រោងចក្រដែលមានសមត្ថភាពផលិតជិត២លានតោនក្នុងមួយឆ្នាំ ឬស្មើប្រមាណ៥ពាន់តោនក្នុងមួយថ្ងៃ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Conch International Holding (HK) Limitedរបស់ចិន និង ក្រុមហ៊ុន Battambang KT Cement Co.,Ltd របស់អ្នកឧកញ៉ា ស៊ី គង់ទ្រីវ ចាប់ដៃគូជាមួយលោកឧកញ៉ា វិញ ហួរ ដែលមានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ថ្លែងក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ង់ត៍នៅខេត្តបាត់ដំបង សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រសាសន៍ថា កម្ពុជាពិតជាមានមោទនភាព ដែលមានលទ្ធភាពបង្កើតឧស្សាហកម្មធុនធ្ងន់ ដូចជា រោងចក្រផលិតស៊ីម៉ងត៍នេះ ហើយរហូតមកដល់បច្ចុប្បន្ន រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៤រាប់ទាំងរោងចក្រនៅបាត់ដំបងនេះ មានសមត្ថភាពផលិតស៊ីម៉ង់ បានសរុបប្រមាណ៧លានតោនក្នុងមួយឆ្នាំ។
សម្ដេចមានប្រសាសន៍ថា៖ «ទាំងអស់នេះ គឺជាតម្រូវការ និង ជាផលចំណេញមួយ សម្រាប់បំពេញតម្រូវការក្នុងស្រុក ដែលបច្ចុប្បន្ន កម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើនក្នុងការសាងសង់ផ្សេងៗ ដូចជា ផ្លូវថ្នល់ សាលារៀន និងសំណង់អគារផ្សេងៗ។ សម្រាប់រោងចក្រនេះ មួយឆ្នាំអាចផលិតបានប្រមាណជា២លានតោន គឺអាចផ្គត់ផ្គង់ត្រឹមតែខេត្តមួយចំនួននៅតំបន់នេះតែប៉ុណ្ណោះ ដូចជា ខេត្តបាត់ដំបងខ្លួនឯង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឬសៀមរាប ប៉ុន្ដែ មិនអាចបំពេញគ្រប់គ្រាន់តាមតម្រូវការនៅខេត្តផ្សេងៗបានឡើយ។ ដូច្នេះត្រូវតែមានការបង្កើតបន្ថែមទៀត។ ហើយកម្ពុជាមិនត្រឹមតែមានបំណង ផលិតស៊ីម៉ងត៍សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះនោះទេ តែយើងនឹងមានបំណងផលិតនាំចេញទៅកាន់ទីផ្សារក្រៅស្រុកផងដែរ»៕