នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយជាមួយនឹងទស្សនវិស័យថវិកាប្រចាំឆ្នាំរបស់ខ្លួនការិយាល័យថវិកាជាតិសភាអាមេរិក ឬហៅកាត់ថា CBO បានព្រមានថា ការឈានដល់កំរិតបំណុល ជាប្រវត្តិសាស្ត្រ និងភាពជាប់គាំង អាចកើតឡើងមុនខែកក្កដា ប្រសិនបើចំណូលដែលក្រសួងហិរញ្ញវត្ថុប្រមូលបាននៅក្នុងខែមេសាខាងមុខ ជាពេលដែលប្រជាជនអាមេរិកភាគច្រើនជាងធម្មតាបានបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ មានតិចជាងការរំពឹងទុក។
របាយការណ៍ដដែលបន្តថា ប្រសិនបើមិនមានការផ្អាកការកម្រិតពិដានបំណុល ឬមួយមិនមានការដំឡើងពិដានបំណុលឲ្យខ្ពស់ជាងមុនទេនោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោននឹងមិនអាចធ្វើការចំណាយទៅតាមកាតព្វកិច្ចរបស់ខ្លួនបានឡើយ។ ជាលទ្ធផល រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងត្រូវពន្យារពេលលើការចំណាយ សម្រាប់សកម្មភាពមួយភាគធំ។
នៅក្នុងការអះអាងដាច់ដោយឡែកមួយ ការិយាល័យថវិកាជាតិសភាអាមេរិក និយាយថា ឱនភាពថវិកាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនឹងមានជាមធ្យម ២ទ្រីលានដុល្លារនៅចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០៣៣។ ដោយសារតែឱនភាពថវិកាដ៏ច្រើនសម្បើមនេះទើប អ្នកនយោបាយមកពីបក្សសាធារណៈរដ្ឋ តែងទាមទារ ឱ្យរដ្ឋបាលលោក ចូ បៃឌិន ដែលមកពីគណបក្សប្រជាធិបតេយ្យ កាត់បន្ថយចំណាយរបស់ខ្លួន ជាជាងការបន្តដំឡើងពិដានបំណុល។
ទន្ទឹមនឹងនេះ ការិយាល័យដដែលនេះ បានប៉ាន់ប្រមាណអត្រាភាពគ្មានការងារធ្វើចំនួន ៤,៧%នៅក្នុងឆ្នាំនេះ ដែលលើសពី ៣,៤% ជាអត្រាបច្ចុប្បន្ន។
គួរជម្រាបថា ការដែលសហរដ្ឋអាមេរិកឈានដល់កំរិតបំណុលខ្ពស់បំផុតដូចនេះ ក៏ដោយសារតែច្បាប់នៃការចំណាយនាពេលថ្មីៗនេះ រួមទាំងការវិនិយោគលើថាមពលស្អាត និងគ្រឿងអេឡិចត្រូនិក និងការចំណាយយោធាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ រួមជាមួយនឹងសេវាថែទាំសុខភាព ប្រាក់សោធននិវត្តន៍ និងការចំណាយលើការប្រាក់ខ្ពស់ជាដើម។
គណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភាតំណាងរាស្រ្ដ បានដាក់លក្ខខណ្ឌថាពួកគេ នឹង បង្កើនកម្រិតបំណុល លុះត្រាតែមានសម្បទានពីគណបក្សប្រជាធិបតេយ្យ ដោយត្រូវយល់ព្រមលើការកាត់បន្ថយការចំណាយមួយចំនួនធំជាមុនសិន។ ចំណែកក្រុមអ្នកប្រជាធិបតេយ្យបាននិយាយថា ដែនកំណត់បំណុលមិនគួរត្រូវបានយកមកធ្វើជាចំណាប់ខ្មាំង ដោះដូរបែបនេះទេ។
សូមជម្រាបថា ទាំងរដ្ឋមន្ត្រីហរិញ្ញវត្ថុ និងទាំងប្រធានាធិបតីអាមេរិក សុទ្ធតែបានព្រមានដូចៗគ្នាថា សេដ្ឋកិច្ចអាមេរិកនឹងជួបមហន្តរាយ ប្រសិនបើពិដានបំណុលមិនត្រូវបានគេដំឡើង ឬផ្អាកសិនទេនោះ៕