ក្នុងចំណោមគម្រោងវិនិយោគដែល CDC បានអនុម័តទាំងនេះ ការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី១ រីឯការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែកប្រមាណជាង៩៣%នៃការវិនិយោគសរុប។ តាមរយៈកំណើននេះ អ្នកជំនាញសេដ្ឋកិច្ច រំពឹងថា វានឹងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ២០២៤ នេះ និងឆ្នាំបន្តបន្ទាប់ទៀតផងដែរ។
តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដំណើរការនៃការចុះបញ្ជីគម្រោងវិនិយោគថ្មីៗនៅកម្ពុជា នាដើមឆ្នាំនេះ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន១០៦គម្រោងជាមួយទុនវិនិយោគសរុបប្រមាណ២ពាន់២រយលានដុល្លារ និងអាចបង្កើតការងារបានជាង១០ម៉ឺនកន្លែង។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឃើញថា គម្រោងវិនិយោគបានកើនឡើងចំនួន ៦៧គម្រោង និងទុនវិនិយោគមានការកើនឡើងប្រមាណជិត២ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ ៦៤៩%។ គម្រោងវិនិយោគទាំងនេះភាគច្រើនស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ជុំវិញស្ថានភាពវិនិយោគនៅកម្ពុជានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បើទោះបីជាវិបត្តិសេដ្ឋកិច្ចសកលនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយក្តី ប៉ុន្តែទំនោរវិនិយោគពីបណ្តាវិនិយោគិនបរទេសចូលមកកម្ពុជា ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់នៅដើមឆ្នាំ២០២៤នេះ។ អ្នកជំនាញរូបនេះវាយតម្លៃថា កំណើននៃការវិនិយោគនៅកម្ពុជានេះ គឺដោយសារាជរដ្ឋាភិបាលកម្ពុជា មានសុឆន្ទៈនៅក្នុងការទូតសេដ្ឋកិច្ច រួមទាំងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តជាច្រើនលើពិភពលោក គួរផ្សំកម្ពុជា មានច្បាប់វិនោយោគថ្មីដែលទាក់ទាញ និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ និងបំពេញតាមតម្រូវការរបស់វិនោយោគិនទាំងនោះ។ តាមរយៈការរីកច្រើននៃកំណើនវិនិយោគនេះដែរ លោកបណ្ឌិត ហុង វណ្ណៈ ជឿជាក់ថា វានឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀតឱ្យមានភាពល្អប្រសើរជាលំដាប់។
សូមជម្រាបថា នៅក្នុងចំណោមគម្រោងវិនិយោគដែល CDC បានអនុម័តក្នុងត្រីមាសទី១ឆ្នាំនេះ ភាគច្រើនជាគម្រោងវិនិយោគដែលស្ថិតក្នុងវិស័យឧស្សាហកម្ម ដែលបានរួមចំណែកដល់ជាង៩០% នៃគម្រោងសរុប។ ក្នុងនោះដែរ ការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី១ ដែលបានបោះទុនវិនិយោគច្រើនជាងគេ ដែលមានប្រមាណជាង៥៨% បន្ទាប់មកគឺវិនិយោគិនមកពីប្រទេសចិន ដែលបានឈរនៅលំដាប់លេខរៀងទី២ និងក្ដោបក្ដាប់ការវិនិយោគជាង៣៥% ខណៈវិនិយោគិនមកពីប្រទេសសិង្ហបុរី បានឈរនៅលំដាប់លេខរៀងទី៣ និងមកពីប្រទេសវៀតណាមឈរនៅលំដាប់លេខរៀងទី៤៕