ការសងប្រាក់កម្ចីទៅធនាគារ និងមីក្រូហិរញ្ញវត្ថុ

អាចទៅរួចទេ ធនាគារ និងមីក្រូហិរញ្ញវត្ថុផ្អាកការសងកម្ចី៣ខែ សម្រាប់ពលរដ្ឋ​នៅអំឡុងពេលកូវីដ-១៩ រាតត្បាតខ្លាំងនេះ?


ក្រុមអង្គការសង្គមស៊ីវិល និង សមាគមជាង១០០ ស្ថាប័ន បានរួមគ្នាស្នើទៅកាន់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យធនាគារ និង មីក្រូហិរញ្ញវត្ថុ ផ្អាកការបង់ប្រាក់កម្ចី និង ការប្រាក់ទាំងអស់ សម្រាប់រយៈពេលយ៉ាងតិច៣ខែ ដល់ពលរដ្ឋដែលជាអ្នកខ្ចីប្រាក់។ តើសំណើផ្អាកសងប្រាក់ទៅធនាគារ និង មីក្រូហិរញ្ញវត្ថុនេះ អាចធ្វើទៅរួចដែរទេ? ហើយអ្នកជំនាញខាងវិស័យធនាគារ និង ហិរញ្ញវត្ថុវិញ យល់ឃើញបែបណាខ្លះ?តើមានដំណោះស្រាយសមស្របអ្វីខ្លះ ក្នុងការជួយពលរដ្ឋនៅអំឡុងពេលដ៏លំបាកនេះ?
បុគ្គលិកធនាគារ កំពុងផ្ដល់សេវាជូនអតិថិជន (រូបភាពឯកសារ)

ការស្នើ​ឡើង​របស់​អង្គការ​សង្គមស៊ីវិលទាំងនោះ នៅចំពេលដែល ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​វិ​វត្ត​ទៅ​រក​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​កាន់តែ​ខ្លាំង​ឡើង​ៗ ខណៈ​ដែល​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ក៏​មាន​កាន់តែ​ច្រើន​ឡើង​ដែរ​។

ជុំវិញទៅនឹងរឿងនេះ លោក បណ្ឌិត អុិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា និង ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ប្រាប់ ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ការ​ស្នើ​សុំ​របស់​អង្គការ​សង្គម​ស៊ី​វិល​នោះ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារ​តែ​ធនាគារ​ក៏​ជា​កូនបំណុល​ដែរ​។ កូនបំណុល​នៅ​ត្រង់​ថា ធនាគារ​ក៏​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន និង មានកា​តា​ព្វ​កិច្ច​សងការ​ប្រាក់​ទៅ​កាន់​អតិថិជន​ដែរ​។

ទោះ​យ៉ាងណា លោក​បណ្ឌិត អុិ​ន ចាន់​នី បាន​បញ្ជាក់​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ គឺជា​ដំណោះស្រាយ​មួយ​ដ៏​មាន​តុល្យភាព រវាង​អតិថិជន ជាមួយនឹង​ធនាគារ ដែល​កំពុង​តែ​ជួប​ការ​លំបាក​ខ្លាំង នៅ​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ជាមួយ​គ្នា​នេះ​ដែរ លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ ការ​ស្នើ​សុំ​ផ្អាក​ការ​សងបំណុល​នេះ នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ​ទាំងមូល ហើយ​វា​ពិតជា​លំបាក​ក្នុង​ការ​អនុវត្ត ដែល​ការ​ស្នើ​សុំ​របស់​អង្គការ​សង្គម​ស៊ី​វិល​ឲ្យ​ផ្អាក​ការ​សងបំណុល​យ៉ាងតិច​៣​ខែ​នោះ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​បាន​ទេ​។

ជុំវិញ​សំណើ​ផ្អាក​ការ​សង​ប្រាក់​កម្ចី​ពី​សំណាក់​អង្គការ​សង្គម​ស៊ី​វិល​នេះ​ដែរ ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស ក៏​បាន​ព្យាយាម​ទាក់ទង​ទៅ​ខាង​ធនាគារជាតិ នៃ​កម្ពុជា​ផង​ដែរ ប៉ុន្តែ​មិន​មានការ​ឆ្លើយ​តប​នោះ​ទេ​។

បើ​ទោះបីជា​ខាង​ធនាគារ និង មីក្រូហិរញ្ញវត្ថុ មិន​អាច​ឲ្យ​អ្នក​ខ្ចីប្រាក់​ផ្អាក​ការ​សង​ប្រាក់​នៅ​អំឡុង​ពេល​នេះ​ក៏​ដោយ​ចុះ ប៉ុន្ដែ នៅ​ថ្ងៃ​ទី ០៧ មេ​សា ឆ្នាំ​២០២១ ខាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​កម្ពុជា ក៏​បាន​រួម​គ្នា ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន ៦​ចំណុច ដែល​បន្ថែម​ពីលើ​គោលការណ៍​រៀបចំ​ឥណទាន​ឡើង​វិញ ដែល​បាន​និង​កំពុង​អនុវត្ត ហើយ​វិធានការ​នេះ ក៏​មាន​លក្ខខណ្ឌ​អនុគ្រោះ​ច្រើន​សម្រាប់​អ្នក​ដែល​រង​គ្រោះ​ជាក់ស្ដែង ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ ផង​ដែរ​។

គោល​ការណ៍​ទាំង​៦​ចំណុច​នោះ រួម​មាន​៖

ទី​១. សម្រាប់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩៖ លើកលែង​ការ​បង់ការ​ប្រាក់ និង​រាល់​ការ​ផាកពិន័យ​ទាំងអស់ រយៈពេល​យ៉ាងតិច​មួយ​ខែ ព្រមទាំង​ទទួល​បានការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​) រួម​ទាំង​ការ​ពន្យារ​ការ​បង់ប្រាក់​ដើម​រយៈពេល​បី​ខែ​។  រាល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

២. សម្រាប់​អតិថិជន​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​៖ ផ្តល់​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​)  រួម​ទាំង​ពន្យារ​ការ​បង់​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់​រយៈពេល មួយ​ខែ និង​លើកលែង​រាល់​ការ​ផាកពិន័យ​ទាំងអស់​។ 

៣. បន្ត​ធ្វើការ​ផ្តល់​ជូន​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ឲ្យ​បាន​ឆាប់រហ័ស និង​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ 

៤. បញ្ចេញ​ឥណទាន​សង្គ្រោះ​បន្ទាន់ ឬ បន្ថែម  ដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ ព្រមទាំង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ដើម្បី​ជួយ​បន្ត និង ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​គ្រួសារ និង អាជីវកម្ម​មុន និង​ក្រោយ​ពេល​មាន​វិបត្តិ​។

៥. ធ្វើការ​រៀបចំ​ឥណទាន​ឡើង​វិញ ព្រមទាំង​លើកលែង​រាល់​ការ​ផាកពិន័យ​ទាំងអស់ សម្រាប់​អតិថិជន​ដែល​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​ទី​មួយ សម្រាប់​រស់នៅ (First Home Owner)​។

ទី​៦​ចុង​ក្រោយ​នេះ គឺ​ផ្តល់​នូវ​ការ​អនុគ្រោះ​សម្រាប់​អតិថិជន​ដែល​ទទួលមរណភាព​ដោយ​ជំងឺ​កូ​វី​ដ​-១៩ តាម​លទ្ធភាព​ជាក់ស្តែង​របស់​គ្រឹះស្ថាន​នីមួយ​ៗ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ មាន​អតិថិជន​ប្រមាណ​៣៤​ម៉ឺន​នាក់​ហើយ  ទទួល​បានការ​រៀបចំ​ឥណទាន​ឡើង​វិញ ក្នុង​ទំហំ​ឥណទាន​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ចំពោះ​យន្តការ​នៃ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ភាគច្រើន​នៃ​អតិថិជន​ទាំងនោះ បាន​ជ្រើស​យក​ជម្រើស​បង់​តែ​ការ​ប្រាក់​ក្នុង​រយៈពេល ៣​ទៅ​៦​ខែ ពន្យារ​រយៈពេល​សង​កម្ចី ឬ​ផ្អាក​បង់​ទាំង​ការ​ប្រាក់ និង​ប្រាក់​ដើម​រយៈពេល ៣​ទៅ​៦​ខែ ក្នុង​ករណី​ដែល​អតិថិជន​រង​ផល​ប៉ះពាល់​ខ្លាំង​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តៃវ៉ាន់ថា ត្រៀមប្រយុទ្ធដល់ទីបញ្ចប់ ប្រសិនបើ​ចិនវាយប្រហារ

ព័ត៌មាន
រដ្ឋមន្ត្រី​ការបរទេស​កោះតៃវ៉ាន់​បាននិយាយនៅថ្ងៃពុធ (ទី៧ មេសា)នេះថា កោះតៃវ៉ាន់​នឹង​ប្រយុទ្ធដល់ទីបំផុត ប្រសិនបើ​ចិន​វាយប្រហារ ។ នេះបើ...

ក្រសួងរកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ចំនួន ១១៣នាក់ ខណៈ​អ្នកជាសះស្បើយ​មាន ៩០នាក់ និងស្លាប់០២ករណី

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺ​កូវីដ-១៩​ចំនួន​១១៣នាក់​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ