ថ្លែងនាឱកាសអញ្ជើញចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំឭកឡើងថា ដើម្បីទប់ស្កាត់ការរីករាតត្បាតខ្លាំងនូវជំងឺកូវីដ១៩ នាពេលកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាច្រើន ដូចជា ការចំណាយទៅលើវ៉ាក់សាំង សម្ភារៈប្រយុទ្ធប្រឆាំងកូវីដ១៩ ក៏ដូចជា ផ្ដល់ប្រាក់ឧបត្ថម្ភ សម្រាប់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋក្រីក្រជាដើម។ សម្ដេច ហ៊ុន សែន បានបន្តថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា មានការចំណាយច្រើនទៅលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅ២ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់កម្ពុជា ក៏មានផលប៉ះពាល់ ពិសេសការប្រមូលចំណូលបានធ្លាក់ចុះ ដោយសារតែរាល់សកម្មភាពសេដ្ឋកិច្ច និងសង្គម ត្រូវរាំងស្ទះ រួមទាំង លំហូរគម្រោងវិនិយោគពីខាងក្រៅ។
ក៏ប៉ុន្តែ ក្រោយពេលកូវីដ១៩ធូរស្បើយ សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ កាន់តែមានភាពប្រសើរឡើងច្រើន ដោយសម្តេចបានបង្ហាញនូវសុទិដ្ឋិនិយមទៀតថា ការប្រមូលចំណូលនៅឆ្នាំ២០២២ នឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២១ ដោយសារសកម្មភាពសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើង។
ជាក់ស្ដែង បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរយៈពេល ៧ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទបានប្រមាណជាង ២ពាន់២រយលានដុល្លារអាមេរិក ស្មើនឹងជាង ៧៨% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ការប្រមូលចំណូលមានការកើនឡើងជិត ៥រយលានដុល្លារ ស្មើនឹងកំណើនជិត ៣០%។ ដោយឡែក ចំណូលគយ នៅឆមាសទី១ឆ្នាំនេះ ប្រមូលបានជិត១ពាន់៣រយលានដុល្លារ។
របាយការណ៍ពីក្រសួងសេដ្ឋកិច្ចបង្ហាញថា នៅអំឡុងពេលនៃការរាតត្បាតកូវីដ១៩រយៈពេល២ឆ្នាំកន្លងមកនេះ ពោលគឺឆ្នាំ២០២០-២០២១ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសន្សំអស់ជាង១ពាន់៦រយលានដុល្លារ ដើម្បីគាំទ្រដល់ការការពារអាយុជីវិតពលរដ្ឋតាមរយៈយន្ដការការអន្តរាគមន៍ជាច្រើនជុំ ជួយដល់ពលរដ្ឋ និងអាជីវកម្មដែលរងគ្រោះដោយសារកូវីដ១៩។ យ៉ាងណាមិញ នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលក៏បានត្រៀមថវិកាប្រហែល១ពាន់លានដុល្លារបន្ថែម ដើម្បីត្រៀមទប់ទល់កូវីដ១៩ និងការជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ បើតាមក្រសួងសេដ្ឋកិច្ចបានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានៅឆ្នាំ២០២២ នឹងកើនឡើង ៥,៧% ដោយក្នុងនោះ ត្រូវបានជំរុញដោយកំណើននៅក្នុងវិស័យកសិកម្ម ១,១% វិស័យឧស្សាហកម្ម៨,២% និងវិស័យសេវាកម្ម ៥,១%៕