បើទោះពីសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ត្រូវបានព្យាករនឹងមានកំណើនយ៉ាងណាក្តី តែសេដ្ឋកិច្ចកម្ពុជាត្រូវហ៊ុមព័ទ្ធដោយភាពមិនច្បាស់ ដែលអាចបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ភាពតានតឹងភូមិសាស្ត្រនយោបាយនៅកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង និងការកើនឡើងអតិផរណាជាដើម។
បើតាមសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានអត្រាកំណើនក្នុងរង្វង់៦,៦% នៅឆ្នាំ២០២៣ ក្រោយរំពឹងសម្រេចបានអត្រាកំណើន៥,៤% នៅឆ្នាំ២០២២។ ក្រសួងសេដ្ឋកិច្ចបានវាយតម្លៃថា បើទោះបីទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនយ៉ាងណាក្តី តែសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ នៅតែបង្ហាញនិន្នាការកើនឡើង ក្រោយតម្រូវការខាងក្រៅបន្តមានភាពល្អប្រសើរ និងស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មករកប្រក្រតីភាពវិញ បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ។
ជាមួយនឹងការព្យាករសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នឹងមានអត្រាកំណើនក្នុងរង្វង់៦,៦% វានឹងជួយជំរុញឲ្យតម្លៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានតម្លៃក្នុងរង្វង់ប្រមាណជិត ៣៣ពាន់លានដុល្លារអាមេរិក ស្របពេលដែល ផ.ផ.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់១៩២៤ដុល្លារអាមេរិក បើធៀបនឹង១៧៨៥ដុល្លារអាមេរិកក្នុងឆ្នាំ២០២២។
ការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ត្រូវបានរំពឹងគាំទ្រដោយការបន្តកើនឡើងនៃវិស័យឧស្សាហកម្មក្នុងអត្រា៩,២% បើធៀបនឹងឆ្នាំ២០២២ ដែលមានក្នុងអត្រា៩%, វិស័យសេវាកកម្មនឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ២០២២ និងវិស័យកសិកម្មកើនឡើងក្នុងអត្រា១,១% ក្នុងឆ្នាំ២០២៣ ធៀបនឹង០,៧% ក្នុងឆ្នាំ២០២២។ កំណើនក្នុងវិស័យទាំងនេះ ត្រូវបានរំពឹងជំរុញដោយការកើនឡើងនៃអនុវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ អចលនទ្រព្យ និងសំណង់ ការដាំដុះ និងការចិញ្ជឹមសត្វជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងកើនឡើងក្នុងអត្រា៥,៤% នៅឆ្នាំ២០២២ និងកើន៦,៦% នៅឆ្នាំ២០២៣ ក៏ដោយ តែសេដ្ឋកិច្ចកម្ពុជាកម្ពុជាត្រូវប្រឈមនឹងការហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់នៃការបន្តកើនឡើងនូវសម្ពាធអតិផរណា, ការរឹតបន្តឹងកាន់តែលឿន និងខ្លាំងជាងមុននូវគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ជាពិសេសការដំឡើងអត្រាការប្រាក់នៃធនាគារកណ្ដាលសហរដ្ឋអាមេរិក, ការថមថយកំណើនសេដ្ឋកិច្ចចិន, ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ជាពិសេសការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាកោះតៃវ៉ាន់, ការបែងចែកប្លុកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្មរបស់សកលលោក នៅក្នុងសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម។
ទន្ទឹមនឹងនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវាយតម្លៃថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលទើបត្រូវកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអនុម័ត ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យ ទាំងក្នុង និងក្រៅប្រទេស សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចកម្ពុជា៕