នៅចំពោះមុខប្រមុខការទូតកម្ពុជា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានឯកភាពចំពោះសំណើកម្ពុជា ដែលស្នើឱ្យចិនសិក្សាលទ្ធភាពពង្រីក និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា និងផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំដៅបង្កើនចំនួនកម្លាំងពលកម្មជំនាញនៅកម្ពុជា។ ជាមួយគ្នានេះភាគីចិន ក៏បានបញ្ជាក់ពីជំហរបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា រួមមាន ផ្នែកដឹកជញ្ជូនឡូជីស្ទិក ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធធារាស្ត្រ រួមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ក៏ដូចជាសន្យាជួយជំរុញក្រុមហ៊ុន និងសហគ្រាសចិន ឱ្យមកវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា ថែមទៀតផងដែរ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា តាមរយៈលទ្ធផលនេះ វានឹងផ្តល់ផលវិជ្ជមានច្រើនជាបន្តបន្ទាប់ទៀតសម្រាប់កម្ពុជា ដ្បិតថា លំអានវិនិយោគពីប្រទេសចិន មកកម្ពុជាកន្លងមក បានជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាជាច្រើន។ ហើយតាមរយៈការជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែម ក៏ដូចជាជំរុញឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បន្ថែមទៀតនេះ លោកជឿជាក់ថា វានឹងកាន់តែជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកធំធាត់បានលឿនបន្ថែមទៀត។
គួរជម្រាបថា កម្ពុជា-ចិន បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងមានសក្តានុពលដូចជាអប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម។ ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្ដូរទស្សនៈ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម ហើយបានអះអាងជាថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមមានអាស៊ាន-ចិន មេគង្គ-ឡានឆាង និងអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ទន្ទឹមនេះ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី១៩ របស់គណកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន កាលពីខែមេសាកន្លងទៅ ក៏ដូចជាវឌ្ឍនភាពនៃការអនុវត្តកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ជាពិសេសការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និង ច្រករបៀងមច្ឆា និងអង្ករ-កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាតការអភិវឌ្ឍផ្លូវដែក និងការជំរុញកំណើនពាណិជ្ជកម្មតាមរយៈការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនផងដែរ៕