយ​ថវិកា​រដ្ឋ​​នៅឆ្នាំ​២០១៨ ឃើញថា ផែនការ​​ចំណាយ​​នៅឆ្នាំ ២០១៩នេះ ហាក់មាន​​កំណើន​​តិចតួច​ប៉ុណ្ណោះ ព្រោះនៅ​ឆ្នាំនេះ រដ្ឋ​​បាន​បង្រួម​ការចំណាយ​​បន្តិច ដោយសារតែ​ការចំណាយ​​កាលពី​ឆ្នាំ ២០១៨ មាន​ទំហំធំ​គួរឲ្យ​កត់សម្គាល់។

ជាមួយគ្នានេះដែរ បើពិនិត្យ​ទៅមើល​​​អត្រា​ភាព​ក្រីក្រ​​​របស់​​ប្រជាពលរដ្ឋ​​វិញ កម្ពុជា​​​គឺ​មាន​​​អត្រា​​ប្រមាណ​ក្រោម ១០%  ហើយបើ​តាម​​ការ​បញ្ជាក់ពី ឯកឧត្តម​ វង្សី វិស្សុត បើនិយាយ​ពី​ការកាត់​បន្ថយភាព​​ក្រី​ក្រ ក៏ដូចជា​​​វិសមភាព​​សង្គម រវាងអ្នកមាន និងអ្នកក្រវិញ កម្ពុជា​ធ្វើ​បានល្អគេ​នៅអាស៊ី​អាគ្នេយ៍។ ឯកឧត្តម បាន​ប្រៀបធៀប​​កម្ពុជា ជាមួយ​នឹង​ប្រទេស​វៀតណាមថា នៅប្រទេស​វៀតណាម​អត្រាភាពក្រីក្រ​មាន​តែ​ ៣% ប៉ុណ្ណោះ តែកម្ពុជា​យើង​មាន ៩% ប៉ុន្ដែ បើមើល​លើ​វិសមភាព​វិញ កម្ពុជា​យើងមាន​តែ ០,២៩%ប៉ុណ្ណោះ តែវៀតណាម​វិញមាន​រហូត​ដល់ ០,៣៤% ឯណោះ។  

សូមបញ្ជាក់ថា បើតាម​ការព្យាករណ៍​ពីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បានបង្ហាញ​ថា នៅឆ្នាំ​២០១៩ នេះកំណើន​សេដ្ឋកិច្ច​កម្ពុជា អាច​នឹងថមថយ​មកវិញ ពោលគឺ​មកនៅ​ត្រឹម ៧,១% ប៉ុណ្ណោះ ខណៈនៅឆ្នាំ២០១៨ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បានកំណើន​រហូត​ដល់ ៧,៣%។

ទោះយ៉ាងណា​ បើតាម​​ការបញ្ជាក់​ក្នុងរបាយការណ៍​របស់​​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច​កម្ពុជា នៅតែ​​ប្រឈម​​ហានិភ័យ​មួយ​ចំនួន​រួមទាំង​កត្តា ខាងក្រៅ និងខាងក្នុង។ នៅក្នុង​​បរិបទ​នៃបញ្ហា​​ប្រឈម ​និងហានិភ័យនេះ រាជរដ្ឋាភិបាល​​បាន​ដាក់​ចេញ​​នូវវិធាន​ការ​​គោល​នយោបាយ​​មួយចំនួន ​ដើម្បី​​បន្ត​ជំរុញកំណើន​សេដ្ឋកិច្ច ឲ្យ​នៅតែ​រឹងមាំ។

ទីមួយ គឺពង្រឹង​ភាព​ប្រកួត​ប្រជែង តាមរយៈ​​ការ​អភិវឌ្ឍ​​លើប្រព័ន្ធ​​ឡូជីស្ទិក និងដឹកជញ្ជូន, កាត់បន្ថយ​​ថ្លៃ​អគ្គិសនី, កិច្ចសម្រួល​ពាណិជ្ជកម្ម​ និងអភិវឌ្ឍ​ជំនាញ​​ធនធាន​មនុស្សជាដើម។ និងទី២ គឺ ធ្វើ​​ពិពិធកម្ម​សេដ្ឋកិច្ច តាមរយៈ​ការធ្វើទំនើប​កម្ម​វិស័យ​កសិកម្ម និងពិពិធកម្ម​ទេសចរណ៍, អនុវត្ត​គោលនយោបាយ​​អភិវឌ្ឍន៍​ឧស្សាហកម្ម និងជាពិសេស ការអភិវឌ្ឍ​សហគ្រាស​​ធុនតូច និងមធ្យម ដោយ​នឹង​បង្កើត​ឲ្យ​​មាន​ធនាគារ SME ដែល​នឹងអាច​ដាក់ឲ្យ​ដំណើរ​ការ​​នៅចុង​ឆ្នាំនេះ៕ 

None



អត្ថបទបន្ទាប់


ជីប ម៉ុង សម្រុកវិនិយោគផ្ទួនៗ ដើម្បីគ្រងតំណែង «ជើងឯកពាណិជ្ជកម្ម ឆ្នាំ ២០១៩»?

នៅក្នុងរយៈពេលមិនដល់មួយខែផង ក្នុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុន ជីប ម៉ុង ដែលសាធារណៈទូទៅទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដោយខ្មែរ ១០០ភាគរយនិង …

ធនាគារ អេស៊ីលីដា ចាប់ដៃគ្នា​ជាមួយ ការិយាល័យឥណទានកម្ពុជា ផ្ដល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ

ការត្រួតពិនិត្យលើសុខភាពហិរញ្ញវត្ថុ មុននឹងស្នើសុំឥណទាន គឺជារឿងមួយសំខាន់ណាស់ ហើយក៏ជាការតម្រូវមួយ ពីសំណាក់រាជរដ្ឋាភិបាលជាអាណាព្យាបាលផងដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ