ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងមួយឆ្នាំៗកម្ពុជាមានកំណើនប្រជាពលរដ្ឋគ្រប់អាយុចូលធ្វើការប្រមាណ ៣សែននាក់ ប៉ុន្តែអ្នកស្វែងរកការងារធ្វើមួយចំនួននៅតែជួបការលំបាក ឬមិនអាចរកការងារធ្វើបាន ឬធ្វើការងារ ដែលមិនត្រូវនឹងជំនាញ ឬខ្លួនមិនពេញចិត្តជាដើម។ ទន្ទឹមគ្នានោះ និយោជកវិញ ក៏ជួបប្រទះការរាំងស្ទះ មិនអាចអនុវត្តតាមផែនការផលិតកម្ម ការពង្រីកអាជីវកម្ម ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ឬផលិតភាពទាបជាដើម។
ឯកឧត្តម អ៊ិត សំហេង បានគូសបញ្ជាក់ថា តាមរយៈលទ្ធផលពីការអង្កេតនិយោជកស្តីពីកង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារ ឆ្នាំ២០១៧នេះ ក្រសួងការងារ បានកត់សម្គាល់ឃើញថា មានវិស័យសំខាន់ៗចំនួន ១០ នៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដែលនិយោជក កំពុងប្រឈមការលំបាកខ្លាំង ក្នុងការជ្រើសរើសកម្លាំងពលកម្ម ដើម្បីបំពេញតាមតម្រូវការរបស់ខ្លួន ដែលជាអាទិ៍រួមមាន៖ ១.វិស័យសណ្ឋាគារ និងការស្នាក់នៅ, ២.ឡូជីស្ទីក និងការដឹកជញ្ជូន, ៣.សុខាភិបាល, ៤.អប់រំ និងបណ្តុះបណ្តាល, ៥.កែច្នៃម្ហូបអាហារ និងភេសជ្ជៈ, ៦.ហិរញ្ញវត្ថុ និងធានារ៉ាប់រង, ៧.ព័ត៌មានវិទ្យា, ៨.សំណង់, ៩.វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និង១០.ផលិតកម្មកៅស៊ូ និងផ្លាស្ទីក។
បើតាមលទ្ធផលអង្កេតខាងលើ បានបញ្ជក់ឲ្យដឹងដែរថា កត្តាចម្បងដែលនាំឲ្យនិយោជកជួបប្រទះការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្ម គឺបណ្តាលមកពីហេតុផលចម្បងៗ មួយចំនួនដូចជា បេក្ខជនគ្មានជំនាញបច្ចេកទេសតាមតម្រូវការ, មានការប្រកួតប្រជែងខ្លាំងក្នុងចំណោមនិយោជកក្នុងការជ្រើសរើស, កង្វះបទពិសោធន៍ការងារ, និងបេក្ខជនដាក់ពាក្យស្វែងរកការងារមានចំនួនតិច។
ជាមួយគ្នានេះដែរ តាមការលើកឡើងពីឯកឧត្តម អ៊ិត សំហេង ជំនាញសំខាន់ៗ ដែលអ្នកស្វែងរកការងារមានការខ្វះខាត រួមមាន៖ ជំនាញភាសាបរទេស, ជំនាញបច្ចេកទេស, ការបម្រើសេវាអតិថិជន, ការនិយាយស្តី, ការបំពេញការងារជាក្រុម, ការដោះស្រាយបញ្ហា, ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជាដើម។
លទ្ធផលនេះ បានបង្ហាញឲ្យឃើញថា ភាពមិនស៊ីគ្នានៃជំនាញនៅក្នុងទីផ្សារការងារកម្ពុជា បច្ចុប្បន្ន បណ្តាលមកពីកង្វះជំនាញរបស់អ្នកស្វែងរកការងារ និងទីផ្សារការងារពុំទាន់ដំណើរការប្រកបដោយប្រសិទ្ធភាព។
លើសពីនេះ លទ្ធផលអង្កេតក៏បានបង្ហាញឲ្យឃើញទៀតថា កម្មករនិយោជិត ដែលកំពុងបំពេញការងារបច្ចុប្បន្នក៏ជួបប្រទះនូវគម្លាតជំនាញដែរ ពោលគឺមិនមានជំនាញគ្រប់គ្រាន់ សម្រាប់បំពេញតាមតម្រូវការការងារ នៃមុខតំណែងការងារដែលខ្លួនកំពុងធ្វើ។ ក្នុងចំណោមបញ្ហាដែលនាំឲ្យកើតមានឡើងនូវគម្លាតជំនាញនេះ គឺដោយសារកម្មករនិយោជិត ទើបតែចូលកាន់មុខតំណែងការងារ និងការបណ្តុះបណ្តាលមិនត្រូវបានបញ្ចប់ពេញលេញ។
បើតាម ឯកឧត្តម អ៊ិ សំហេង ទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨ បានបង្ហាញអំពីការវិវត្តរបស់ទីផ្សារការងារនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើឱកាសការងារតាមប្រភេទនៃមុខរបរ រួមមាន៖ វិស្វករឧស្សាហកម្មនិងផលិតកម្ម, វិស្វករទូរគមនាគមន៍, អ្នកឯកទេសផ្នែកវិទ្យុសាស្រ្ត និងថតកាំរស្មីអ៊ិច, អ្នកបកប្រែអត្ថបទនិងអ្នកបកប្រែផ្ទាល់មាត់, អ្នកបច្ចេកទេសផ្នែកសេវាគាំទ្រព័ត៌មានវិទ្យា, វិស្វករគីមី, អ្នកបញ្ជាម៉ាស៊ីនចំហ៊ុយទឹក, ជាងធ្វើកញ្ចក់, ជាងដំឡើងបំពង់ទុយោរ និងបំពង់បង្ហូរ និងអ្នកតម្លើងម៉ាស៊ីនយានយន្ត។
ទោះយ៉ាងណា ឱកាសការងារល្អភាគច្រើនទាមទារឲ្យមានជំនាញមធ្យម និងខ្ពស់ ពិសេសអ្នកទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតសញ្ញាបត្របច្ចេកទេស និងវិស្វករ។
សូមជម្រាបថា បើតាមប្រសាសន៍របស់ ឯកឧត្តម អ៊ិត សំហេង បានអះអាងថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ អត្រាអ្នកមានការងារធ្វើ គឺមានខ្ពស់ណាស់ ពោលគឺមានរហូតដល់កម្រិតជាង ៩៩% ស្មើនឹងប្រមាណជិត ១០លាននាក់ ខណៈដែលអត្រាអ្នកគ្មានការងារធ្វើវិញ មានមិនដល់១% ផង៕