កម្ពុជាចាំបាច់ត្រូវបង្កើតនូវផលិតភាពវិនិយោគថ្មីៗឱ្យបានច្រើន ចាប់ពីកម្រិតសហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម ជាពិសេសគឺការរវិនិយោគទៅលើវិស័យឧស្សហកម្មគ្រឿងបង្គុំ ដែលជាតម្រូវការចាំបាច់ និងជាកាលានុវត្តភាពមួយក្នុងការទាក់ទាញអ្នកវិនិយោគជាតិ និង អន្តរជាតិ។ អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា បើសិនជាកម្ពុជាមិនមានការបង្កើតអ្វីថ្មីដោយខ្លួនឯងទេ នោះមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជាមិនអាចរឹងមាំបានឡើយ។
នៅក្នុងវេទិកាធុរៈកិច្ចកម្ពុជាឆ្នាំ២០២៣ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចាត់ទុកភាពអំណោយផលរបស់កម្ពុជាលើក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគ និងច្បាប់ទាក់ទងនឹងកិច្ចពាណិជ្ជកម្មផ្សេងៗ គួបផ្សំស្ថានភាពនយោបាយនិងសង្គមកម្ពុជាមានសុខសន្តិភាព និងជាពិសេសកម្ពុជាទទួលបានទំនុកចិត្តពីវិនិយោគិនទាំងក្នុង និងក្រៅប្រទេស គឺជាកាលានុវត្តភាពដ៏សំខាន់មួយក្នុងការធានានូវកំណើនសេដ្ឋកិច្ចកម្ពុជា។ យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ថា ដើម្បីពង្រឹងនូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចកម្ពុជា គឺទាមទារឲ្យមានការបង្កើតថ្មីរបស់សហគ្រិនប្រកបដោយនវានុវត្តន៍ ហើយកម្ពុជាមិនអាចពឹងផ្អែកខ្លាំងលើការនាំចូលនូវផលិតផលសម្រេចពីក្រៅប្រទេសនោះទេ ពោលគឺបើសិនជាកម្ពុជាមិនមានការបង្កើតអ្វីថ្មីដោយខ្លួនឯងទេ នោះមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជាមិនអាចរឹងមាំបាននោះឡើយ។
លោកបណ្ឌិត ឆេង គីមឡុង មើលឃើញថា កម្ពុជាមានឱកាសជាច្រើន តែឱកាសទាំងនោះត្រូវបានរំលងផុតទៅវិញ។ ត្រង់ចំណុចនេះ បណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់ថា បើទោះបីជាកម្ពុជាមានច្បាប់វិនិយោគអំណោយផល តែបើកម្ពុជាមិនខិតខំទៅទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគទេ នោះក៏មិនងាយមានគេមកវិនិយោគនោះដែរ។ ដូច្នេះកម្ពុជាគួរបង្កើតឱ្យមានវេទិកាធរុៈកិច្ច និងការជួបជុំគ្នារវាងធុរកិច្ចជនកម្ពុជា និងធុរកិច្ចជនក្នុងតំបន់ និងពិភពលោកឱ្យបានច្រើន ដើម្បីឲ្យធុរជនកម្ពុជាជួបជជែកដោយផ្ទាល់ជាមួយធុរជនមកពីបណ្តាប្រទេសទាំងនោះ។ សេដ្ឋវិទូរូបនេះ ជឿជាក់ថា តាមរយៈជំនួបនេះវានឹងធ្វើឲ្យអ្នកវិនិយោគកម្ពុជាអាចរកឃើញនូវកាលានុវត្តភាពធុរកិច្ចថ្មីៗ ពិសេសក្នុងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិកម្មនៃសហគ្រាសធនមីក្រូ ធុនតូច និង មធ្យមជាដើម។
ជាមួយគ្នានេះលោកបណ្ឌិត ឆេង គឹមឡុង បានវាយតម្លៃថា កម្ពុជាទំនងជាមិនអាចក្លាយទៅជាប្រទេសដែលមានឧស្សាហកម្មកម្រិតខ្ពស់បាននោះទេ បើផ្អែកលើប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន។ ប៉ុន្តែអ្វីដែលកម្ពុជាអាចធ្វើបាននោះ គឺត្រូវរុញច្រាននូវឧស្សាហកម្មតូចៗនៅក្នុងស្រុកចាប់ពីសហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម ដើម្បីពង្រឹងនូវភាពទាក់ទាញរបស់កម្ពុជា ក៏ដូចជាការកាត់បន្ថយការចំណាយ។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះ លើកទឹកចិត្តវិនិយោគិនក្នុងស្រុកវិនិយោគទៅលើការផលិតវត្ថុធាតុដើមសំខាន់ៗ ក៏ដូចជាគ្រឿងបង្គុំជាដើម ដើម្បីបម្រើឲ្យឧស្សាហកម្មក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងកង់ជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានមើលឃើញនូវភាពខ្វះខាតនៅក្នុងវិស័យឧស្សហកម្មគ្រឿងបង្គុំ និង បានជំរុញលើកទឹកចិត្តឲ្យវិនិយោគិនជាតិ និងអន្តរជាតិ ឲ្យងាកមកចាប់អារម្មណ៍លើការវិនិយោគក្នុងឧស្សហកម្មគ្រឿងបង្គុំ ដែលបម្រើឲ្យរោងចក្រផលិតផលិតផលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើនផងដែរ៕