តាមរយៈកំណើននេះ អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានឹងមានកំណើនខ្ពស់ជាបន្តបន្ទាប់ទៀត នៅឆ្នាំ២០២៤នេះ និងឆ្នាំ២០២៥ខាងមុខ។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ នៅតែរក្សាបាននូវកំណើនវិជ្ជមាន ដោយសម្រេចបានទំហំទឹកប្រាក់សរុបជាង២៦ពាន់លានដុល្លារ កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ចិនបានក្លាយជាដៃគូរដោះដូរពាណិជ្ជកម្មធំជាងនៅឆមាសទី១នេះ ជាមួយទំហំទឹកប្រាក់ជាង៦ពាន់៣រយលានដុល្លារ តាមពីក្រោយដោយសហរដ្ឋអាម៉េរិក ជាមួយទំហំទឹកប្រាក់ជាង៤ពាន់៥រយលានដុល្លារ បន្ទាប់មក គឺវៀតណាម ជាមួយទំហំពាណិជ្ជកម្មជាង៤ពាន់លានដុល្លារ និងទីផ្សារសំខាន់ៗផ្សេងទៀត។
ជុំវិញការដោះដូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ នេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ទោះបីជាពិភពលោករួមទាំងកម្ពុជា នៅតែបន្តរងសម្ពាធពីភាពតានតឹងនៃសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សាយ៉ាងណាក៏ដោយ ក៏ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយអន្តរជាតិ ទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី គឺនៅតែមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់នៅឆមាសទី១ឆ្នាំ២០២៤នេះ ពិសេសការនាំចេញទំនិញក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងអាម៉េរិកតែម្តង។ តាមរយៈកំណើនទាំងនេះ អ្នកជំនាញរូបនេះជឿជាក់ថា ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានឹងមានការកើនឡើងបន្ថែមទៀតនៅនៅឆមាសទី២ឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត។
សូមជម្រាបថា នៅក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈការនាំចូលពីទីផ្សារអន្តរជាតិ ចូលមកកម្ពុជាវិញ មានចំនួនជិត១៤ពាន់លានដុល្លារ កើនឡើងជាង១២% ដូចគ្នាផងដែរ៕