កសិកម្ម អង្ករស

អង្ករសកម្ពុជា ចំនួន ៣.៥០០ តោន បានដឹកទៅដល់ឥណ្ឌូនេស៊ីជើងដំបូង


នៅទីបំផុតអង្ករកម្ពុជាជើងដំបូងបាននាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីជាផ្លូវការហើយ ក្រោយមានកិច្ចចរចាបើកទីផ្សារកាលពីអំឡុងខែសីហា ឆ្នាំ២០២៣។ បើតាមប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា អង្ករជើងទី១ ដែលបានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ី នៅថ្ងៃទី២ វិច្ឆិកា មានបរិមាណ ៣.៥០០ តោន ខណៈកម្ពុជា ត្រូវនាំចេញពីរជើងបន្ថែមទៀតឱ្យគ្រប់តាមកិច្ចសន្យា១ម៉ឺនតោន ដែលមានតម្លៃសរុបជាង៦លានដុល្លារអាម៉េរិក។
5
ដោយ

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា បានបញ្ជាក់ថា អង្ករស-កម្ពុជា​ ជើងទី១ ដែលបានដឹកទៅដល់កំពុងផែឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២៣ មានបរិមាណសរុបចំនួន ៣​.៥០០ តោន ខណៈកម្ពុជាត្រូវនាំចេញចំនួនពីរជើងបន្ថែមទៀតឱ្យគ្រប់តាមកិច្ចសន្យាចំនួន១ម៉ឺនតោន ដែលមានតម្លៃសរុបជាង៦លាន ៥សែនដុល្លារអាម៉េរិក។ ការទៅដល់ទឹកដីឥណ្ឌូនេស៊ីរបស់អង្ករកម្ពុជានេះក៏មានការរៀបចំពិធីប្រគល់ និងទទួលយ៉ាងអធិកអធមនៅកំពង់ផែឥណ្ឌូនេស៊ីផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧកញ៉ា ចាន់ សុឃាំង។

យ៉ាងណាមិញសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចាត់ទុកការនាំចេញអង្ករកម្ពុជាទៅកាន់ឥណ្ឌូនេស៊ីនេះ គឺកើតចេញពីលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រួមជាមួយស្ថាប័នពាក់ព័ន្ធនានាដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសហព័ន្ធស្រូវ-អង្ករកម្ពុជា ដែលជាដៃគូសហការឯកជន។

គួររំលឹកផងដែរថា ក្នុងជំនួបរវាងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរួមចំណែកជួយរក្សាសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេស។ ខណៈនៅថ្ងៃទី១៦ ខែសីហា ប្រទេសឥណ្ឌូនេស៊ី បានឯកភាពទិញអង្ករពីកម្ពុជា ក្នុងបរិមាណ ១២,៥ ម៉ឺនតោន ដើម្បីធានាការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជារក្សាសន្តិស្បៀងក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយប្រទេសនេះមានការព្រួយបារម្ភចំពោះបាតុភូត អែលនីណូ ធ្វើឲ្យប៉ះពាល់ដល់ការផលិតស្រូវរបស់ប្រជាពលរដ្ឋ។ តាមរយៈការនាំចេញអង្ករទៅទីផ្សារឥណ្ឌូនេស៊ីបន្ថែមនេះ ត្រូវបានក្រុមអ្នកជំនាញក្នុងវិស័យស្រូវ-អង្ករ បង្ហាញគំនិតសុទិដ្ឋិនិយមថា មិនត្រឹមតែធ្វើឲ្យវិស័យស្រូវអង្ករនៅកម្ពុជា កាន់តែប្រសើរឡើងនោះទេ តែក៏នឹងធ្វើឲ្យតម្លៃអង្ករកម្ពុជាកាន់តែខ្ពស់ និងផ្ដល់ផលចំណេញកាន់តែច្រើនសម្រាប់កសិករផងដែរ។

សូមបញ្ជាក់ថា នៅរយៈពេល ៩ខែឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជាង៤៥ម៉ឺនតោនទៅកាន់ទីផ្សារគោលដៅចំនួន៥៧ប្រទេសនៅលើពិភពលោក ដោយទទួលបានចំណូលប្រមាណជាង៣២០លានដុល្លារ។ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួនជាង១៥ម៉ឺនតោន គិតជាទឹកប្រាក់ជិត១០០លានដុល្លារ ខណៈនាំចេញទៅទីផ្សារអឺរ៉ុប មានជាង១៩ម៉ឺនតោន គិតជាទឹកប្រាក់ជិត១៤០លានដុល្លារ។ ជាមួយគ្នានេះ កម្ពុជាក៏បាននាំចេញស្រូវបានចំនួនជាង៣លានតោនផងដែរ ដែលគិតជាទឹកប្រាក់មានជាង៨០០លានដុល្លារ។ នេះបើតាមយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា៕

None



អត្ថបទបន្ទាប់


ជនជាតិអាហ្គានីស្ថានជាង ១លាននាក់ ប្រឈមនឹងការបណ្ដេញចេញពីប្រទេស ប៉ាគីស្ថាន

ព្រំដែនភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ កំពុងជោរជន់ដោយចំនួនមនុស្សរាប់ពាន់នាក់ ដែលរកឆ្លងដែនទៅកាន់ប្រទេសអាហ្គ…

រាជរដ្ឋាភិបាលគ្រោងពិចារណាបង្កើតឱ្យមានច្បាប់កំណត់ចំនួនទិញអចលនទ្រព្យរបស់អតិថិជន

នៅកម្ពុជាពុំទាន់មានច្បាប់ណាមួយហាមឃាត់មិនឱ្យនរណាម្នាក់អាចទិញផ្ទះច្រើនល្វែង ឬច្រើនកន្លែងនៅឡើយទេ ដែលកត្តានេះបានបើកផ្លូវឱ្យអ្នកមានធនធានមួយចំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ