សារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសង្គ្រោះស្ថិរភាពហិរញ្ញវត្ថុជាតិ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ដារិនដ្រា ម៉ូឌី បានស្នើឱ្យពលរដ្ឋផ្អាកការទិញមាសរយៈពេល១២ខែ ដើម្បីរក្សាទុនបម្រុងអន្តរជាតិ។ ទន្ទឹមនឹងនេះ លោក ក៏បានជំរុញឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងចៀសវាងការធ្វើដំណើរទៅក្រៅប្រទេសដែលមិនចាំបាច់ផងដែរ។ មាស ត្រូវបានចាត់ទុកជាទំនិញនាំចូលធំជាងគេទី២របស់ឥណ្ឌា បន្ទាប់ពីប្រេងឆៅ។ រដ្ឋាភិបាលទីក្រុងញូវដេលី កំពុងបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលវិបត្តិនៅតំបន់មជ្ឈិមបូព៌ា និងការឡើងថ្លៃថាមពលសកល កំពុងធ្វើឱ្យឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌារីកកាន់តែធំ និងជំរុញឱ្យប្រាក់រូពីបន្តធ្លាក់ថ្លៃ។
ជាយូរមកហើយ មាស មានតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌ឥណ្ឌា ដោយពលរដ្ឋតែងតែទិញមាសសម្រាប់ទុកជាទ្រព្យសន្សំ ប្រើប្រាស់ក្នុងពិធីមង្គលការ និងពិធីបុណ្យសាសនាផ្សេងៗ។ ហេតុនេះ អ្នកវិភាគយល់ថា វានៅតែជាមន្ទិលសង្ស័យថា តើប្រជាជនឥណ្ឌានឹងអាចអនុវត្តតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីបានកម្រិតណា។
ទោះជាយ៉ាងណាក៏ដោយ ប្រតិកម្មភ្លាមៗបានកើតឡើងនៅលើទីផ្សារហិរញ្ញវត្ថុ ដោយភាគហ៊ុនរបស់ក្រុមហ៊ុនគ្រឿងអលង្ការខ្នាតយក្សរបស់ឥណ្ឌា បានដាំក្បាលចុះយ៉ាងខ្លាំង ក្នុងនោះភាគហ៊ុនមួយចំនួនបានធ្លាក់ចុះរហូតដល់ទៅជិត១០% ដែលឆ្លុះបញ្ចាំងពីក្តីបារម្ភរបស់វិនិយោគិនចំពោះតម្រូវការមាសនាពេលអនាគតនៅក្នុងប្រទេស ដែលប្រើប្រាស់មាសច្រើនបំផុតមួយលើពិភពលោកនេះ៕
ដោយ: តែម សុខុម