ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ជំពាក់បំណុលគេជាង១១ពាន់៦រយលានដុល្លារអាម៉េរិក ក្នុងនោះស្ទើរ១០០% ជាបំណុលក្រៅប្រទេស។ ក្នុងចំណោមបំណុលទាំងនេះ កម្ពុជា បានខ្ចីក្នុងក្របខណ្ឌទ្វេភាគីប្រមាណ៦៤% និងក្របខណ្ឌពហុភាគីចំនួន៣៦%។ ប្រទេសចិន នៅតែជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា បន្ទាប់មកជប៉ុន កូរ៉េខាងត្បូង និងបារាំង។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា កម្រិតបំណុលសាធារណៈរបស់កម្ពុជានេះ បើធៀបនឹងកម្រិតកំណើនសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន គឺជាកម្រិតមួយដែលអាចគ្រប់គ្រងបាន។ តែយ៉ាងណាអ្នកជំនាញរូបនេះវាយតម្លៃថា កម្ពុជាគួរមានការគិតពិចារណាបន្ថែមទៅលើបញ្ហានេះ ដ្បិតថា ទិដ្ឋភាពហិរញ្ញវត្ថុរបស់ពលរដ្ឋមួយចំនួននៅតែស្ថិតក្នុងការរឹតត្បិត ហើយកម្ពុជា ក៏កំពុងទទួលការគំរាមដកការអនុគ្រោះ EBA បន្ថែមទៀតពីសហភាពអឺរ៉ុប ដែលវាអាចជះឥទ្ធិពលដល់បរិយាកាសវិនិយោគបរទេសនៅកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើបញ្ហាប្រឈមទាំងនេះមិនត្រូវបានដោះស្រាយទេនោះ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រមូលពន្ធរបស់កម្ពុជា នៅឆ្នាំខាងមុខ ខណៈនៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលមានផែនការខ្ចីបំណុលសាធារណៈប្រមាណ២ពាន់លានដុល្លារបន្ថែមទៀត ដែលជំរុញឱ្យបំណុលធារណៈរបស់កម្ពុជា កាន់តែកើនឡើងជាបន្តបន្ទាប់។
ពាក់ព័ន្ធបំណុលសាធារណៈរបស់កម្ពុជា នេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា កម្រិតបំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្ន គឺស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាពនិងហានិភ័យកម្រិតទាប ដោយសារតែកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ តាមរយៈក្របខ័ណ្ឌគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ជាក់ស្ដែង រាជរដ្ឋាភិបាល បានអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវវិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈជាបន្តបន្ទាប់ ជាពិសេសគោលការណ៍គន្លឹះទាំង៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ។
ថ្នាក់ដឹកនាំកំពូលនៃក្រសួងសេដ្ឋកិច្ច បានបន្ថែមថា ទន្ទឹមនឹងការប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះទាំង៥ ការផ្លាស់ប្តូរឆ្នាំគោលថ្មីនៃគណនេយ្យជាតិ ឆ្នាំ២០១៤ នឹងធ្វើឱ្យសមត្ថភាពខ្ចីរបស់កម្ពុជា កើនខ្ពស់ជាងមុន ដែលផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលអាចកៀរគរហិរញ្ញប្បទានពីការខ្ចីបានច្រើនបន្ថែមទៀត សម្រាប់យកមកបំពេញតម្រូវការវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាពនានា សំដៅរួមចំណែកជួយពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែង ដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្នឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
សូមជម្រាបថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបជាង១ពាន់លានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណ៤៦% នៃពិតានដែលច្បាប់អនុញ្ញាត ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឃើញថា មានការកើនឡើង៧%។ ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ដោយមានធាតុអំណោយជាមធ្យមប្រមាណ៤៧% ខណៈគោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម៕