ដើម្បីលើកកម្ពស់វប្បធម៌ត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា គឺជាទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលផ្ដោតសំខាន់លើប្រធានបទ«បង្កើនការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដើម្បីភូមិ ឃុំមានសុវត្ថិភាព និងភាពធន់»។
ថ្លែងនៅក្នុងទិវាជាតិគ្រប់គ្រងគ្រោះហន្តរាយនៅថ្ងៃទី១៣ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អស់រយៈពេលជិត ២ឆ្នាំកន្លងមកនេះ នៅទូទាំងពិភពលោក ជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលជាសញ្ញាគ្រោះថ្នាក់មហន្តរាយដ៏កាចសាហាវ មិនទាន់ធូរស្បើយនៅឡើយ ស្រាប់តែមានគ្រោះមហន្តរាយធម្មជាតិ ដែលបណ្ដាលមកពីការកើនកម្ដៅផែនដីបន្ថែមទៀតនៅឆ្នាំ២០២១នេះ។ ការណ៍នេះ បានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោក ជួបនូវគ្រោះមហន្តរាយ ដូចជា ភ្លើងឆេះព្រៃ ព្រុះសង្ឃរា ទឹកជំនន់ ជាដើម ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស។
ក្នុងនោះ កម្ពុជា ក៏មិនខុសនឹងប្រទេសដទៃលើពិភពលោក ដែលកំពុងជួបគ្រោះមហន្តរាយដោយវិបត្តិកូវីដ-១៩ និងមេរោគបំប្លែងថ្មី រួមទាំងគ្រោះមហន្តរាយធម្មជាតិផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់ និងដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះសំខាន់ៗ ជាបន្តបន្ទាប់។ ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះមន្តរាយ ដែលបង្ករដោយវិបត្តិកូវីដ-១៩ និងគ្រោះធម្មជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរក្សានូវគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន បើទោះបីប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់ក្ដី។
ទន្ទឹមនោះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យ ក្រសួង-ស្ថាប័ន ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវប្បធម៌ចែករំលែកដោយឈរលើស្មារតីជួយគ្នាទៅវិញទៅមក សហការឱ្យបានរឹងមាំថែមទៀត ជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិ។ បន្តពង្រឹងស្មារតីសាមគ្គីភាពនិងឯកភាពជាតិ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវបង្កើនការយល់ដឹងអំពីឥទ្ធិពលប៉ះពាល់ពីគ្រោះមហន្តរាយ។ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវផងដែរ ដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងវិស័យឯកជន ដៃគូរអភិវឌ្ឍ ចូលរួមផ្សព្វផ្សាយ និងកៀរគរធនធានចាំបាច់ ដើម្បីអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព សម្រាប់ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា ដើម្បីត្រៀមបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានបង្កើនសមិទ្ធផលជាច្រើន ដូចជា ការពង្រឹងការគ្រប់គ្រងធនធានទឹក ការស្ដារនិងកសាងរចនាសម្ព័ន្ធស្រោចស្រព អាងស្តុកទឹក ប្រឡាយ សំណង់ទ្វារទឹក ប្រព័ន្ធរំដោះទឹក និងទំនប់ការពារទឹកជំនន់ ជាដើម៕