មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងអ្នកជំនាញ បានអះអាងថា ឱកាសប្រារព្ធរៀបចំពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ នឹងរួមចំណែកទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្ដនៅកម្ពុជាកាន់តែច្រើនឡើង ខណៈបច្ចុប្បន្ន ភ្ញៀវទេសចរមកពីប្រទេសតំបន់អាស៊ាន បានធ្វើដំណើរមកកាន់កម្ពុជាកាន់តែច្រើនឡើង។
ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានកត់សម្គាល់ឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមបើកដំណើរការសេដ្ឋកិច្ច និងសង្គម ពេញលេញឡើងវិញ គួបផ្សំការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរជាបន្តបន្ទាប់ដល់អ្នកដំណើរ កំណើនអ្នកដំណើរដែលចូលមកប្រទេសកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់។ បើតាមឯកឧត្តម តុប សុភ័ក ការរៀបចំពិធីបុណ្យផ្សេងៗ ពិសេសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងកាន់តែបង្កើនឱកាសអាចឲ្យកម្ពុជា ទាក់ទាញទេសចរបន្ថែម ខណៈបច្ចុប្បន្ន សន្ទុះអ្នកដំណើរដែលបានចូលមកកម្ពុជា ភាគច្រើនមកពីតំបន់អាស៊ាន ដូចជា ថៃ វៀតណាម និងឥណ្ឌូនេស៊ី ជាដើម បន្ទាប់ពីនេះ ក៏មានទេសចរមួយចំនួនទៀត មកពីប្រទេសចិន កូរ៉េ ជប៉ុន និងតំបន់អឺរ៉ុបផងដែរ។
ការបង្ហាញនូវសញ្ញាណវិជ្ជមាននៃវិស័យទេសចរណ៍នេះ មិនមែនពឹងផ្អែកតែកំណើននៃទេសចរអន្តរជាតិនោះទេ ខណៈទេសចរផ្ទៃក្នុងក៏មានកំណើនខ្លាំងណាស់ដែរ នៅរយៈពេលត្រីមាសទី១ ក្នុងឆ្នាំ២០២២នេះ។
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានកត់សម្គាល់ឃើញថា វិស័យសណ្ឋាគារ និងផ្ទះសំណាក់ ហាក់មិនទាន់មានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ។ ក៏ប៉ុន្តែ អ្នកជំនាញរូបនេះ បានកត់សម្គាល់ឃើញថា ចាប់ពីដើម ឆ្នាំ២០២២មក វិស័យសណ្ឋាគារ និងផ្ទះសំណាក់ មានការកើនឡើងប្រមាណពី១០% ទៅ២០% បើប្រៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ដោយលោកបញ្ជាក់ទៀតថា ដើម្បីឲ្យវិស័យនេះវិលទៅរកសភាពធម្មតាវិញបាន ទាល់តែវិស័យនេះមានកំណើនចាប់ពី៥០% ឡើងទៅ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ប្រធានសមាគមសណ្ឋាគាររូបនេះ បានបង្ហាញនូវក្ដីរំពឹងខ្ពស់ដែរថា វិស័យនេះនឹងកាន់តែប្រសើរឡើង ដោយសារសម្ទុះភ្ញៀវទេសចរកាន់តែច្រើនចូលមកកម្ពុជា ពិសេសរាជរដ្ឋាភិបាល អនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំឡើងវិញ ផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា បានថមថយ និងបើកសង្គម-សេដ្ឋកិច្ច ឡើងវិញ សន្ទុះនៃអ្នកដំណើរបរទេសចូលមកកម្ពុជា មានការស្ទុះងើបឡើងវិញផងដែរ។ ជាក់ស្ដែង គិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២២ កម្ពុជា ទទួលបានទេសចរបរទេសជាង១៥ម៉ឺននាក់ ដែលមានការកើនឡើងរហូត១១៤% បើប្រៀបធៀបនឹងត្រីមាសទី១ នៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕