កំពង់ផែស្វយ័តព្រះសីហនុ

ទំនិញ និងទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តព្រះសីហនុនៅតែមានកំណើន ទោះមានការកកស្ទះយ៉ាងណាក្តី


ថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុបានអះអាងថា ទំនិញនិងទូរកុងតឺន័រចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅតែរក្សាបាននូវកំណើនក្នុងរង្វង់១៤% ក្នុង១ឆ្នាំ ទោះបីមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងបញ្ហាកកស្ទះនៅកំពង់ផែក៏ដោយ។
កំពង់ផែស្វយ័តព្រះសីហនុ រូបភាព ៖​​ ក្រសួងសាធារណៈការ និងដឹកជញ្ជូន
ដោយ

ទន្ទឹមនឹងនេះ ដើម្បីបង្កើនសមត្ថភាព និងត្រៀមឆ្លើយតបនឹងកំណើនទំនិញ និងទូកុងតឺន័រចេញចូលកំពង់ផែនាពេលបច្ចុប្បន្ន និងទៅអនាគត កំពង់ផែស្វយ័តក្រុងព្រះសីហនុក្រោមជំនួយបច្ចេកទេសនិងហិរញ្ញប្បទានរបស់ជប៉ុន កំពុងលើកកម្ពស់គុណភាព និងជម្រៅទឹកនៃកំពង់ផែនេះឲ្យកាន់តែប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនជឿជាក់ថា សេដ្ឋកិច្ចខេត្តព្រះសីហនុនឹងមានការរីកចម្រើនមួយកម្រិតទៀត ក្រោយកំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវបានលើកកម្ពស់គុណភាព និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដាក់ឲ្យដំណើរការឆាប់ៗនេះ។

ឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា ស្ថានភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្នកំពុងស្ថិតក្នុងភាពកកស្ទះ ដោយាសារការកើនឡើងចំនួនទូកុងតឺន័រ និងទំនិញចេញចូលកំពង់ផែនេះ។ កំពង់ផែនេះមានសមត្ថភាពអាចផ្ទុកទូកុងតឺន័របានតែក្រោម៧០ម៉ឺនទូកុងតឺន័រក្នុង១ឆ្នាំ តែកាលពីឆ្នាំ២០២១ កន្លងទៅ ទូកុងតឺន័រឆ្លងកាត់កំពង់ផែនេះ មានរហូតលើស ៧០ម៉ឺនទូកុងតឺន័រ។ ការកើនឡើងនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឡូ គឹមឈន់។

ថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុរូបនេះអះអាងថា ទោះបីកំពង់ផែស្វយ័តក្រុងព្រះសីហនុស្ថិតក្នុងស្ថានភាពកកស្ទះ និងមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ តែចំនួនទូកុងតឺន័រ និងទំនិញចេញចូល និងប្រាក់ចំណូលរបស់កំពង់ផែនេះនៅតែរក្សាបានកំណើនគួរឲ្យកត់សម្គាល់។ ក្នុងនោះទូកុងតឺន័រឆ្លងកាត់មានកំណើន១៦% ទំនិញកើន១៤% និងប្រាក់ចំណូលកើន១៤%។

ដើម្បីឆ្លើយតបនឹងកំណើនទូរកុងតឺន័រ និងទំនិញចេញចូលកំពង់ផែនេះនាពេលបច្ចុប្បន្ន និងទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការសហការពីអង្គការ JICA របស់ជប៉ុនកំពុងស្តារនិងលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យមានជម្រៅជ្រៅជាងមុន។ បើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការពង្រីកដំណាក់កាលទី១នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងមានជម្រៅ ១៤,៥ម៉ែត្រ ដែលអាចឲ្យកប៉ាល់ដឹកទំនិញទម្ងន់៦ម៉ឺនតោន ឬប្រមាណ៤ពាន់ TEU ចូលចតបាន។ ការពង្រីក និងលើកកម្ពស់គុណភាពដំណាក់កាលទី១នេះ គ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៥ ខាងមុខ។

តាមរយៈការលើកកម្ពស់គុណភាពកំពង់ផែស្វយ័ត និងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងគម្រោងសិក្សាផ្លូវដែកល្បឿនលឿនពីប៉ោយប៉ែត្រមកភ្នំពេញ ពីភ្នំពេញមកខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជឿជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងក្លាយជាប៉ូលសេដ្ឋកិច្ចពិសេសរបស់កម្ពុជា។ ជាពិសេសវានឹងជួយឲ្យសេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែមានភាពរីកចម្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រែក្លាយខេត្តនេះឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ជប៉ុន បានផ្តល់ហិរញ្ញប្បទានជាង២០០លានដុល្លារដល់កម្ពុជា ដើម្បីពង្រីកទំហំចរាចរណ៍ និងលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ បើតាមផែនការអភិវឌ្ឍន៍ឆ្នាំ២០២០-២០៣០ ការពង្រីកកំពង់ផែក្រុងព្រះសីហនុគ្រោងធ្វើឡើង៥ជំហាន ដោយជំហានទី១ គ្រោងបញ្ចប់នៅឆ្នាំ២០២៥ មានជម្រៅ១៤,៥ម៉ែត្រ ដែលអាចឲ្យនាវាផ្ទុកកុងតឺន័រខ្នាតធំៗចំណុះដល់៦ម៉ឺនតោនអាចចូលចតបាន។ ចំណែកជំហានទី២ និងទី៣មានជម្រៅ១៦ម៉ែត្រ និង១៧,៥ម៉ែត្រ ខណៈអង្គការ JICA កំពុងសិក្សាលើជំហានទាំងនេះ។ ជាមួយគ្នានេះជំហានទី៤ និងទី៥ គ្រោងពង្រីកដល់ជម្រៅ១៨,៥ម៉ែត្រ និង១៩ម៉ែត្រ៕

None



អត្ថបទបន្ទាប់


រដ្ឋមន្រ្តីកសិកម្ម៖ បញ្ហាដឹកជញ្ជូនឡើងថ្លៃខ្ពស់ កំពុងប្រឈមកាន់តែខ្លាំងដល់ដំណើរការនាំចេញកសិផលកម្ពុជាឆ្នាំនេះ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា វិស័យកសិកម្មកម្ពុជាគឺមានប្រឈមច្រើន ហើយមួយរយៈកន្លងមកនេះ វិស័យ…

ព្រលានយន្តហោះតារាសាគរជោគជ័យលើការធ្វើតេស្តបច្ចេកទេសហោះហើរដំបូង

អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុង ទទួលបានជោគជ័យលើការធ្វើតេស្តបច្ចេកទេសហោះហើរសាកល្បងដំណាក់កាលទី១ ក្រោយចំណាយពេល៨ថ្ងៃលើការធ្វើត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ