ដំណាំស្វាយចន្ទី

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃរាប់លានដុល្លារ ដែលមានសមត្ថភាពផលិតជាង១ម៉ឺនតោនក្នុង១ឆ្នាំនៅខេត្តកំពង់ធំ បានបើកការសាងសង់ហើយ


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន យូនីក ណូប៊ល ត្រេតឌីង ដែលមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីបានជាង១ម៉ឺនតោនក្នុង១ឆ្នាំ នៅខេត្តកំពង់ធំ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ រោងចក្រ ដែលមានតម្លៃវិនិយោគរាប់លានដុល្លារនេះ អភិវឌ្ឍន៍លើផ្ទៃដីប្រមាណ២០ហិកតា ដែលជាផែនការវិនិយោគសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ដំណាំស្វាយចន្ទី
ដោយ

ក្រៅពីរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ក្រុមហ៊ុននេះក៏នឹងបង្កើតរោងចក្រគាបសំបកគ្រាប់ស្វាយចន្ទីយកប្រេង និងរោងចក្រផលិតជីពីកាកសំណល់ផងដែរ។ ថ្នាក់ដឹកនាំសមាគមស្វាយចន្ទីកម្ពុជា រំពឹងថា តាមរយៈរោងចក្រនេះ វានឹងជួយធ្វើឱ្យទីផ្សារ និងតម្លៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងល្អប្រសើរបន្ថែមទៀត។

នៅទីបំផុតខេត្តកំពង់ធំ ទទួលបានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយបន្ថែមទៀតហើយ បន្ទាប់ពីក្រុមហ៊ុន យូនីក ណូប៊ល ត្រេតឌីង បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្លួន ដែលស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំកាលពីពេលថ្មីៗ។ បើតាមការគូសបញ្ជាក់របស់លោកស្រី ពិន ភិរម្យ អគ្គនាយកក្រុមហ៊ុន យូនីក ណូប៊ល ត្រេតឌីង រោងចក្រដែលមានតម្លៃរាប់លានដុល្លារ និងអភិវឌ្ឍន៍លើផ្ទៃដី២០ហិចតានេះ មានសមត្ថភាពអាចកែច្នៃគ្រាប់ស្វាយចន្ទីជាមធ្យម៣០តោនក្នុងមួយថ្ងៃ ពោលគឺប្រមាណជាង១ម៉ឺនតោនក្នុង១ឆ្នាំ។ តាមរយៈរោងចក្រនេះនឹងផ្តល់ការងារជូនប្រជាពលរដ្ឋចន្លោះពី២០០-៤០០នាក់។

លោកស្រីបានអះអាងថា ក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទី ក្រុមហ៊ុននឹងកែច្នៃសំបកគ្រាប់ស្វាយចន្ទីគាបយកប្រេង កែច្នៃកាកសំណល់ធ្វើជាជីសម្រាប់ឲ្យប្រជាកសិករយកទៅប្រើប្រាស់ក្នុងតម្លៃសមរម្យ ម្យ៉ាងវិញទៀតនៅក្នុងផ្ទៃដី២០ហិចតានេះ ក៏មានវត្តមានរោងចក្រគ្រឿងអេឡិចត្រូនិកសម្រាប់កែច្នៃគ្រាប់ស្វាយចន្ទី ដែលសហការយ៉ាងល្អជាមួយក្រុមហ៊ុន ថាញ់ដាត ប្រទេសវៀតណាម ផងដែរ។

ជាមួយគ្នានេះ លោក អួន ស៊ីឡុង ប្រធានសមាគមស្វាយចន្ទីកម្ពុជា រំពឹងថា តាមរយៈរោងចក្រខាងលើវានឹងធ្វើឱ្យទីផ្សារ និងតម្លៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ឱ្យមានភាពល្អប្រសើរបន្ថែមទៀត។ ប្រធានសមាគមរូបនេះយល់ឃើញថា កាលណាកម្ពុជា មានរោងចក្រកាន់តែច្រើន នោះវាមិនត្រឹមតែជួយផ្តល់តម្លៃបន្ថែមដល់ប្រជាពលរដ្ឋកាន់តែខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការនាំចេញ និងការក្រឡុកទីផ្សារពីឈ្មួលខិលខូចមួយចំនួនផងដែរ។

​ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ដែលតំណាងឱ្យឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ធ្វើជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ បានបង្ហាញការស្វាគមន៍ចំពោះការសាងសង់រោងចក្រកែច្នៃស្វាយចន្ទីនៅលើទឹកដីខេត្តកំពង់ធំនេះ។ ឯកឧត្តមបានចាត់ទុកការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅសាលាវិស័យ ខេត្តកំពង់នេះ ពិតជាមានសារសំខាន់ និងគុណប្រយោជន៍ដល់ប្រជាកសិករ ដែលកំពុងដាំដុះលើដំណាំនេះ ដោយសារឃុំនេះ គឺជាឃុំដែលមានដំណាំស្វាយចន្ទីច្រើន ដែលប្រជាកសិករនៅតាមមូលដ្ឋាននីមួយៗកំពុងតែដាំដុះ ធ្វើឲ្យសក្ដានុពលមានវិសាលភាពធំធេងគួរឲ្យកត់សម្គាល់ ក្នុងនោះក្រុមហ៊ុន ក៏អាចប្រមូលទិញពីមជ្ឈដ្ឋានផ្សេងៗ ដែលបានដាំដុះ ដើម្បីយកមកកែច្នៃ ធ្វើការនាំចេញទៅក្រៅប្រទេសទូទាំងពិភពលោកផងដែរ។

បើតាមការគូសបញ្ជាក់របស់លោក អួន ស៊ីឡុត បច្ចុប្បន្នកម្ពុជា មានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួន៥២ ក្នុងនោះ៦ជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិតចន្លោះពី៧ពាន់តោន ទៅ១៤ម៉ឺនតោនក្នុង១ឆ្នាំ ខណៈ​៤៨សហគ្រាសជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ៕




អត្ថបទបន្ទាប់


ធនាគារ ព្រីនស៍ ម.ក បានតែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី

[ភ្នំពេញ ថ្ងៃទី19 ខែធ្នូ ឆ្នាំ2024] ធនាគារ ព្រីនស៍ ម.ក ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែ…

តើប្រទេសថៃ អាចវ៉ាឈ្នះប្រទេសសិង្ហបុរី ក្លាយជាមជ្ឈមណ្ឌលវិនិយោគពិភពលោកនៅឆ្នាំ២០២៥ ដែរឬទេ?

ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី គ្រោងដាក់ឱ្យអនុវត្តពន្ធអប្បបរមាជាសកល ដែលកំណត់ដោយអង្គការសម្រាប់ការអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ