យោងតាមរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងងើបឡើងវិញ តាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ, គម្រោងសាងសង់, គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម-សេវាកម្ម និងការបន្តកើនឡើងនូវផលិកម្មក្នុងស្រុក បើទោះបីជាស្ថិតក្រោមសម្ពាធពីវិបត្តិសាកល ក៏ដោយចុះ។ របាយការណ៍ដដែលនេះបានបង្ហាញដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ទុនបម្រុងអន្តរជាតិកម្ពុជា បានកើនដល់ ១៨,៤ពាន់លានដុល្លារអាមេរិកមានការកើនឡើង ៣,២% បើធៀបទៅនឹងចុងខែធ្នូ ឆ្នាំ២០២២ ដែលទុនបម្រុងអន្តរជាតិកម្ពុជាមានចំនួន១៧,៨ពាន់លានដុល្លារអាមេរិក។ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិនេះ បង្ហាញពីលទ្ធភាពរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ ទំនុកចិត្តលើរូបិយវត្ថុជាតិមូលដ្ឋាន សម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការសន្ទនីយភាពទប់ទល់នឹងវិបត្តិខាងក្រៅ។ បើទោះជាបែបនេះក្ដី ធនាគារជាតិនៃកម្ពុជា នៅតែបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិយោគលើសញ្ញាប័ណ្ណបៃតង និងសញ្ញាប័ណ្ណដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជាប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប ជាដើម។
ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ការពង្រឹងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅតែជាការងារចាំបាច់ ដើម្បីកាត់បន្ថយឥទ្ធិពលពីកត្តាខាងក្រៅមកលើកម្រិតថ្លៃនៅកម្ពុជា និងពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុក្នុងការគ្រប់គ្រងស្ថិរភាពថ្លៃ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។ បើតាមឯកឧត្តមអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចច្រើន ក៏អាចជួយគរពូនទុនបម្រុងអន្តរជាតិឱ្យកាន់តែខ្ពស់ជាងកម្រិតបច្ចុប្បន្នថែមទៀត ដែលនឹងពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរឹងមាំ។
យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កត់សម្គាល់ឃើញថា មកដល់ពាក់កណ្ដាលឆ្នាំ២០២៣ ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែរក្សាកំណើនជាវិជ្ជមាន។ សម្រាប់ក្រុមអ្នកជំនាញ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នឹងនៅតែមានស្ថានភាពល្អប្រសើរ ព្រោះក្រុមអ្នកជំនាញមើលឃើញពីភាពល្អប្រសើរនៃលំហូរសាច់ប្រាក់ក្នុងវិស័យនេះនៅមានភាពល្អប្រសើរ និងរឹងមាំ។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថា នឹងមានកំណើនក្នុងរង្វង់៥.៥%នៅឆ្នាំនេះ ដែលជាស្ថានភាពល្អប្រសើរមួយសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា។
ជុំវិញស្ថានភាពសេដ្ឋកិច្ចកម្ពុជានេះដែរ ត្រូវបានឯកឧត្តម មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា នៅឆមាសទី១ឆ្នាំនេះ សេដ្ឋកិច្ចរបស់កម្ពុជា នៅតែដំណើរការជាធម្មតា និង ទៅតាមការព្យាករដែលបានគ្រោងទុក។ បើតាមអ្នកនាំពាក្យរូបនេះ ដ្បិតការនាំចេញរបស់កម្ពុជានៅឆមាសទី១ហាក់មានការធ្លាក់ចុះ ក៏ដោយចុះ ប៉ុន្តែក្រសួងសេដ្ឋកិច្ចនៅតែរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន៥,៦% ដដែល ហើយក៏មិនទាន់មានការផ្លាស់ប្ដូរនោះដែរ។ ដោយឡែកសម្រាប់ស្ថានភាពប្រាក់សន្សំ រាជរដ្ឋាភិបាលកម្ពុជានឹងព្យាយាមសន្សំបន្ថែមទៀត ខណៈបំណុលសាធារណៈដែលកម្ពុជាបានជំពាក់បរទេសវិញ នៅតែអាចគ្រប់គ្រងបានទៅតាមផែនការ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម មាស សុខសេនសាន្ត។
សូមបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆមាសទី១ឆ្នាំ២០២៣ ត្រូវបានគេព្យាករថា នៅតែបន្តសម្រេចបានកំណើនជាវិជ្ជមាន ផ្អែកទៅលើកំណើនខ្ពស់នៃវិស័យទេសចរណ៍, ការបន្តរក្សាកំណើនក្នុងវិស័យកសិកម្ម, សញ្ញាងើបឡើងនៃវិស័យសំណង់ បើទោះបីជា ផលិតកម្មក្នុងវិស័យកម្មន្តសាលបានធ្លាក់ចុះ ដោយសារការថមថយនៃការបញ្ជាទិញពីខាងក្រៅ ក៏ដោយ។ ដោយឡែក សម្រាប់សេដ្ឋកិច្ចពិភពលោកនិងតំបន់ ត្រូវបានគេព្យាករថា នឹងបន្តមានកំណើនទាប នៅឆ្នាំ២០២៣នេះ ខណៈសម្រាប់ប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍វិញត្រូវបានគេរក្សាការព្យាករ កំណើន ៤% ដដែល៕