បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ប្រធានាធីបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរទៅ ដល់ទីក្រុងប៉េកាំង នៅថ្ងៃទី១៣ ខែឧសភា សម្រាប់ ជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងរូប លោក ជាមួយ ប្រធានាធិបតី ស៊ី ជីនពីង មុនពេលកិច្ចពិភាក្សា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែឧសភា។ តាមរយៈដំណើរទស្សនកិច្ចនេះនឹងផ្តល់ឱកាស ឱ្យលោក ត្រាំ និង លោក ស៊ី ជីនភីង បាន ជួបទល់មុខគ្នាលើកដំបូងក្នុងរយៈពេលជាង៦ខែ មក នេះ ហើយ វា ជា ដំណើរ ទស្សនកិច្ច លើក ដំបូងជាប្រវត្តិសាស្ត្រ របស់ លោក ត្រាំ ទៅ កាន់ ប្រទេស ចិន ចាប់ តាំង ពី ឆ្នាំ២០១៧ មក។
កិច្ចពិភាក្សានេះ ត្រូវបានរំពឹងថា នឹងផ្តោតលើភាពតានតឹងជាសកលធំៗរួមទាំងវិបត្តិសង្គ្រាមអ៊ីរ៉ង់ បញ្ហា កោះតៃវ៉ាន់ អាវុធនុយក្លេអ៊ែ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជម្លោះពាណិជ្ជកម្មរវាង មហាយក្សចិន និងសហរដ្ឋអាម៉េរិក។ ក្រុមមន្ត្រីអាម៉េរិក បានលើកឡើងថា ប្រទេសទាំងពីរអាច ពិភាក្សាអំពីការពង្រីកកិច្ចព្រមព្រៀងរ៉ែកម្រ ដែលអនុញ្ញាតឱ្យប្រទេសចិន បន្តផ្គត់ផ្គង់វត្ថុធាតុ ដើមសំខាន់ៗដល់សហរដ្ឋអាម៉េរិក។ ទន្ទឹម នេះ ប្រទេសចិន ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសពីការទិញយន្តហោះ Boeing ផលិតផលកសិកម្មអាម៉េរិក និងការផ្គត់ផ្គង់ថាមពលផងដែរ។
យោងតាមសេចក្ដីរាយការណ៍ ឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន កំពុងដាក់សម្ពាធលើទីក្រុងប៉េកាំង ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដាក់ គំនាប លើ អ៊ីរ៉ង់ ដើម្បីជួយកាត់បន្ថយជម្លោះនៅមជ្ឈិមបូព៌ា ខណៈដែលប្រទេសចិន ត្រូវបានរំពឹងថា នឹង លើកឡើងពី ការព្រួយបារម្ភអំពីការគាំទ្ររបស់សហរដ្ឋអាម៉េរិក ចំពោះ កោះតៃវ៉ាន់។
ជំនួ ប កំពូល នេះ កើតឡើងស្របពេលប្រទេសមហាអំណាចកំពូល ទាំងពីរ កំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងមានស្ថិរភាពឡើងវិញ បន្ទាប់ពីមានភាពតានតឹ ងនឹងគ្នាអស់រយៈពេលជាច្រើនខែដោយសារបញ្ហា ពន្ធគយដ៏ចម្រូងចម្រាស បញ្ហាយោធា ការប្រកួតប្រជែងបច្ចេកវិទ្យា និងជម្លោះប្រដាប់ អាវុធដែលកំពុងបន្តពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងរុស្ស៊ី៕
ដោយ: តែម សុខុម