សារព័ត៌មាន CNN បានធ្វើកិច្ចសម្ភាស ជាមួយអ្នកជំនាញយោធាជាច្រើនរូបនៅចិន និងតៃវ៉ាន់ ដើម្បីវិភាគពីការប្រយុទ្ធគ្នានៅក្នុងតំបន់ឈូងសមុទ្រពែក្សរយៈពេល២ខែចុងក្រោយនេះ។ ការសិក្សានេះធ្វើឡើងក្នុងបំណងចង់ដឹងថា តើនឹងមានអ្វីកើតឡើង ប្រសិនបើទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ប្រឈមមុខដាក់គ្នានាពេលអនាគត។ អ្នកជំនាញបានផ្តល់ការព្រមានថា ប្រទេសចិន អាចនឹងធ្លាក់ក្នុងហានិភ័យ ប្រសិនបើវាយតម្លៃសមត្ថភាពខ្លួនឯងខ្ពស់ពេក ខណៈដែលកងទ័ពនៅខ្វះបទពិសោធ សមរភូមិជាក់ស្តែង និងប្រកាន់ខ្ជាប់នូវទស្សនៈនិយមជ្រុលលើលទ្ធផលឈ្នះចាញ់។
លោក ហ្វ៊ូ ឆៀនសៅ (Fu Qianshao) អតីតវរសេនីយ៍ឯក នៃកងទ័ពអាកាសចិន បានលើកឡើងថា មេរៀនដ៏ធំធេងដែលកងទ័ពរំដោះប្រជាជនចិន ទទួលបានពីសង្គ្រាមនេះ គឺការមិនត្រូវមើលរំលងប្រព័ន្ធការពារខ្លួន។ លោកបានកត់សម្គាល់ពីរបៀបដែលអ៊ីរ៉ង់ អាចរកឃើញចន្លោះប្រហោង ដើម្បីវាយទម្លុះប្រព័ន្ធការពារមីស៊ីលដ៏ទំនើបរបស់អាម៉េរិក ដូចជា Patriot ឬ THAAD ជាដើម។ លោកបានបញ្ជាក់ប្រាប់ CNN ថា ចិន ចាំបាច់ត្រូវស្វែងរកចំណុចខ្សោយ នៃប្រព័ន្ធការពាររបស់ខ្លួនឯងឱ្យឃើញជាមុន ដើម្បីធានាបាននូវភាពរឹងមាំនៅក្នុងសង្គ្រាមនាពេលអនាគត។
ទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពចិន បានពង្រឹងសមត្ថភាពវាយលុកយ៉ាងខ្លាំងក្លា ដោយការបន្ថែមមីស៊ីលលឿនជាងសំឡេង ដែលអាចគេចផុតពីការស្ទាក់ចាប់ក៏ដោយ ប៉ុន្តែលោក Fu យល់ថា ការវាយលុក និងការការពារ គឺជាផ្នែកពីរផ្សេងគ្នា។ ប្រទេសចិនត្រូវតែបង្កើនប្រសិទ្ធភាពក្នុងការការពារទីតាំងយុទ្ធសាស្ត្រសំខាន់ៗ ដូចជាអាកាសយានដ្ឋាន និងកំពង់ផែ ពីការវាយឆ្មក់របស់សត្រូវដែលមិនអាចដឹងមុន។
លោកបានសង្កត់ធ្ងន់ថា ក្នុងសង្គ្រាមសត្រូវក៏មានសិទ្ធិអួតអាង និងមានយុទ្ធសាស្ត្រឆ្លាតវៃដូចគ្នា។ នេះគឺជាមេរៀនដែលកងទ័ពគ្រប់រូបត្រូវរៀនសូត្រពីសង្គ្រាមនៅអ៊ីរ៉ង់ ព្រោះនៅពេលដែលយើងកំពុងសិក្សាពីសត្រូវ សត្រូវក៏កំពុងដកស្រង់បទពិសោធ ពីយើងដូចគ្នា ហើយពួកគេអាចនឹងប្រើប្រាស់មេរៀនទាំងនោះមកវាយបកយើងវិញ ក្នុងរូបភាពដែលយើងនឹកស្មានមិនដល់៕
អត្ថបទៈ សួន ឡង់ទី