គម្រោងវិនិយោគទាំង ៥ នោះរួមមាន គម្រោងបង្កើតរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន Inter-Mattrid Beverage (Cambodia) ដែលមានទុនវិនិយោគ ៧៨ លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្មក្រុមហ៊ុន Ruizexing Chemical Technology មានទុនវិនិយោគជាង ២០ លានដុល្លារ និង គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក របស់ក្រុមហ៊ុន Sing Fu Sun(Cambodia) Plastic មានទុនវិនិយោគជិត ១២ លានដុល្លារ។
ចំណែកគម្រោង ២ ទៀត មានគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន Blissfull Capital ស្ថិតនៅតាមផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ ក្រុងភ្នំពេញ មានទុនវិនិយោគជាង ៩ លានដុល្លារ និង គម្រោងបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់ សម្រាប់សត្វចិញ្ចឹម របស់ក្រុមហ៊ុន Chunteng Industrial (Cambodia) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគជាង ២លានដុល្លារ។
ជុំវិញពីការប្រកាសចុះបញ្ជីនៃគម្រោងវិនិយោគទាំងអស់ខាងលើនេះមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រួមទាំងប្រទេសកម្ពុជា យ៉ាងណាក្តី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗ មកបណ្តាក់ទុន នៅកម្ពុជា ជាបន្តបន្ទាប់ ពោលគឺជារៀងរាល់សប្តាហ៍ តែងតែមានសំណើរសុំវិនិយោគរបស់អ្នកវិនិយោគមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីធ្វើការអនុម័ត។
ឯកឧត្តម សុខ ចិន្តាសោភា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ននូវតែទទួលបានអ្នកវិនិយោគមកស្នើសុំធ្វើការវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ដដែលសម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយនេះ បើទោះបីជាមានការរីគរាតត្បាតនៃជំងឺកូវីដ១៩ នៅបន្តកើតមានក៏ដោយ ប៉ុន្តែនិន្នាការនៃការស្នើសុំវិនិយោគនឹងនៅតែបន្តកើតមានជាហូរហែរដូចកាលពីឆ្នាំ២០១៩ និង ឆ្នាំ២០១៨ផងដែរ។
សូមជម្រាបថា ក្រៅពីគម្រោងវិនិយោគទាំង ៥ ខាងលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន ១២ ដែលមានទុនវិនិយោគសរុបជាង ៥០ លានដុល្លារ និងអាចបង្កើតការងារជាង ៧ ពាន់ កន្លែងផងដែរ កាលពីខែវិច្ឆិកាឆ្នាំ២០២០កន្លងមកនេះ ៕