សារព័ត៌មាន The Nation បានរាយការណ៍នៅថ្ងៃទី១១ ខែឧសភា ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងក្រោមលក្ខខណ្ឌពិសេសក្រោយអនុវត្តទោសបាន២ភាគ៣។ ប៉ុន្តែសម្រាប់អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ ទិដ្ឋភាពនយោបាយថៃ នៅឆ្នាំ២០២៦ មិនមែនជាយុគសម័យមាសរបស់ត្រកូល ស៊ីណាវ៉ាត្រា ដូចមុនទៀតឡើយ បើទោះបីលោក ថាក់ស៊ីន ត្រូវបានដោះលែងឱ្យស្ថិតនៅក្រៅឃុំក៏ដោយ។
លោកបណ្ឌិត ភូរ៉ាវិច វ៉ាតាណាស៊ុក (Dr.Purawich Watanasukh) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យធម្មសាត បានលើកឡើងថា ប្រជាប្រិយភាពរបស់គណបក្សភឿថៃ និងក្រុមអាវក្រហម បានថយចុះទៅតាមពេលវេលា។ លោកបន្តថា សម័យកាលរុងរឿងរបស់ក្រុមអាវក្រហមទំនងជារសាត់បាត់ទៅតាមខ្យល់ ហើយឥទ្ធិពលបែបចាស់និយមរបស់លោក ថាក់ស៊ីន ទំនងជាមិនអាចស្តារប្រជាប្រិយភាពក្នុងបរិបទនយោបាយបែបទំនើបនោះទេ។
សារព័ត៌មាន Khaosod English បានរាយការណ៍ថា សេរីភាពដែលលោក ថាក់ស៊ីន ទទួលបានកាលពីព្រឹកម៉ោង៧:៤០នាទីថ្ងៃទី១១ ខែឧសភា ប៉ុន្តែជីវភាពនយោបាយរបស់លោកនៅតែជាចំណាប់ខ្មាំង និងមានដែនកំណត់។ លោកត្រូវបានហាមឃាត់មិនឱ្យចាកចេញពីតំបន់ស្នាក់នៅដោយគ្មានការអនុញ្ញាត និងត្រូវរាយការណ៍ជារៀងរាល់ខែ ដែលជាឧបសគ្គយ៉ាងធំក្នុងការចុះជួបមូលដ្ឋានសួរសុខទុក្ខអ្នកគាំទ្រ។
បើក្រឡេកមកមើលផ្ទៃក្នុងនយោបាយនៅប្រទេសថៃវិញ អ្នកវិភាគឯករាជ្យ សង្កេតឃើញថា អំណាចពិតប្រាកដបច្ចុប្បន្នកំពុងស្ថិតក្នុងដៃរបស់លោក អានុទីន ឆានវីរៈគុល ដែលជាអ្នកនយោបាយស្និទ្ធនឹងយោធា និងស្ថាប័នរាជានិយម ខណៈស្រទាប់យុវជនជំនាន់ថ្មីបែរទៅគាំទ្រគណបក្សប្រជាជនយ៉ាងគំហុក។
លើសពីនេះ កេរ្តិ៍ឈ្មោះរបស់លោក ថាក់ស៊ីន ក៏កំពុងរងការស្រអាប់ដោយសាររឿងអាស្រូវជុំវិញទំនាក់ទំនងជាមួយប្រទេសជិតខាង ដែលត្រូវបានគូប្រជែងនយោបាយយកមកវាយប្រហារតាមរយៈមនោសញ្ចេតនាជាតិនិយម។ ដូច្នេះ ដើម្បីស្តារសុខភាពនយោបាយរបស់ក្រុមអាវក្រហមឡើងវិញ លោក ថាក់ស៊ីន មិនត្រឹមតែត្រូវការពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែត្រូវការយុទ្ធសាស្ត្រវះកាត់ថ្មី ដើម្បីរើបម្រះចេញពីដែនកំណត់នៃសេរីភាព និងការធ្លាក់ចុះ នៃប្រជាប្រិយភាពនាពេលនេះ៕
ដោយៈ សរ សុជាតិ