វិស័យពាណិជ្ជកម្ម

តើមានកត្តាអ្វីទាញទម្លាក់ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារថៃ និងវៀតណាម ឱ្យធ្លាក់ចុះប្រមាណ២០% នៅពីរខែឆ្នាំនេះ?


ការនាំចេញទំនិញជារួមរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅដើមឆ្នាំ២០២៥ នៅតែរក្សាបានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន។ ប៉ុន្តែបើមើលទៅលើការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសក្បែរខាង ដូចជាវៀតណាម និងថៃ ឯណោះវិញ ហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលដូចគ្នានេះ ពោលគឺបានធ្លាក់ចុះរហូតដល់ទៅពីរខ្ទង់។ តើមានកត្តាអ្វីជំរុញឱ្យការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ និងវៀតណាម មានការធ្លាក់ចុះបែបនេះ?
វិស័យពាណិជ្ជកម្ម
ដោយ

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសក្បែរខាងហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយវៀតណាម មានជាង១ពាន់៣រយលានដុល្លារ ធ្លាក់ចុះ៣,៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាម មានទំហំជាង៦៤៨លានដុល្លារ ថយចុះជាង១៩% ខណៈកម្ពុជា នាំចូលពីវៀតណាម មកវិញ មានទំហំជាង៧១២លានដុល្លារ កើនឡើងជាង១៦%។ ដោយឡែកការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសថៃ នៅ២ខែឆ្នាំនេះវិញមានទំហំជាង៧៤៧លានដុល្លារធ្លាក់ចុះ០,៤% ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំជាង១៦០លានដុល្លារ ធ្លាក់ចុះជាង២១% ខណៈកម្ពុជា នាំចូលពីថៃ មកវិញ មានទំហំជាង៥៨៧លានដុល្លារ កើនឡើងជាង៧%។

ពាក់ព័ន្ធបញ្ហានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស បានគូសបញ្ជាក់ថា ការធ្លាក់ចុះទំហំនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសក្បែរខាងទាំងពីរនេះ គឺដោយសារឥទ្ធិពលនៃការធ្លាក់ចុះការនាំចេញផលិតកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសទាំង២ បន្ទាប់ពីតម្លៃ និងតម្រូវការទីផ្សារកសិផលមួយចំនួននៅលើទីផ្សារអន្តរជាតិ មានការធ្លាក់ចុះនៅមួយរយៈពេលចុងក្រោយនេះ។ បើតាមអ្នកជំនាញរូបនេះ កន្លងមកទំនិញដែលកម្ពុជា នាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម ភាគច្រើនគឺសុទ្ធសឹងតែជាផលិតកសិកម្ម។

​ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជក់ថា កន្លងមកកម្ពុជា មានឱនភាពពាណិជ្ជកម្មជាមួយប្រទេសថៃ និងវៀតណាម រួចស្រាប់ទៅហើយ ដូច្នេះតាមរយៈការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសក្បែរខាងទាំង២មានការធ្លាក់ចុះខ្លាំងនៅ២ខែដើមឆ្នាំនេះ វាកាន់តែសបញ្ជាក់ឱ្យឃើញថា អតុល្យភាពជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសទាំង២នេះ កាន់តែធ្លាក់ចុះថែមទៀត និងធ្វើឱ្យកម្ពុជា ខាតបង់ចំណូលសេដ្ឋកិច្ចមួយចំនួនផងដែរ។ ​បើតាមអ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យការនាំចេញទំនិញកម្ពុជា ទៅកាន់ប្រទេសថៃ និងវៀតណាម ​មានការធ្លាក់ចុះ ក៏ដោយសារតម្រូវការបញ្ជាទិញទំនិញពីទីផ្សារគោលដៅរបស់ប្រទេសទាំង២មានការធ្លាក់ចុះ។

​=គួរជម្រាបថា នៅក្នុងរយៈពេល២ខែដំបូង ឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំជាង៩,៤ពាន់លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំជាង៤,៤ពាន់លានដុល្លារ កើនឡើងជិត១២% ខណៈកម្ពុជា នាំចូលពីទីផ្សារអន្តរជាតិ មកវិញ មានទំហំជាង៤,៩ពាន់លានដុល្លារកើនឡើងជាង២០% ៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី…

ក្រុមហ៊ុន Vietjet ប្រកាសផ្លូវហោះហើរថ្មី កោះភូកុក-សិង្ហបុរី និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះដែលមានតម្លៃជាទឹកប្រាក់ចំនួន ៣០០ លានដុល្លារ

(ភ្នំពេញ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥) – ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាធិកាវៀតណាម To Lam ទៅកាន់ប្រទេសសិង្ហបុរី ក្រុមហ៊ុន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ