គម្រោងវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារនេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅធានាឲ្យបាននូវលទ្ធភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនចំណីអាហារធុនតូច និងមធ្យមផ្ទាល់, ធានាឲ្យបានលើការផលិតចំណីអាហារមានគុណភាព និងសុវត្ថិភាព, បង្កើតប្រព័ន្ធ គ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពកំរិតអន្តរជាតិរបស់ក្រុមហ៊ុន និងបង្កើតច្បាប់មូលដ្ឋាន និងប្រព័ន្ធ ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មចំណីអាហារ។ នេះបើយោងតាមក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងជំនួបជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ លោក Kim Young Chan នាយកគ្រប់គ្រងគម្រោង នៃវិទ្យាស្ថាន គ្រប់គ្រងម្ហូបអាហារកូរ៉េ បានធ្វើបទបង្ហាញ ដោយបញ្ជាក់ពីគោលបំណងនៃគម្រោង គឺដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងជាសកលនៃឧស្សាហកម្មចំណីអាហារ និងពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ និងវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងវិស័យកែច្នៃចំណីអាហារតាមរយៈការសាងសង់មជ្ឈមណ្ឌល កែច្នៃចំណីអាហារកម្ពុជា។
លោកបន្ថែមថា ចំពោះគោលដៅរយៈពេលវែង៥ឆ្នាំ របស់គម្រោង ដោយអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៣ ដល់ចុងឆ្នាំ២០២៧ គឺដើម្បីធានាឲ្យបាននូវលទ្ធភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនចំណីអាហារធុនតូច និងមធ្យមផ្ទាល់, ធានាឲ្យបានលើការផលិតចំណីអាហារមានគុណភាព និងសុវត្ថិភាព, បង្កើតប្រព័ន្ធ គ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពកំរិតអន្តរជាតិរបស់ក្រុមហ៊ុន និងបង្កើតច្បាប់មូលដ្ឋាន និងប្រព័ន្ធ ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មចំណីអាហារ។
លោក Kim Young Chan បញ្ជាក់បន្ថែមថា ទាក់ទងនឹងខ្លឹមសារនៃគម្រោងគឺ ទី១.សាងសង់មជ្ឈមណ្ឌលកែច្នៃម្ហូបអាហារ FTCកម្ពុជា,ទី២.ការផ្តល់ជំនួយឧបករណ៍ និងសម្ភារៈ, ទី៣.ការដំណើរការមជ្ឈមណ្ឌល វិភាគចំណីអាហារ, ទី៤.ដំណើរការកម្មវិធីផ្តល់ជំនួយដល់ក្រុមហ៊ុ, ទី៥.ដំណើរការ និងអភិវឌ្ឍកម្មវិធីអប់រំ និងទី៦.ពង្រឹងសមត្ថភាព និងបណ្តាញ។
ជាមួយគ្នានេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍ដែលមានលក្ខណៈលំអិត និងមានសារៈសំខាន់ ក៏ប៉ុន្តែគម្រោងនេះ មិនមានបញ្ចូលការសាងសង់រោងចក្រគំរូជាបន្ទុករបស់ភាគីកូរ៉េទេ។ ដូច្នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ផ្តល់ជម្រើសពីរ គឺ ទី១.ប្រើប្រាស់អគារ៧ជាន់ចំនួន២ អគារ របស់អគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ក្រសួង (អគារមួយប្រើប្រាស់ទាំងស្រុង និងអគារមួយទៀតប្រើប្រាស់មួយចំណែកណាមួយ) សម្រាប់កែច្នៃជារោងចក្រគំរូ ទីតាំង ការិយាល័យ ទីតាំងបំពាក់ឧបករណ៍ និងថ្នាក់បណ្តុះបណ្តាលជាដើម និងទី២.បើមានថវិកាគម្រោងសាងសង់រោងចក្រគំរូ ក្រសួងរក្សាការផ្តល់ដីទំនេរនៅទីតាំងអគារខាងលើជូន ដើម្បីសាងសង់ និងអាចប្រើប្រាស់ចំណែកណាមួយនៃអគារ៧ជាន់ទាំងពីរខាងលើបានថែមទៀត ធ្វើយ៉ាងណាឲ្យគម្រោងនេះឆាប់លេចចេញជារូបរាងបានឆាប់រហ័ស។ ទន្ទឹមនេះ ភាគីកូរ៉េ បានសម្តែងនូវទឹកចិត្តរីករាយ និងអរគុណជាខ្លាំងចំពោះការផ្តល់ជម្រើសដ៏ល្អទាំងពីរ ហើយភាគីកូរ៉េនឹងខិតខំសម្រេចការងារនេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន៕