អ្នកជំនាញមានសុទិដ្ឋិនិយមថា ផ្អែកលើស្ថានភាព និងតម្រូវទីផ្សារបច្ចុប្បន្ន កម្ពុជានឹងអាចមានឱកាសជំរុញការនាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារទាំងពីរឲ្យកាន់តែច្រើនបន្ថែមទៀត ជាពិសេសជួយធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងកម្ពុជា-វៀតណាមកាន់តែរឹងមាំផងដែរ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅ៨ខែឆ្នាំ២០២៣ កម្ពុជាសម្រេចបានទំហំទឹកប្រាក់សរុបជាង១៥ពាន់៦រយលានដុល្លារពីការនាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិ។ ដ្បិតថា ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ហាក់មានការថយចុះក្តី តែអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីផ្សារធំៗរបស់កម្ពុជា និងទទួលបានចំណូលច្រើនជាងគេពីការនាំចេញរយៈពេល៨ខែឆ្នាំនេះ ពោលសម្រេចបានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ បានថយចុះជិត៥% បើធៀបនឹងរយពេលដូចគ្នានៅឆ្នាំមុន។ ទីផ្សារធំបន្ទាប់មកគឺប្រទេសវៀតណាម ដោយកម្ពុជាបាននាំចេញទៅប្រទេសនេះមានទំហំទឹកប្រាក់ជាង១,៨ពាន់លានដុល្លារ កើនឡើងជាង៥% បើធៀបនឹងឆ្នាំមុន។ រីឯការនាំចេញទៅចិន ដែលជាទីផ្សារស្ថិតក្នុងចំណាត់ថ្នាក់ទី៣ សម្រេចបានទំហំទឹកប្រាក់ជាង៩រយលានដុល្លារកើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
បើទោះពីការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិន និងវៀតណាម នៅ៨ខែឆ្នាំនេះ មានទំហំទឹកប្រាក់តិចជាងការនាំចេញទៅសហរដ្ឋអាមេរិកក្តី តែអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាកត់សម្គាល់ឃើញថា ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសចិន និងវៀតណាម ហាក់កាន់តែបង្ហាញសញ្ញាណវិជ្ជមាន និងមានប្រសើរឡើងគួរឲ្យកត់សម្គាល់។ ផ្អែកលើស្ថានភាព និងតម្រូវទីផ្សារបច្ចុប្បន្នអ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជានឹងអាចជំរុញការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសផ្សារទាំងពីរឲ្យកាន់មានភាពល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា នៅ៨ខែឆ្នាំ២០២៣នេះ ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់សរុបជិត៣២ពាន់លានដុល្លារ មានការថយចុះ ១៤,៥% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង១៥ពាន់លានដុល្លារ កើនឡើង០,៤% ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិមកកម្ពុជាវិញមានទំហំទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ ថយចុះជាង២៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕