អ្នករកស៊ីក្នុងវិស័យចិញ្ចឹមសត្វ និងអ្នកសេដ្ឋកិច្ចបានចាត់ទុកការនាំចូលប្រភេទសាច់បង្កកខុសច្បាប់ និងខូចគុណភាពចូលមកទីផ្សារកម្ពុជា បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក សេដ្ឋកិច្ច និងសុខភាពរបស់ប្រជាពលរដ្ឋ។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាអ្នកជំនាញចាស់វស្សាក្នុង វិស័យកសិកម្មបានចាត់ទុកភាពចន្លោះប្រហោងរបស់អាជ្ញាធរធ្វើឱ្យមានលំហូរសាច់បង្កកខុសច្បាប់ និងខូចគុណភាពចូលមកទីផ្សារកម្ពុជា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។ មហាសេដ្ឋីកសិកម្មរូបនេះកត់សម្គាល់ឃើញថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបញ្ហាប្រឈមនៅតែបន្តកើតមានសម្រាប់វិស័យមួយនេះ រហូតដល់ថ្នាក់ធ្វើឱ្យអ្នកចិញ្ចឹមមួយចំនួនបោះបង់ការចិញ្ចឹម និងមួយចំនួនក្ស័យធន។
សម្រាប់អ្នកអ្នកឧកញ៉ា ម៉ុង ឬទ្ធី វិបត្តិជំងឺកូវីដ-១៩ បញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងនៅហ្គាហ្សា ដែលទើបកើតឡើងថ្មីៗ មិនសូវចោទជាបញ្ហាសម្រាប់វិស័យចិញ្ចឹមសត្វនៅកម្ពុជានោះទេ តែអ្វីដែលជាបញ្ហាប្រឈមធំបំផុតនោះគឺការអនុញ្ញាតឱ្យមានការនាំចូលសាច់បង្កកខុសច្បាប់និងខូចគុណភាពទៅវិញទេ។ អ្នកជំនាញរូបនេះបានចាត់ទុកការហូរចូលសាច់បង្កកខុសច្បាប់ និងខូចគុណភាព គឺជាការសម្លាប់វិស័យចិញ្ចឹមសត្វនៅកម្ពុជា និងបំផ្លាញសុខភាពយ៉ាងធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ។ បើតាមឧកញ៉ា ម៉ុង ឬទ្ធី ជាគោលការណ៍ពាណិជ្ជកម្មក្នុងនាមទីផ្សារសេរីប្រទេសកម្ពុជា មិនអាចបិទកុំឲ្យមានការនាំចូលសាច់បង្កកទាំងស្រុងនោះទេ ប៉ុន្តែការនាំចូលត្រូវតែមានការត្រួតពិនិត្យ និងគោរពតាមភូតគាមអនាម័យឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការធ្វើអាជីវភាព និងសុខភាពប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅកម្ពុជា កត់សម្គាល់ឃើញថា ស្ថិតក្នុងបរិបទពិភពលោកជួបនូវវិបត្តិសេដ្ឋកិច្ច សកម្មភាពកេងបន្លំក្នុងការធ្វើអាជីវកម្មមានការកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសសកម្មភាពនៃការនាំចូលសាច់បង្កកខូចគុណភាពតែម្ដង។ ឯកឧត្តមបានចាត់ទុកការនាំចូលសាច់បង្កកខុសច្បាប់ និងខូចគុណភាព គឺជាទង្វើអសីលធម៌បំផុតនៅក្នុងសង្គមកម្ពុជា ព្រោះវាមិនត្រឹមតែសម្លាប់មុខរបរចិញ្ចឹមសត្វក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ វិធីសាស្ត្រក្នុងការរកចំណូលមានច្រើនណាស់ មិនចាំបាច់ទាល់តែនាំចូលសាច់បង្កកខូចគុណភាព ឬមានផ្ទុកសារធាតុហាមឃាត់ទើបអាចរកចំណូលបាននោះទេ។ ឯកឧត្តមបានលើកឡើងជាទស្សនថា ចូរកុំធ្វើអាជីវកម្ម ឬបង្កើតមុខរបរណា ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ អាជ្ញាធររឹបអូសបានសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគចម្លងបានជិត២ពាន់តោនកើនឡើង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ន បើទោះជាខាងមន្រ្តីជំនាញមានការរឹតបន្តឹង និងចុះបង្ក្រាបបទល្មើសយ៉ាងតឹងតែង ប៉ុន្តែសកម្មភាពនាំចូលសាច់បង្កកខុសច្បាប់ និងខូចគុណភាពចូលមកកម្ពុជា នៅតែមានជាហូរហែ ដែលបានបង្កើតជាក្តីព្រួយបារម្ភដល់សាធារណៈជន និងក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុក៕