ផ្សារទំនើបនេះ ជាផ្នែកមួយនៃអគារ The Peak ដែលជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ Oxley ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងដៃគូកម្ពុជា ក្រុមហ៊ុន WorldBridge Land របស់ឧកញ៉ា សៀ ឫទ្ធី ដែលល្បីល្បាញខាងមុខជំនួញ logistics អចលនទ្រព្យ និងជំនួញធំៗជាច្រើនទៀត នៅកម្ពុជា។
អគារ The Peak ដែលសព្វថ្ងៃកំពុងសាងសង់យ៉ាងមមាញឹក មានទីតាំងស្ថិតនៅក្នុងខណ្ឌចម្ការមន នៅចំកណ្ដាលរាជធានីភ្នំពេញ។ អគារកម្ពស់ ៥៥ជាន់នេះ ជាបណ្ដុំនៃការិយាល័យធ្វើការ លំនៅដ្ឋានបែបប្រណីតជាលក្ខណៈអាផាតមិន ចំនួនជាង ១ពាន់យូនីត ផ្សារទំនើប និងសណ្ឋាគារប្រណីត Shangri-La។ គម្រោងអគារស្កឹមស្កៃនេះ គ្រោងនឹងបញ្ចប់ការសាងសង់និងបើកឲ្យដំណើរការនៅឆ្នាំ២០២០។
ក្រុមហ៊ុនសិង្ហបុរី CapitaLand នៅក្រោមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកម្ពុជា WorldBridge Land របស់លោកឧកញ៉ា សៀ ឫទ្ធី នឹងទទួលខុសត្រូវគ្រប់គ្រងទៅលើការធ្វើផែនការទ្រព្យ ការរៀបចំនៅមុនពេលបើក និងប្រតិបត្តិការលក់រាយរបស់ផ្សារទំនើបដែលមាន ៥ជាន់ នៅលើអគារ The Peak សរុបផ្ទៃក្រឡាជិត ១សែន ៣ម៉ឺនម៉ែត្រការ៉េ។
នាយកប្រតិបត្តិផ្នែកផ្សារនិងអាជីវកម្មលក់រាយរបស់ CapitaLand លោក Wilson Tan មានប្រសាសន៍នៅក្នុងប្រកាសព័ត៌មាន ថា «ជាមួយនឹងទីតាំងយុទ្ធសាស្ត្រស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ ព្រមទាំងភាពទំនើបនិងគុណភាពខ្ពស់នៃអគារ The Peak នេះ ផ្សារទំនើបរបស់យើងប្រាកដជាបំពេញបានទៅតាមតម្រូវការរបស់អ្នកទីក្រុងភ្នំពេញ ដែលចង់បាននូវទំនិញដែលមានគុណភាពខ្ពស់ និងផាសុកភាពនៃការដើរផ្សារទិញទំនិញ»។
ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Oxley Holdings ដែលចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជា WorldBridge Land អភិវឌ្ឍអគារខ្ពស់ស្កឹមស្កៃ The Peak លោក Ching Chiat Kwong មានថ្លែងថា «ដោយមាន CapitaLand ជាអ្នកគ្រប់គ្រងផ្សារទំនើបរបស់យើង យើងមានភាពជឿជាក់ខ្លាំងក្នុងការបង្កើនប្រាក់ចំណេញសម្រាប់គម្រោង The Peak ដោយផ្ដោតសំខាន់ទៅលើកិច្ចការស្នូលរបស់យើងក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយទីផ្សារសម្រាប់គម្រោងនេះ។ ដោយសារក្រុមហ៊ុន Oxley មានវត្តមាននិងជំនួញធំៗនៅបណ្ដាប្រទេសនានានៅលើពិភពលោក ដូចជា សិង្ហបុរី ចក្រភពអង់គ្លេស អៀរឡង់ ចិន ឥណ្ឌូនេស៊ី និងសហភាពមីយ៉ាន់ម៉ា យើងសម្លឹងឃើញលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិកាន់តែស៊ីជម្រៅថែមទៀតជាមួយក្រុមហ៊ុន CapitaLand នាពេលអនាគត»។
គួររំឭកថា ទាំងក្រុមហ៊ុន CapitaLand និងក្រុមហ៊ុន Oxley សុទ្ធតែជាក្រុមហ៊ុនធំ ដែលមានវត្តមាននៅលើទីផ្សារហ៊ុននៅសិង្ហបុរី ហើយក្រុមហ៊ុន Oxley បានចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជា WorldBridge Land អភិវឌ្ឍគម្រោងអគារ ៥៥ជាន់ The Peak៕