កម្ពុជានឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ៣មុខ នៅដើមខែក្រោយនេះ

ផលិតផលចំនួន៣មុខរបស់កម្ពុជា នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅដើមខែក្រោយនេះ


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ក្រសួងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន៣មុខបន្ថែមទៀត នៅដើមខែក្រោយនេះ ខណៈដែលបច្ចុប្បន្នកម្ពុជាមានផលិតផល៤មុខហើយដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ដ្រ។ ទំនិញទាំង៣មុខ ដែលក្រសួងពាណិជ្ជកម្មនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរួមមាន «អំបិលកំពតកែប» «បង្កងតាកែវ» និង «ទឹកត្រីកំពតកែប»។
ផលិតផលចំនួន៣មុខរបស់កម្ពុជា នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅដើមខែក្រោយនេះ

ក្រៅពីនេះ កម្ពុជាក៏មានផលិតផលប្រមាណ ២០មុខទៀត ដែលត្រូវបានក្រសួងពាណិជ្ជកម្មបាន និងកំពុងសិក្សាស្រាវជ្រាវ និងកំណត់យកជាផលិតផលសក្ដានុពលសម្រាប់ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញផងដែរ។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អំបិលកំពតកែប» ក្នុងខេត្តកំពត និងខេត្តកែប «បង្កងតាកែវ» ក្នុងខេត្តតាកែវ និង «ទឹកត្រីកំពតកែប» ក្នុងខេត្តកំពត និងខេត្តកែប នៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីការរៀបចំមហាសន្និបាតកំណើតដំបូងរបស់សមាគមចំនួន ៣ រួមមាន សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពតកែប សមាគមអ្នកផលិតទឹកត្រីកំពតកែប និងសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ ដែលនឹងចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ។

ឯកឧត្តម ស៊ាង ថៃ បន្ថែមថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរថ្នាក់ជាតិ និងអង្គការដៃគូអភិវឌ្ឍន៍ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីរៀបចំបង្កើតសមាគមអន្តរវិជ្ជាជីវៈ ឬហៅថា សមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ដែលមានការចូលរួមពីផលិតករជំនាញៗ អាជីវករ និងប្រតិបត្តិករ រួមគ្នាបង្កើតបានជាសមាគមទាំងនេះ។ ប្រធាន អនុប្រធាន និងសមាជិកនៃសមាគមទាំងអស់ នឹងត្រូវបានបោះឆ្នោត និងជ្រើសរើស ដោយសមាជិកនៃសមាគមក្នុងពិធីមហាសន្និបាតរបស់ខ្លួន។

បើតាម អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ការចុះបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ គឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលធ្វើឱ្យសាធារណជនទូទៅទទួលស្គាល់អំពីគុណភាព ដែលផ្សារភ្ជាប់នឹងតំបន់ភូមិសាស្រ្ត (អាកាសធាតុ ដី ការថែរក្សាចំណេះដឹង ចំណេះធ្វើតាមបែបប្រពៃណី ការអភិរក្សធនធានធម្មជាតិ) ដែលផ្តល់ឱ្យទំនិញសម្គាល់ភូមិសាស្រ្តនោះ មានលក្ខណៈពិសេសខុសប្លែកពីតំបន់ដទៃ ពិសេសមានការត្រួតពិនិត្យត្រឹមត្រូវពីអង្គភាពត្រួតពិនិត្យពីខាងក្នុងរបស់សមាគម និងអង្គភាពឯករាជ្យចេញវិញ្ញាបនបត្រពីខាងក្រៅ។ លើសពីនេះ ក៏ត្រូវមានចូលរួមពីអាជ្ញាធរថ្នាក់ជាតិ និងសមាគមអន្តរវិជ្ជាជីវៈ ដើម្បីទប់ស្កាត់ការក្លែងបន្លំកេរ្តិ៍ឈ្មោះ និងគុណភាពទំនិញសម្គាល់ភូមិសាស្រ្តនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិជាដើម ដែលកត្តាទាំងអស់នេះហើយដែលអាចជំរុញឱ្យផលិតផលទាំងនោះ មានតម្រូវការទីផ្សារក្នុងស្រុកខ្លាំង ពិសេសទីផ្សារអន្តរជាតិ ដែលអាចនាំចេញដោយសមាជិកនៃសមាគមជាប្រតិបត្តិករ ឬក្រុមហ៊ុនកែច្នៃវេចខ្ចប់ផងដែរ។

សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ កម្ពុជា បានចុះបញ្ជីម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រចំនួន៤រួចមកហើយ ដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ និងចុងក្រោយនេះ គឺទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី៕




អត្ថបទបន្ទាប់


បណ្ឌិត អ៊ិន ចាន់នី៖ ការដួលរលំរបស់ធនាគារអាមេរិកធំពីរ មិនបានប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុកម្ពុជានោះទេ!

អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុអះអាងថា ការដួលរលំនៃធនាគារធំៗពីររបស់សហរដ្ឋអាមេរិកកាលពីពេលថ្មី ៗមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធធ…

កម្ពុជាកំពុងស្វែងរកប្រភពអគ្គិសនីបន្ថែម ខណៈកម្រិតនៃការប្រើប្រាស់អគ្គិសនីនៅកម្ពុជាបច្ចុប្បន្នកើនដល់ជាង២ពាន់មេហ្គាវ៉ាត់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានៅតែបន្តស្វែងរកប្រភពអគ្គិសនីបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការកើនឡើង និង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ