ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២២ ប្រធានរដ្ឋសភា នៃប្រទេស កម្ពុជា-ឡាវ-វៀតណាម បានចេញសេចក្ដីថ្លែងការណ៍រួម ស្តីពីការបង្កើតកិច្ចប្រជុំកំពូលសភា CLV និងកំណត់ការអនុម័តជាផ្លូវការនូវនីតិវិធីនៃកិច្ចប្រជុំ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ប្រធានរដ្ឋសភាទាំងបី បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីថែរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាង រដ្ឋសភា នៃប្រទេសទាំងបី ដោយជំរុញកិច្ចសហប្រតិបត្តិការនយោបាយវប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៃប្រទេសទាំងបី។
ជាមួយគ្នានេះ ប្រធានរដ្ឋសភា នៃប្រទេសទាំងបី ក៏បានយល់ព្រមលើកយន្តការដែលមានស្រាប់ នៃកិច្ចប្រជុំគណៈកម្មាធិការ/គណៈកម្មការកិច្ចការបរទេស CLV ទៅជា «កិច្ចប្រជុំកំពូលសភា CLV»។ ដែលកិច្ចប្រជុំកំពូលនេះមានគោលបំណងដូចជា ទី១.ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងចំណោមប្រទេស CLV។
ទី២.ជំរុញការផ្លាស់ប្តូរ និងការផ្សព្វផ្សាយ ព័ត៌មាន បទពិសោធន៍ និងការអនុវត្តឱ្យបានល្អលើមុខងារ និងភារកិច្ចរបស់សភាជាតិ CLV។ និងទី៣. កៀរគរធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (CLV-DTA)។ ដោយឡែកចំពោះកិច្ចប្រជុំកំពូលលើកទីមួយ នឹងធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភានៃប្រទេសឡាវ នៅឆ្នាំ២០២៣។
សូមជម្រាបថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសភានេះ នឹងបង្កើតផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀត ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់សន្តិភាព និងវិបុលភាព (M4P2) សម្រាប់ប្រជាជន នៃប្រទេសទាំងបី និងលើសពីនេះទៀតផងដែរ៕